តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកប្តេជ្ញាចាត់ចែងទំនាក់ទំនងរបស់ខ្លួនជាមួយសាធារណរដ្ឋប្រជាមានិតចិនដោយការទទួលខុសត្រូវ ដោយប្រើការទូត និងបើកឱ្យមានការទាក់ទងគ្នាជាចំហ។
ដើម្បីឱ្យសម្រេចគោលដៅនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយសមភាគីចិនរបស់លោកគឺលោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋរយៈពេល៥ម៉ោងនៅខាងក្រៅសន្និសីទក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G-20 កាលពីពេលថ្មីៗនេះនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។
បន្ទាប់ពីជំនួបនោះ លោករដ្ឋមន្ត្រី Blinken បាននិយាយប្រាប់ពួកអ្នកកាសែតថា លោក និងលោក Wang Yi បានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់និងបញ្ហាសាកលដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ដោយមានរួមបញ្ចូលសង្គ្រាមគ្មានការបង្ករឿងរបស់អាជ្ញាធរវិមានក្រឹមឡាំងប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ អស់លោកក៏បានពិភាក្សាគ្នាដែរអំពីវិស័យនានាដែលកិច្ចសហប្រតិបត្តិការជាងមុនរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហរដ្ឋអាមេរិកគួរអាចធ្វើបានដូចជាវិបត្តិធាតុអាកាស សន្តិសុខស្បៀង សុខភាពសាកល និងការប្រឆាំងនឹងគ្រឿងញៀនស្រវឹងជាដើម។
លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា មេដឹកនាំពីរនាក់នេះ បាន ពិភាក្សាគ្នាអំពីវិស័យគ្មានការយល់ស្របគ្នាផងដែរ ដោយមានរួមបញ្ចូលវោហាសាស្ត្របង្ករឿងនិងសកម្មភាពមានច្រើនជាងមុនដល់តៃវ៉ាន់ ការបង្ក្រាបសេរីភាពដោយសាធារណរដ្ឋ PRC នៅក្រុងហុងកុង ការបង្ខំឱ្យធ្វើការជាទម្ងន់ ការធ្វើបាបក្រុមជនអំបូរភាគតិច និងក្រុមសាសនាភាគតិចនៅដែនដីទីបេត៍ និងការប្រល័យពូជសាសន៍នៅតំបន់ Xinjiang។
លោករដ្ឋមន្ត្រី Blinken ក៏បាននិយាយដែរថា លោកបានពិភាក្សាជាមួយលោកសមាជិកក្រុមប្រឹក្សារដ្ឋ Wang អំពីកង្វល់របស់ស.រ.អ.ស្តីពីការសម្របរបស់សាធារណរដ្ឋប្រជាមានិតចិនជាមួយរុស្ស៊ី ទោះជាមានសង្គ្រាមដ៏សាហាវរបស់វិមានក្រឹមឡាំងប្រឆាំងនឹងប្រទេសអ៊ុយក្រែនក៏ដោយ។ លោកបានប្រកាសថា «អ្វីដែលលោកអ្នកបានឮពីក្រុងប៉េកាំងគឺថា រដ្ឋាភិបាលចិនបានអះអាងថាខ្លួនប្រកាន់ជំហរអព្យាក្រឹត។ វាជាការពិបាកឋិតនៅអព្យាក្រឹតនៅពេលមានការឈ្លានពាននេះ។ មានប្រទេសឈ្លានពានមួយដោយច្បាស់លាស់។ មានប្រទេសរងគ្រោះមួយដោយជាក់ច្បាស់។ មានឧបសគ្គជាក់លាក់មួយ មិនមែនតែដល់ជីវិតនិងជីវភាពប្រជារាស្ត្រអ៊ុយក្រែនប៉ុណ្ណោះទេ តែជាឧបសគ្គមួយដល់សណ្តាប់ធ្នាប់អន្តរជាតិដែលប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវតែប្រព្រឹត្តតាម»។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា សកម្មភាពទាំងនេះរបស់សាធារណរដ្ឋ PRC បង្ហាញឱ្យឃើញថា ខុសពីការអះអាងដែលថា ខ្លួននៅអព្យាក្រឹត រដ្ឋាភិបាលប៉េកាំងនិងក្រុងម៉ូស្គូបានប្រកាសអំពី«ភាពដៃគូគ្មានកម្រិតរបស់ពួកគេ»នៅពេលរុស្ស៊ីប្រមូលកងទ័ពដាក់តាមព្រំដែនប្រទេសអ៊ុយក្រែន នៅខែមិថុនា លោកប្រធានាធិបតី Xi បានបញ្ជាក់ជាថ្មីថា លោកប្រកាន់តាមសេចក្តីសម្រេចចិត្តនេះ។ បន្ថែមលើនេះ រដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តគាំទ្ររុស្ស៊ីក្នុងអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិឯទៀតៗ ហើយរដ្ឋាភិបាលប៉េកាំងបានបន្លឺបន្តការឃោសនារបស់រុស្ស៊ីនៅទូទាំងពិភពលោក។
លោករដ្ឋមន្ត្រី Blinken បានចាត់ទុកជំនួបជាមួយសមាជិកទីប្រឹក្សារដ្ឋលោក Wang ថា «មានប្រយោជន៍និងប្រកបដោយការស្ថាបនា»។ តែយ៉ាងណាក៏ដោយក៏លោកបានព្រមានថា «នេះជាពេលវេលាពិតប្រាកដដែលប្រទេសទាំងអស់ត្រូវតែងើបឈរឡើងដើម្បីថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ី ដូចដែលយើងបានឮប្រទេសទាំងឡាយក្នុងប្រទេស G-20 បានធ្វើ»៕