តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អាជ្ញាធរដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ីបានរៀបចំការបោះឆ្នោតប្រជាមតិក្លែងក្លាយនៅក្នុងតំបន់ ៤ ក្នុងប្រទេសអ៊ុយក្រែនកាលពីខែកញ្ញាកន្លងទៅនេះ ដែលតំបន់ទាំង ៤ នោះគឺតំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និងតំបន់ Zaporizhzhia។
រដ្ឋាភិបាលរុស្ស៊ីបានដាក់បញ្ចូលជាផ្លូវការនូវតំបន់ទាំង ៤ នេះជាផ្នែកមួយរបស់ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ បើទោះបីជាប្រទេសរុស្ស៊ីមិនមែនគ្រប់គ្រងទាំងស្រុងលើតំបន់ទាំងនេះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោស «ការធ្វើប្រជាមតិក្លែងក្លាយរបស់រដ្ឋាភិបាលរុស្ស៊ី» នេះ ដោយបានហៅការធ្វើប្រជាមតិទាំងនេះថាជា «កិច្ចប្រឹងប្រែងអសារបង់ដើម្បីបិទបាំងលើអ្វីដែលជាការប៉ុនប៉ងបន្ថែមទៀតនៅក្នុងការដណ្ដើមទឹកដីរបស់ប្រទេសអ៊ុយក្រែន»។
លោក Blinken បានបន្ថែមថា ជាការពិត «លទ្ធផល [នៃការធ្វើប្រជាមតិទាំងនេះ] គឺត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងមូស្គូនិងមិនបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈរបស់ប្រជាពលរដ្ឋអ៊ុយក្រែននោះទេ»។
លោកបានបញ្ជាក់បន្តថា៖ «សហរដ្ឋអាមេរិកមិនទទួលស្គាល់ជាដាច់ខាតនូវភាពស្របច្បាប់ឬក៏លទ្ធផលនៃការធ្វើប្រជាមតិក្លែងក្លាយទាំងនេះ ឬក៏ការភ្ជាប់យកដោយចេតនារបស់ប្រទេសរុស្ស៊ីនូវដែនដីរបស់ប្រទេសអ៊ុយក្រែន»។
ការប៉ុនប៉ងរបស់ប្រទេសរុស្ស៊ីនៅក្នុងការភ្ជាប់យកដែនដីរបស់ប្រទេសអ៊ុយក្រែនរំលោភលើច្បាប់អន្តរជាតិ និងជាការប្រមាថមើលងាយដល់គោលការណ៍សន្តិភាពនិងសន្តិសុខអន្តរជាតិ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «ប្រទេសរុស្ស៊ីបានបង្ខំប្រជាពលរដ្ឋភាគច្រើននៅក្នុងតំបន់ដែលខ្លួនបានដណ្ដើមកាន់កាប់ឱ្យរត់គេចចេញ និងបង្ខំពលរដ្ឋអ៊ុយក្រែនដែលនៅបន្តរស់នៅក្នុងតំបន់ទាំងនោះឱ្យបោះឆ្នោតនៅក្រោមការគំរាមសម្លាប់ នៅក្រោមការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ពួកគេនិងមនុស្សជាទីស្រឡាញ់របស់ខ្លួន»។
លោកបានលើកឡើងបន្តថា៖ «ប្រជាពលរដ្ឋអ៊ុយក្រែនបានបង្ហាញយ៉ាងជាប់លាប់នូវបំណងប្រាថ្នារបស់ពួកគេដែលចង់បានអនាគតមួយដែលមានលក្ខណៈសេរីនិងប្រជាធិបតេយ្យ។ ទាហានអ៊ុយក្រែនបានប្រយុទ្ធដោយអង់អាចក្លាហាន ហើយពលរដ្ឋនៅក្នុងតំបន់ដែលត្រួតត្រាដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកំពុងប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីដែលចង់ឱ្យមានការផ្លាស់ប្ដូរព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសអ៊ុយក្រែនតាមរយៈការប្រើកម្លាំងទាំងកំរោល»។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននឹងបន្តជួយជ្រោមជ្រែងប្រទេសអ៊ុយក្រែននៅក្នុងការប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួនប្រឆាំងនឹងភាពគឃ្លើនរបស់ប្រទេសរុស្ស៊ី។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា៖ «យើងគាំទ្រអស់ពីដួងចិត្តដល់សាមគ្គីភាព អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែននៅក្នុងរង្វង់ព្រំដែនរបស់ខ្លួនដែលទទួលស្គាល់ដោយអន្តរជាតិ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា៖ «យើងនឹងមិនទទួលស្គាល់ជាដាច់ខាតនូវតំបន់ទាំងនេះជាផ្នែករបស់ប្រទេសណាមួយក្រៅពីប្រទេសអ៊ុយក្រែន ហើយយើងនឹងគាំទ្រប្រទេសអ៊ុយក្រែនរហូតមិនថាយូរប៉ុណ្ណានោះទេ»។
លោកប្រធានាធិបតី Biden ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិកនឹង «ដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរឱ្យបានឆាប់បន្ថែមទៀតលើប្រទេសរុស្ស៊ី»។
សហរដ្ឋអាមេរិកឈរជាមួយនឹងដៃគូរបស់ខ្លួននៅជុំវិញពិភពលោកដើម្បីច្រានចោលលទ្ធផលប្រឌិតឡើងដែលរុស្ស៊ីបានប្រកាសទាំងនេះ។
លោក Biden បានប្រកាសដូច្នេះថា៖ «យើងនឹងបន្តគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែននិងផ្ដល់ដល់ពួកគេនូវជំនួយផ្នែកសន្តិសុខដើម្បីជួយពួកគេការពារខ្លួន នៅពេលដែលពួកគេតតាំងយ៉ាងអង់អាចក្លាយហានប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»៕