តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងការប្រឈមជាមួយនឹងការបង្កើនកម្លាំងយោធាទ្រង់ទ្រាយធំរបស់ប្រទេសរុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួនជាប់ប្រទេសអ៊ុយក្រែន និងនៅក្នុងអំឡុងពេលកិច្ចពិភាក្សាការទូតរវាងប្រទេសរុស្ស៊ី និងបណ្ដាប្រទេសជាសមាជិកនៃអង្គការអូតង់ (NATO) ដើម្បីព្យាយាមបន្ធូរបន្ថយវិបត្តិនេះ គេឃើញមានបញ្ហាខ្វែងគំនិតគ្នាខ្លាំងមួយ។ បញ្ហានោះ គឺលទ្ធភាពរបស់ប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុបខាងកើត នៅក្នុងការចូលជាសមាជិកអង្គការអូតង់។
បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីស្ដីពីស្ថិរភាពយុទ្ធសាស្ត្រមក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយថា៖ «ចំណុចសំខាន់បំផុត គឺថា ប្រទេសអ៊ុយក្រែន មិនអាចចូលជាសមាជិករបស់អង្គការអូតង់ដាច់ខាតនៅពេលអនាគត។ ទាំងប្រទេសអ៊ុយក្រែន និងប្រទេសហ្សកហ្ស៊ី មិនអាចក្លាយជាសមាជិករបស់អង្គការអូតង់បានឡើយ»។
សម្រាប់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman ដែលជាអ្នកដឹកនាំគណៈប្រតិភូរបស់សហរដ្ឋអាមេរិកវិញ អ្នកស្រីបានបញ្ជាក់បន្ទាប់ពីកិច្ចពិភាក្សានោះថា នេះមិនមែនជាបញ្ហានោះទេ និងមិនគួរលើកឡើងទាល់តែសោះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់បង្អាក់គោលនយោបាយ «ចំហទ្វារ» របស់អង្គការអូតង់នោះឡើយ ដែលគោលនយោបាយនេះតែងតែជាចំណុចស្នូលរបស់អង្គការអូតង់»។
អ្នកស្រីបានបន្ថែមដូច្នេះថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា យើងមិនធ្វើសេចក្ដីសម្រេចចិត្តជំនួសប្រទេសណាមួយនោះទេ។ យើងនឹងមិនយល់ស្របចំពោះការលើកឡើងដែលថា ប្រទេសណាមួយ គួរមានសិទ្ធិវេតូជំទាស់ប្រទេសណាមួយផ្សេងទៀតនោះឡើយ ទាក់ទិននឹងការចូលជាសមាជិករបស់អង្គការអូតង់»។
នៅក្នុងការថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលកិច្ចពិភាក្សាការទូតជាច្រើនកាលពីសប្ដាហ៍មុនចូលមកដល់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានហៅការប៉ុនប៉ងរបស់ប្រទេសរុស្ស៊ីនៅក្នុងការដាក់កំហិតលើការពង្រីកសមាជិកភាពរបស់អង្គការអូតង់ថាជាផ្នែកមួយនៃ «ការរៀបរាប់មិនពិត»។
លោក Blinken បានថ្លែងដូច្នេះថា៖ «អង្គការអូតង់មិនដែលសន្យាថានឹងមិនទទួលយកសមាជិកថ្មីនោះទេ។ អង្គការអូតង់មិនអាចធ្វើដូច្នេះនិងមិនធ្វើដូច្នេះនោះឡើយ។ «គោលនយោបាយចំហទ្វារ» គឺជាចំណុលស្នូលមួយនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើងឆ្នាំ ១៩៤៩ ដែលបានបង្កើតអង្គការអូតង់ឡើង។ ...ការចូលជាសមាជិកនៅក្នុងអង្គការអូតង់គឺតែងតែជាការសម្រេចចិត្តរវាងអង្គការអូតង់និងបណ្ដាប្រទេសដែលចង់ចូលជាសមាជិក គឺគ្មានភាគីផ្សេងក្រៅពីនេះទេ»។
លោករដ្ឋមន្ត្រី Blinken បានបន្ថែមថា នៅក្នុងធម្មនុញ្ញក្រុង Istanbul ស្ដីពីសន្តិសុខអឺរ៉ុប ដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ ១៩៩៩ «ប្រទេសរុស្ស៊ីខ្លួនឯងផ្ទាល់បានអះអាងទទួលស្គាល់សិទ្ធិរបស់ប្រទេសនានានៅក្នុងការជ្រើសរើសឬក៏ផ្លាស់ប្ដូរការរៀបចំចាត់ចែងផ្នែកសន្តិសុខដែលពួកគេមាន ដែលក្នុងនោះមានទាំងសម្ព័ន្ធភាពនានាផងដែរ»។
ជាងនេះទៀត លោក Blinken បានចង្អុលបង្ហាញថា «ឥឡូវនេះ ប្រទេសរុស្ស៊ីកំពុងទាមទារឱ្យសហរដ្ឋអាមេរិកនិងអង្គការអូតង់ចុះហត្ថលេខាលើសន្ធិសញ្ញានានាដើម្បីដកចេញនូវកងកម្លាំងអង្គការអូតង់ដែលកំពុងឈរជើងនៅក្នុងដែនដីរបស់បណ្ដាប្រទេសជាសមាជិកអង្គការអូតង់នៅតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត និងដើម្បីហាមឃាត់ប្រទេសអ៊ុយក្រែនមិនឱ្យចូលជាសមាជិកអង្គការអូតង់»។
នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រី Blinken បាននិយាយថា គោលបំណងមួយរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «គឺដើម្បីដាក់ឥទ្ធិពលឡើងវិញលើបណ្ដាប្រទេសដែលពីមុនគឺជាផ្នែកមួយនៃសហភាពសូវៀត។ ...ការធ្វើដូច្នេះគឺមិនអាចទទួលយកបាននោះទេ។ ការធ្វើដូច្នេះគឺជាហេតុផលដែលនឹងនាំឱ្យមានអស្ថិរភាព ជម្លោះ និងសង្គ្រាមលោក។ យើងនឹងមិនត្រឡប់ទៅរកស្ថានភាពបែបនេះឡើងវិញឡើយ»៕