Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​ក្រុម​ប្រទេស G-7 តតាំង​នឹង​ពលកម្ម​ដោយ​បង្ខំ ការគំរាមកំហែង​តាម​អ៊ីនធឺណិត និង​អំពើ​ពុករលួយ


រូបឯកសារ៖ មេដឹកនាំ​ពិភពលោក ថតរូប​ជុំគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល G-7 នៅ​ប្រទេស​អង់គ្លេស។
រូបឯកសារ៖ មេដឹកនាំ​ពិភពលោក ថតរូប​ជុំគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល G-7 នៅ​ប្រទេស​អង់គ្លេស។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​បណ្ដា​មេដឹកនាំ​មកពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ដែល​គេ​ស្គាល់​ថា G-7 បាន​ប្រកាស​អំពី​ការ​តាំងចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សាកល ការ​គំរាមកំហែង​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត និង​អំពើ​ពុករលួយ។

សហរដ្ឋ​អាមេរិក​និង​ដៃគូ​របស់​ខ្លួន​នៃ​ក្រុម​ប្រទេស G-7 នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​គ្រប់​ទម្រង់​ទាំង​អស់​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សាកល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ពលកម្ម​ដោយ​បង្ខំ​ដែល​ជ្រោមជ្រែង​ដោយ​រដ្ឋ​លើ​ក្រុម​ងាយ​រងគ្រោះ​ផងដែរ​ដូចជា​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) និង​ក្រុម​ជាតិ​សាសន៍​ភាគ​តិច ​និង​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ Xinjiang ប្រទេស​ចិន ជាដើម។

វិស័យ​កសិកម្ម វិស័យ​ថាមពល​ព្រះអាទិត្យ និង​វិស័យ​កាត់ដេរ គឺជា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ចម្បង​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​តំបន់ Xinjiang។ មេដឹកនាំ​នានា​ បាន​យល់ស្រប​លើ​សារៈសំខាន់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​បាន​ប្ដេជ្ញា​ការពារ​បុគ្គល​នានា​ពី​ពលកម្ម​ដោយ​បង្ខំ។

បន្ថែម​ពី​លើ​នេះ​ទៀត បណ្ដា​ប្រទេស​នៃ​ក្រុម​ប្រទេស G-7 បាន​តាំង​ចិត្ត​រួម​គ្នា​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ពី​បណ្ដាញ​ឧក្រិដ្ឋ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត។

កន្លង​មក គេ​ឃើញ​មាន​ការ​យាយី​តាម​អ៊ីនធឺណិត​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន​ផលិតកម្ម​និង​អេឡិចត្រូនិក និង​មន្ទីរពេទ្យ​របស់​ក្រុម​ប្រទេស G-7 និង​ប្រទេស​ផ្សេងៗ​ទៀត។

សហគ្រាស​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ឆ្លង​ប្រទេស​មាន​ឥទ្ធិពល​លើ​ហេដ្ឋារចនាសម្ព័ន្ធ រូបិយប័ណ្ណ​អេឡិចត្រូនិក និង​បណ្ដាញ​លាង​លុយ​កខ្វក់ និង​ដៅ​គោលដៅ​លើ​ជន​រងគ្រោះ​នៅ​ទូទាំង​ពិភពលោក។

ទាំង​រដ្ឋាភិបាល​និង​ទាំង​វិស័យ​ឯកជន​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធានា​ថា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​អាច​ទប់ទល់​ជាមួយ​នឹង​ការ​គំរាមកំហែង​នេះ​បាន។

ជាង​នេះ​ទៀត សកម្មភាព​ព្យាបាទ​តាម​អ៊ីនធឺណិត​ត្រូវតែ​មាន​ការ​ស៊ើប​អង្កេត​និង​កាត់ទោស ហើយ​ការ​ការពារ​រួម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវតែ​បង្កើត​ឡើង។ ប្រទេស​នីមួយៗ​ក៏​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ទង្វើ​ឧក្រិដ្ឋ​នេះ ​ដែល​កើតឡើង​នៅ​ក្នុង​រង្វង់​ព្រំដែន​របស់​ខ្លួន​ផងដែរ។

ក្រុម​ប្រទេស G-7 ក៏​បាន​ឯកភាព​គ្នា​ផងដែរ​នៅ​ក្នុង​ការ​ចាត់​វិធានការ​រួម​ដើម្បី​កម្ចាត់​អំពើ​ពុករលួយ។ កាលពី​ពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី Biden បាន​ប្រកាស​ថា កិច្ច​ប្រឹងប្រែង​ទប់ទល់​នឹង​អំពើ​ពុករលួយ​ គឺជា​ស្នូល​នៃ​ប្រយោជន៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​បាន​ចេញ​ផ្សាយ​នូវ​អនុស្សរណៈ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​សន្តិសុខ​ជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ (National Security Study Momorandum on the Fight Against Corruption) ដើម្បី​លើក​កម្ពស់​កិច្ចការ​ដ៏​សំខាន់​នេះ។

អំពើ​ពុករលួយ​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​សាធារណៈ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​សូវ​មាន​ប្រសិទ្ធភាព ខ្ជះខ្ជាយ​ធនធាន​សាធារណៈ និង​ស៊ីរូង​គ្រឹះ​របស់​សង្គម​ប្រជាធិបតេយ្យ។ ជាង​នេះ​ទៀត អំពើ​ពុករលួយ​បណ្ដាល​ឲ្យ​មាន​ការ​ខាតបង់​ច្រើន​ដល់​សេដ្ឋកិច្ច និង​មិន​យុត្តិធម៌​ចំពោះ​ពលរដ្ឋ។

រួម​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ប្រទេស G-7 ដែល​ជា​ដៃគូ​របស់​ខ្លួន សហរដ្ឋ​អាមេរិក​នឹង​ដោះស្រាយ​បញ្ហា​ប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​ក្រុមហ៊ុន​អសកម្ម​ដែល​មាន​តែ​ឈ្មោះ ដាក់​កំហិត​លើ​លទ្ធភាព​របស់​តួអង្គ​អាក្រក់​ដែល​ចង់​ប្រើ​លុយ​មិន​ស្អាតស្អំ​ទិញ​អចលនទ្រព្យ កែលម្អ​ការ​ចែកចាយ​ព័ត៌មាន​ទាក់ទិន​នឹង​អំពើ​ពុករលួយ និង​កែទម្រង់​ជំនួយ​បរទេស​ដោយ​ផ្ដោត​អាទិភាព​សំខាន់​លើ​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​តាំងចិត្ត​របស់​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ការ​ចាត់​វិធានការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

ដូច​ដែល​លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ដូច្នេះ​ដែរ «សហរដ្ឋ​អាមេរិក​ត្រឡប់​មក​ដឹកនាំ​ពិភពលោក​ជា​ថ្មី រួម​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា​ដែល​ប្រកាន់​ខ្ជាប់​នូវ​គុណតម្លៃ​ជ្រាលជ្រៅ​ដូច​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG