បទវិចារណកថា៖ ពួកអ្នកវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​អាក្រក់​របស់​ប្រទេស​ចិន ត្រូវ​ប្រឈមនឹង​ផលវិបាក

រូបឯកសារ៖ ការព្រមាន​ចេញ​នៅលើ​អេក្រង់​ដែល​ត្រូវបាន​រាយការណ៍​ថា បាន​រង​ការវាយប្រហារ​តាម​អ៊ីនធឺណេត ដែល​ថត​ដោយ​អ្នកប្រើប្រាស់​កុំព្យូទ័រ​ម្នាក់​នៅ​កោះតៃវ៉ាន់ ត្រូវបាន​គេឃើញ​នៅ​លើ​កុំព្យូទ័រ​យួរដៃ​មួយ​គ្រឿង​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​និង​ប្រទេ​ស​នានា​ទូទាំងពិភពលោក ​បានចោទ​ប្រកាន់​សាធារណរដ្ឋប្រជាមានិត​ចិន​ ​(PRC) ​ថា បានធ្វើ និង​ចូលរួមក្នុងសកម្ម​ភាពអាក្រក់ក្នុងប្រព័ន្ធ​អ៊ីនធឺណឺត​ ដោយ​មានរួម​បញ្ចូលការ​វាយ​ប្រហារ​ដោយកម្មវិធី​ ransomware សម្រាប់​ជំរិតយក​ប្រាក់​ ការលួចសម្បត្តិ​ខាង​បញ្ញា ​និង​ព័ត៌មាន​ដែល​ផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ឱ្យ​ក្រុមហ៊ុនចិន។

សហរដ្ឋ​អាមេរិក​ខ្វល់​ខ្វាយ​យ៉ាងខ្លាំងថា សាធារណរដ្ឋប្រជាមានិត​ចិន​ បាន​គាំទ្រសហគ្រាសស៊ើបការ​សម្ងាត់​មួយ​ដែល​មានរួម​បញ្ចូល​ពួកអ្នកស៊ីឈ្នួល​វាយចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ឬ hackers ដែល​ធ្វើ​សកម្មភាព​ដោយគ្មាន​ការ​អនុញ្ញាត​នៅ​ទូទាំ​ង​ពិភពលោក ដោយ​មានរួម​ទាំងការ​ស្វែងរក​លុយកាក់​ផ្ទាល់​ផ្លូន​ផង​ដែរ។ អាកប្បកិរិយា​គ្មានការទទួល​ខុស​ត្រូវ​របស់​ប្រទេស​ចិន ក្នុង​វិស័យ​អ៊ីនធឺណិត មិនសក្តិសម​នឹងគោលដៅរបស់​ប្រទេសនេះ​ដែល​បាន​ប្រកាស​ថា​ ចង់ឱ្យ​គេ​ឃើញ​ថា ​ខ្លួន​ជាមេដឹកនាំ​មានការ​ទទួល​ខុស​ត្រូវមួយ​ក្នុង​ពិភពលោក​នោះ។

​ជា​ឧទាហរណ៍​មួយនៃ​ការលូចសម្បត្តិខាងបញ្ញា​និង​ការលូចព័ត៌មាន ​គណៈវិនិច្ឆ័យ​ពិសេស​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ក្នុងក្រុង San Diego រដ្ឋ California បានចោទ​ប្រកាន់នៅមុខ​តុលាការ​ជនជាតិ​ចិនបួន​នាក់ និង​ជាអ្នក​ស្រុក​ចិន​កាលពី​ខែ​ឧសភា​ថា​ បានធ្វើ​យុទ្ធនាការ​លួច​ចូល​ក្នុងប្រព័ន្ធ computer នៃក្រុម​ហ៊ុន សាកលវិទ្យាល័យ​និងអង្គភាព​រដ្ឋាភិបាលរាប់សិបក្នុង​សហរដ្ឋ​អាមេរិក​ និងប្រទេស​ក្រៅ​ឯ​ទៀតៗនៅចន្លោះឆ្នាំ​២០១១ ដល់​ឆ្នាំ២០១៨។

