តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អ្នកតំណាងនៃក្រុមប្រទេសចម្រុះមួយដែលមិនធ្លាប់មានពីមុនមកបានជួបប្រជុំគ្នានៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិកកាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងជាបន្តរបស់ពួកគេនៅក្នុងការទប់ទល់នឹងសង្គ្រាមបែបគឃ្លើនរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា៖ «ជាលើកដំបូងបង្អស់ រដ្ឋមន្ត្រីការបរទេសមកពីសហរដ្ឋអាមេរិក និងមកពីប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជាប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េជាដើម បានចូលរួមជាក្រុមមួយនៅក្នុងកិច្ចប្រជំុថ្នាក់រដ្ឋមន្ត្រីរបស់អង្គការអូតង់ (NATO)។ រដ្ឋមន្ត្រីមកពីប្រទេសហ្សកហ្ស៊ី ហ្វាំងឡង់ ស៊ុយអែត និងអ៊ុយក្រែន ក៏ដូចជាអ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខក៏បានចូលរួមផងដែរ»។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ទៀតថា៖ «ការចូលរួមនៃសម្ព័ន្ធមិត្តនិងដៃគូទាំងអស់នេះបង្ហាញឱ្យឃើញពីក្រុមប្រទេសចម្រុះដ៏ទូលំទូលាយអស្ចារ្យមកពីជុំវិញពិភពលោក ដែលរួបរួមគ្នាគាំទ្រប្រទេសអ៊ុយក្រែននិងប្រឆាំងនឹងភាពគឃ្លើនរបស់រដ្ឋាភិបាលរុស្ស៊ី។ សម្ព័ន្ធមិត្តនិងដៃគូទាំងនេះគឺជាប្រទេសដែលទទួលស្គាល់ថា រដ្ឋាភិបាលរុស្ស៊ីមិនត្រឹមតែវាយប្រហារលើប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារលើប្រព័ន្ធរៀបរយអន្តរជាតិទាំងមូលដែលផ្អែកលើច្បាប់ផងដែរ»។
លោក Blinken បានបន្តថា៖ «រូបភាពនិងរឿងរ៉ាវដ៏តក់ស្លុតនានាដែលលេចចេញពីក្រុង Bucha និងផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន បានរឹតតែធ្វើឱ្យការតាំងចិត្តនិងសាមគ្គីភាពរួមរបស់យើងកាន់តែខ្លាំងក្លាថែមទៀតតែប៉ុណ្ណោះ»។
លោកបានបន្ថែមទៀតថា៖ «មានក្រុងជាច្រើនទៀតដែលរុស្ស៊ីធ្លាប់បានត្រួតត្រានៅក្នុងប្រទេសអ៊ុយក្រែន និងក្រុងនិងកន្លែងជាច្រើនទៀតដែលរុស្ស៊ីនៅកំពុងត្រួតត្រា ដែលយើងត្រូវតែសន្មតនៅពេលឥឡូវនេះថា កងទ័ពរុស្ស៊ីកំពុងប្រព្រឹត្តិអំពើឃោរឃៅបន្ថែមទៀត»។
សម្ព័ន្ធមិត្តនិងដៃគូនានារបស់សហរដ្ឋអាមេរិកកំពុងចាត់វិធានការមួយចំនួន «ដើម្បីបញ្ឈប់ភាពគឃ្លើននេះ ដើម្បីគាំទ្រអ៊ុយក្រែន និងដើម្បីធ្វើឱ្យអ្នកដែលប្រព្រឹត្តិរឿងនេះមានការទទួលខុសត្រូវ»។
ទីមួយ យើងកំពុងបង្កើនទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៊ីនិងលើបុគ្គលមួយចំនួន ដែលក្នុងនោះរួមមានទាំងកូនពេញវ័យរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។
ទីពីរ យើងកំពុងជួយអ៊ុយក្រែនដើម្បីឱ្យអ៊ុយក្រែនអាចការពារខ្លួនឯងបានតាមរយៈការផ្ដល់ជំនួយផ្នែកសន្តិសុខនិងសព្វាវុធចំនួន ៨០០ លានដុល្លារទៀត។ យើងក៏បន្តផ្ដល់ជំនួយផ្នែកមនុស្សធម៌ផងដែរដល់ប្រជាពលរដ្ឋអ៊ុយក្រែននិងដល់អ្នកដែលគេចចេញពីសង្គ្រាម។
យើងកំពុងធ្វើការជាមួយនឹងដៃគូអ៊ុយក្រែនរបស់យើងដើម្បីជួយជ្រោមជ្រែងនៅក្នុងការប្រមូល ការរក្សាទុក និងការវិភាគលើភស្តុតាងនៃភាពឃោរឃៅ ហើយនឹងផ្ដល់ព័ត៌មាននេះដល់ស្ថាប័នស៊ើបអង្កេតសមស្របនានា។
យើងកំពុងស្វែងរកមធ្យោបាយថ្មីដើម្បីពង្រឹងសន្តិសុខរួមរបស់សម្ព័ន្ធមិត្តអង្គការអូតង់ និងដើម្បីបង្កើនការគាំទ្រចំពោះដៃគូណាដែលងាយរងគ្រោះដោយសារឥទ្ធិពលប្រកបដោយគ្រោះថ្នាក់របស់រុស្ស៊ី ដូចជាប្រទេសបូស្នីជាដើម និងដោយសារភាពគឃ្លើនរបស់រុស្ស៊ី ដូចជាប្រទេសហ្សកហ្ស៊ីជាដើម។
ជាចុងបញ្ចប់ យើងកំពុងតាក់តែងគោលគំនិតយុទ្ធសាស្ត្រថ្មីមួយរបស់អង្គការអូតង់ ដែលនឹងបង្ហាញអំពីសន្តិសុខនៃបណ្ដាប្រទេសជុំវិញមហាសមុទ្រអាត្លង់ទិកដើម្បីឆ្លុះបញ្ចាំងអំពីអ្វីដែលជាទិដ្ឋភាពប្រែប្រួលដ៏ឆាប់រហ័ស។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «យើងឃើញយ៉ាងជាក់ស្ដែងនូវការខ្ពើមរអើមចំពោះអ្វីដែលរដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើ។ យើងឃើញមានការតាំងចិត្តខ្លាំងក្លាជាងពេលណាៗទាំងអស់នៅក្នុងការគាំទ្រប្រទេសអ៊ុយក្រែន ការពង្រឹងនិងការធ្វើឱ្យរស់រវើកឡើងវិញនូវប្រព័ន្ធរៀបរយអន្តរជាតិដែលរដ្ឋាភិបាលរុស្ស៊ីកំពុងព្យាយាមធ្វើឱ្យក្រឡាប់ចាក់ ការដាក់សម្ពាធខ្លាំងក្លាជាងមុនលើរដ្ឋាភិបាលរុស្ស៊ី និងការធានាថាអ្នកដែលប្រព្រឹត្តិឧក្រិដ្ឋកម្មនឹងទទួលខុសត្រូវចំពោះមុខច្បាប់»៕