បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ការប្រើប្រាស់​គ្រាប់​មីន

រូបឯកសារ៖ ទាហាន​បូស្នៀ​មួយរូប ដោះមីន​ក្នុង​ពេល​សមយុទ្ធ​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ភាគខាងជើង​នៃ​ទីក្រុង Tuzla។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​តាំងចិត្ត​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រាប់​មីន​នៅ​ទូទាំង​ពិភពលោក។ ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ជំនឿ​របស់​លោក​ប្រធានាធិបតី​ដែល​ថា ​គ្រាប់​មីន​ទាំង​នេះ​មាន​ផល​ប៉ះពាល់​ច្រើន​លើ​ជន​ស៊ីវិល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​ផង​ដែរ ក្នុង​ពេល​យ៉ាង​យូរ​បន្ទាប់ពី​សង្គ្រាម​បាន​បញ្ចប់​ទៅ។

ការ​តាំងចិត្ត​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​គ្រាប់​មីន​នៅ​ក្រៅ​ឧបទ្វីប​កូរ៉េមាន​ភាពស្រប​ជាមួយ​នឹង​លក្ខខណ្ឌ​សំខាន់ៗ​នៃ​អនុ​សញ្ញា​ក្រុង Ottawa ដែល​ជា​សន្ធិសញ្ញា​អន្តរជាតិ​ហាម​ឃាត់​ការ​ប្រើប្រាស់ ការ​រក្សា​ទុក ការ​ផលិត និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស។

ស្ថានការណ៍​ជាក់លាក់​តែ​មួយ​គត់​នៅ​ឧបទ្វីប​កូរ៉េ និង​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ការពារ​សាធារណរដ្ឋ​កូរ៉េ​បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​មិន​អាច​ផ្លាស់ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ស្ដីពី​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​នៅ​ឧបទ្វីប​កូរ៉េ​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។

សហរដ្ឋ​អាមេរិក​នឹង​មិន​អភិវឌ្ឍ ផលិត ឬ​ក៏​ទទួល​យក​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​នោះ​ទេ។ ជាង​នេះ​ទៀត សហរដ្ឋ​អាមេរិក​នឹង​មិន​នាំចេញ ឬ​ក៏​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​នោះ​ឡើយ លើកលែង​តែ​នៅ​ពេល​ណា​ដែល​ចាំបាច់​សម្រាប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ ឬ​ការ​បោស​សម្អាត​គ្រាប់​មីន និង​សម្រាប់​គោល​បំណង​នៃ​ការ​បំផ្លាញ​គ្រាប់​មីន​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

សហរដ្ឋ​អាមេរិក​នឹង​មិន​ប្រើ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​នៅ​ក្រៅ​ឧបទ្វីប​កូរ៉េ​ឡើយ ហើយ​សហរដ្ឋ​អាមេរិក​នឹង​មិន​ជួយ​ជ្រោមជ្រែង លើក​ទឹកចិត្ត ឬ​ក៏​បញ្ចុះបញ្ចូល​នរណា​ម្នាក់​នៅ​ក្រៅ​បរិបទ​នៃ​ឧបទ្វីប​កូរ៉េ​ឱ្យ​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​សកម្មភាព​ណា​មួយ​ដែល​ហាម​ឃាត់​ដោយ​អនុសញ្ញា​ក្រុង Ottawa ឡើយ។

សហរដ្ឋ​អាមេរិក​នឹង​ស្វះស្វែង​បំផ្លាញ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​ និង​ឃ្លាំង​ស្តុក​ទុក​គ្រាប់​មីន​ទាំង​ឡាយ​ណា​ដែល​មិន​តម្រូវ​សម្រាប់​ការ​ការពារ​ឧបទ្វីប​កូរ៉េ។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ដែល​នឹង​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​តាម​អនុសញ្ញា​ក្រុង Ottawa ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ធានា​ថា​ សហរដ្ឋ​អាមេរិក​មាន​លទ្ធភាព​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​តាម​ការ​តាំងចិត្ត​របស់​ខ្លួន​ចំពោះ​សម្ព័ន្ធមិត្ត។

លោក Stan Brown ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​យោធា បាន​និយាយ​ថា៖ «វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​វិធានការ​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

លោក Brown បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន «មាន​ភ័ស្តុតាង​ជាក់​ច្បាស់​ថា កងទ័ព​រុស្ស៊ី​កំពុង​ប្រើ​គ្រឿង​ផ្ទុះ​ផ្សេងៗ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គ្រាប់​មីន​ផង​ដែរ ក្នុង​វិធី​មួយ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ ដែល​បង្ក​ឱ្យ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ដល់​ជន​ស៊ីវិល​និង​ការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ​នៅ​ទីនោះ»។

សហរដ្ឋ​អាមេរិក​មាន​មោទនភាព​នៅ​ក្នុង​ការ​ដឹក​មុខ​ពិភពលោក​ដើម្បី​បំផ្លាញ​យុទ្ធភណ្ឌ​ធម្មតា​ទាំង​នេះ។

លោក Brown បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ជាង ៤.២០០ លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ជាង ១០០ តាំង​ពី​ឆ្នាំ ១៩៩៣ មក ដើម្បី​លើក​កម្ពស់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​តាម​រយៈ​កម្មវិធី​បំផ្លាញ​យុទ្ធភណ្ឌ​ធម្មតា​របស់​ខ្លួន»។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​កិច្ចការ​ដ៏​សំខាន់​នេះ ហើយ​នឹង​នៅតែ​រក្សា​ការ​តាំង​ចិត្ត​ដើម្បី​បន្ត​ភាព​ជា​ដៃគូ​ផ្សេងៗ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ផ្នែក​មនុស្សធម៌​នៃ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​ទាំង​នេះ»៕