ការចោទ​ប្រកាន់​នេះ​ដែល​ត្រូវ​បានលាតត្រដាង​ដោយក្រសួងយុត្តិធម៌​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី១៦ ខែកក្កដា ​ចែង​ថា ការវាយ​ប្រហារ​ទាំង​នេះ​ ភាគច្រើនផ្តោត​លើការប្រមូល​ព័ត៌មាន​ដែល​អាច​ផ្តល់​ប្រយោជន៍ដល់ក្រុមហ៊ុននិង​វិស័យពាណិជ្ជកម្ម​ចិន។ ការ​រួម​គំនិត​ប្រព្រឹត្តអំពើទុច្ចរិតនេះ ​ផ្តោត​ជា​ពិសេស​លើ​ព័ត៌មាន​ដែល​អាច​ឱ្យចៀសពី​ដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍ដ៏​យូរ ​និង​អស់សោហ៊ុយ​ច្រើន។

ឈ្មោះ​ Ding Xiaoyang, Cheng Qingmin និង Zhu Yunmin ជា​មន្ត្រីនៃ​មន្ទីរសន្តិសុខរដ្ឋ​របស់​ខេត្ត​ Hainan ដែល​ជា​សាខា​ខេត្តនៃ​ក្រសួងសន្តិសុខ​រដ្ឋរបស់ប្រទេស​ចិន​ដែល​សម្របសម្រួល​ការ​ងារ និង​ចាត់​ចែងពួកលួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ និងពួក​អ្នក​ចេះច្រើនភាសា​នៅក្នុងក្រុមហ៊ុនជួរមុខរបស់​ក្រសួងនេះ​ដើម្បីលួចចូល​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់ផល​ប្រយោជន៍នៃប្រទេស​ចិននិង​ទីភ្នាក់ងាររបស់​រដ្ឋ​ផ្សេងៗ​ព្រមទាំង​ស្ថាប័នទាំងឡាយ​ដែល​ឧបត្ថម្ភដោយ​រដ្ឋ។ ឈ្មោះ​ Wu Shurong ជា​អ្នក​លួច​ចូល​ប្រព័ន្ធ​ computer ម្នាក់ដែល​បានបង្កើតកម្មវិធី malware និង​បាន​លួចចូល​ក្នុង​ប្រព័ន្ធ​ computer​ ក្រុមហ៊ុន​ និង​សាកលវិទ្យាល័យ​បរទេស ហើយមើល​ការខុស​ត្រូវ​លើពួក hackers ឯទៀតៗរបស់​ក្រុមហ៊ុន Hainan Xiandun។

យុទ្ធនាការលួចចូល​អ៊ីនធឺណិត​នេះ​ សំដៅ​ទៅលើ​ទី​ដៅ​ក្នុង​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី​ កម្ពុជា កាណាដា អាល្លឺម៉ង់ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី ន័រវែស អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិក​ខាង​ត្បូង ស្វីស ​និងចក្រភព​អង់គ្លេស។

ការវាយ​ប្រហារ​តាម​ប្រព័ន្ធអ៊ីនធឺណិត​ទាំង​នេះ ​មានធ្វើឡើងទោះជា​មានកិច្ចព្រមព្រៀងមួយ​កាលពី​ឆ្នាំ២០១៥ ​រវាងសហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​ចិន ដើម្បី​ទប់​ទល់នឹងការលួចទាក់​ទិននឹង​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏ដោយ។

លោកស្រី​ Lisa O. Monaco អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា «ការចោទប្រកាន់ពីបទព្រហ្មទណ្ឌទាំង​នេះ​បង្ហាញឱ្យ​ឃើញ​ទៀត​ថា ប្រទេស​ចិននៅ​តែ​បន្ត​ធ្វើការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​លួចអ្វីៗដែល​ប្រទេសឯ​ទៀតៗ​ផលិតដោយមិន​អើ​ពើ​ដល់ការប្តេជ្ញា​ទ្វេភាគី និងពហុភាគីរបស់​ខ្លួន​ឡើយ»។

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken បាន​មានប្រសាសន៍​ថា «ដូចដែលមានភ័ស្តុតាងដោយ​ការចោទប្រកាន់នៅ​ចំពោះ​មុខតុលាការនូវ​មន្ត្រីបីនាក់​នៃក្រសួងសន្តិសុខ​រដ្ឋនៃ​ប្រទេស​ចិននិងអ្នកស៊ីឈ្នួល​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត ម្នាក់​របស់​ពួក​គេ សហរដ្ឋ​អាមេរិក​នឹងដាក់ឱ្យ​មានផល​វិបាកលើ​ពួក​អ្នកលួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត អាក្រក់​ៗ​ចំពោះ​អាកប្បកិរិយាគ្មានការទទួល​ខុស​ត្រូវ​របស់ពួក​គេ​ក្នុង​វិស័យ​អ៊ីនធឺណិត»៕