បទវិចារណកថា៖ សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​ចាប់ខ្លួន​លោក Navalny

អ្នកចូលរួម​ធ្វើ​បាតុកម្ម លើកដៃ​បង្ហាញ​សញ្ញា​សន្តិភាព​នៅពេល​លោក​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​មន្រ្តី​អនុវត្ត​ច្បាប់​ក្នុង​អំឡុង​ពេល​បាតុកម្ម​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​ដែល​ជាប់​ពន្ធនាគារ​នៅ​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​និង​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G7 គឺកាណាដា បារាំង​ អាល្លឺម៉ង់ អ៊ីតាលី​ ជប៉ុន ​ចក្រភព​អង់គ្លេស ​និងតំណាងជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​«រួប​រួម​គ្នាក្នុង​ការថ្កោលទោស​ការ​ចាប់​ខ្លួន​ និង​ការ​ឃុំឃាំងទាក់​ទិននឹង​នយោបាយ»​នៃមេដឹកនាំ​ប្រឆាំង​រុស្ស៊ីល្បី​ឈ្មោះ​ គឺ​លោក Alexey Navalny។​ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស G7 បាន​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​លោក Navalny «ជា​បន្ទាន់និង​គ្មានលក្ខខ័ណ្ឌ​» ដែល​លោក​ត្រូវ​បានចាប់​ខ្លួន​មិនយូរប៉ុន្មាន​បន្ទាប់​ពី​លោក​បាន​វិលត្រឡប់​មក​កាន់ប្រទេសរុស្ស៊ីវិញ​ពីប្រទេសអាល្លឺម៉ង់។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ ក្រុមប្រទេស G7 ក៏​សម្តែងកង្វល់ខ្លាំង​ដល់​«​ការចាប់​ខ្លួនក្រុម​បាតុករ​និងពួក​អ្នក​កាសែតដោយ​សន្តិវិធីរាប់ពាន់​នាក់ និង​អំពាវនាវដល់​អាជ្ញាធរ​រុស្ស៊ីឱ្យ​គោរពតាមកាតព្វកិច្ចជាតិ​និង​អន្តរជាតិ​របស់ខ្លួនហើយ​ដោះលែងពួក​ជន​ដែល​ត្រូវ​បានចាប់​ឃុំឃាំង​តាម​តែ​អំពើចិត្តដោយសារ​ពួកគេ​បានប្រើ​សិទ្ធិបស់ពួក​គេក្នុ​ងការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​កាល​ពី​ថ្ងៃទី​២៣​មករា»។

សេចក្តី​ថ្លែងការណ៍របស់​ប្រទេស​ G7 បានចែង​ថា «ការបង្ក្រាបដោយហិង្សា​របស់​កងកម្លាំង​ប៉ូលិសលើ​សិទ្ធិ​បុគ្គល​ក្នុង​ការសម្តែងមតិពួក​គេ ជា​ការ​មិន​អាចទទួលយក​បានទេ។ ព្រឹត្តិការណ៍ទាំង​នេះ បញ្ជាក់​ឱ្យ​ឃើញលំនាំអវិជ្ជមាន​ដែល​មាន​ត​ទៅ​ទៀតនៃ​ការ​ចុះថយ​ឱកាស​សម្រាប់ក្រុម​ប្រឆាំង សង្គម​ស៊ីវិល ​ពួកអ្នក​ការពា​រសិទ្ធិមនុស្ស​ និង​សំឡេង​ឯករាជ្យ​ក្នុង​ប្រទេស​រុស្ស៊ី»។ លោក Navalny ហៀបត្រូវ​សម្លាប់កាល​ពី​ខែសីហា​ឆ្នាំ២០២០ នៅ​ក្នុង​ការប៉ុនប៉ង​ធ្វើ​ឃាតដោយ​ប្រើ​សារធាតុ​បំផ្លាញ​សរសៃ​ប្រសាទ Novichok ដែល​ជា​អាវុធគីមីមួយ​ត្រូវបានអភិវឌ្ឍ​ដោយ​សហភាព​សូវៀត។ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស G7 សូមបញ្ជាក់​ជា​ថ្មី​ទៀត​ថា «​ការ​ប្រើប្រាស់អាវុធ​គី​មី​ណា​មួយ ជា​ការ​មិន​អាចទទួលយក​បាន​ទេ​ ហើយ​ជា​ការផ្ទុយ​នឹង​បទដ្ឋាន​អន្តរជាតិប្រឆាំង​នឹង​អាវុធបែប​នេះ។ ជា​ថ្មី​ទៀត​ យើង...អំពាវនាវ​ដល់​អាជ្ញាធរ​រុស្ស៊ីឱ្យ​ស៊ើបអង្កេត​និង​ពន្យល់អំពីការ​ប្រើ​អាវុធគីមី​ក្នុង​ដែន​ដី​ខ្លួនដោយ​បំពេញ​តាម​កាតព្វកិច្ច​របស់​រុស្ស៊ីតាម​រយៈអនុសញ្ញា​ស្តី​ពី​អាវុធគីមី»។

ការប្រើអាវុធ​គីមីប្រឆាំង​អ្នក​នយោបាយ​ប្រឆាំង​ម្នាក់ និងការឃុំឃាំង​លោក​ Navalny កាល​ពី​ពេលថ្មីៗនេះធ្វើឱ្យ​អន្តរាយ​ថែម​ទៀត​ដល់លទ្ធិ​ប្រជាធិបតេយ្ស សំឡេង​ឯករាជ្យ និងពហុភាព​ខាង​នយោបាយក្នុងប្រទេស​រុស្ស៊ី។ ប្រទេស G7 អំពាវនាវ​អាជ្ញាធរ​រុស្ស៊ីឱ្យ​បំពេញ​តាមកាតព្វកិច្ចខ្លួន​តាម​រយៈ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​អំពី​សិទ្ធិស៊ីវិល​និង​សិទ្ធិ​នយោបាយនិងធានា​រ៉ាប់​រងដល់សិទ្ធិមាន​ចែង​ក្នុងកិច្ច​ព្រម​ព្រៀង​នេះ ដោយ​មានរួម​បញ្ចូលសេរីភាព​ខាង​ការនិយាយ​ស្តី​បញ្ចេញ​មតិដល់ពួកបុគ្គល​ទាំង​អស់​នៅ​ក្នុង​ដែន​ដី និង​យុត្តាធិការរបស់ខ្លួន។

សហរដ្ឋ​អាមេរិក​និង​ដៃ​គូរបស់​ខ្លួនក្នុង​បណ្តា​ប្រទេស G7 នៅតែ​«ប្តេជ្ញា​យ៉ាង​ខ្លាំង​ក្លាដល់​កិច្ចព្រមព្រៀងស្តី​ពីអាវុធគីមី​ និង​ដល់ការ​គាំទ្រ​របស់​យើង​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ នីតិ​រដ្ឋ​ និងសិទ្ធិ​មនុស្សក្នុងប្រទេស​រុស្ស៊ី​ព្រម​ទាំងបង្កើនកិច្ច​ទ្រទ្រង់​របស់យើង​ដល់សង្គមស៊ីវិល​រុស្ស៊ីផង​ដែរ»៕