បទវិចារណកថា៖ លោក Blinken និង​ក្រុម​ប្រទេស G-7 ឯកភាព​គ្នា​គាំទ្រ​អ៊ុយក្រែន

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (កណ្តាល) ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 ចូលរួម​សម័យ​ប្រជុំ​ស្តីពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នៅ​ទីក្រុង Muenster ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​ថា តាំងពី​ខែ​កុម្ភៈ​មក បណ្ដា​ប្រទេស​នៃ​ក្រុម​ប្រទេស G-7 បាន​ដឹកនាំ​សម្ព័ន្ធភាព​នៃ​ក្រុម​សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​នៅ​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​ប្រទេស​អ៊ុយក្រែន ខណៈពេល​ដែល​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ដាក់​ទណ្ឌកម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក​និង​ដាក់​កំហិត​លើ​ការ​នាំចេញ ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​សមត្ថភាព​របស់​យោធា​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម។ កិច្ច​ប្រឹងប្រែង​ទាំង​នេះ ដែល​សម្របសម្រួល​ភាគ​ច្រើន​តាម​រយៈ​ក្រុម​ប្រទេស G-7 បាន​ពង្រឹង​សមត្ថភាព​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​និង​ធ្វើ​ឱ្យ​សមត្ថភាព​របស់​រុស្ស៊ី​ចុះខ្សោយ។ កិច្ច​ប្រឹងប្រែង​ទាំង​នេះ​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ផង​ដែរ​ដែល​អ៊ុយក្រែន​មាន​សន្ទុះ​ទៅ​មុខ​នៅ​ក្នុង​សង្គ្រាម​នេះ»។

ក្រុម​ប្រទេស G-7 ក៏​កំពុង​ធ្វើការ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អ្នកណា​ដែល​គាំទ្រ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នេះ​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ដូចជា​ប្រទេស​អ៊ីរ៉ង់​ជាដើម ដែល​ដ្រូន​ប្រយុទ្ធ​របស់​ប្រទេស​នេះ​កំពុង​សម្លាប់​ជន​ស៊ីវិល​និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​ប្រទេស​អ៊ុយក្រែន ហើយ​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Crimea កំពុង​ជួយ​រុស្ស៊ី​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ទាំង​នេះ។

ក្រុម​ប្រទេស G-7 កំពុង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​និង​មនុស្សធម៌​ដល់​ប្រទេស​អ៊ុយក្រែន ស្រប​ពេល​ដែល​រុស្ស៊ី​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ថាមពល​សំខាន់​របស់​អ៊ុយក្រែន​ប្រហែល ៤០% ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បណ្ដាញ​អគ្គិសនី​ដែល​ជា​ផ្នែក​សំខាន់​បំផុត​នៅ​ក្នុង​ការ​ផ្ដល់​កម្ដៅ​នៅ​ក្នុង​រដូវ​រងា​ខាង​មុខ​នេះ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «ប្រធានាធិបតី​រុស្ស៊ី​លោក Putin ហាក់​ដូចជា​បាន​សម្រេច​ចិត្ត​ថា ប្រសិនបើ​លោក​មិន​អាច​ដណ្ដើម​គ្រប់គ្រង​ប្រទេស​អ៊ុយក្រែន​បាន​តាម​រយៈ​ការ​ប្រើ​កម្លាំង លោក​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ប្រទេស​អ៊ុយក្រែន​គាំង​ដំណើរ​រហូត​ព្រម​ទទួល​យក​ការ​គ្រប់គ្រង​របស់​រុស្ស៊ី»។

ក្រុម​ប្រទេស G-7 បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​សម្របសម្រួល​ថ្មី​មួយ​ដើម្បី​ជួយ​ជួសជុល ស្ដារ និង​ការពារ​បណ្ដាញ​ថាមពល​របស់​ប្រទេស​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី Blinken បាន​កត់​សម្គាល់​ថា សមាជិក​នីមួយៗ​នៃ​ក្រុម​ប្រទេស G-7 កំពុង​លះបង់​ដើម្បី​បន្ត​និរន្តរភាព​នៃ​ការ​គាំទ្រ​ដ៏​សំខាន់​នេះ។ ជា​ឧទាហរណ៍ សម្រាប់​ផ្នែក​ថាមពល សហរដ្ឋ​អាមេរិក​បាន​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​ចំនួន ៦០ ពាន់​លាន​ម៉ែត្រ​គូប​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

លោក Blinken បាន​បញ្ជាក់​ថា៖ «បរិមាណ​នៃ​ការ​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​របស់​សហរដ្ឋ​អាមេរិក​នេះ​មាន​ចំនួន​ជិត​ពីរ​ដង​កន្លះ​នៃ​បរិមាណ​ដែល​សហរដ្ឋ​អាមេរិក​បាន​នាំចេញ​កាលពី​ឆ្នាំ ២០២១ ហើយ​វា​នឹង​ផ្ដល់​ជូន​ប្រទេស​មិត្តភក្ដិ​របស់​សហរដ្ឋ​អាមេរិក​នូវ​ការ​បម្រុង​ទុក​ដ៏​សំខាន់​នៅ​ពេល​រដូវ​រងា​ឈាន​ចូល​មក​ដល់»។

បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នាំមុខ​នានា​នៅ​លើ​ពិភពលោក​បន្ត​ធ្វើការ​រួម​គ្នា​ដើម្បី​គាំទ្រ​និង​ការពារ​ប្រទេស​អ៊ុយក្រែន ស្រប​ពេល​ដែល​ប្រទេស​នេះ​ប្រយុទ្ធ​តតាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី៕