តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក «កំពុងតាមដានយ៉ាងដិតដល់»នូវការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក Qubad Ibadoglu ក្នុងប្រទេសអាស៊ែបៃហ្សង់។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller។
លោក Ibadoglu ជាសេដ្ឋវិទូអន្តរជាតិ និងជាប្រធានគណបក្សប្រជាធិបតេយ្យ និងវិបុលភាពអាស៊ែបៃហ្សង់។ លោកបានដឹកនាំអង្គការមិនមែនរដ្ឋាភិបាលដែលផ្តោតលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អភិបាលកិច្ចល្អ និងតម្លាភាព អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងឆ្នាំ២០១៤ អាជ្ញាធរអាស៊ែបៃហ្សង់ បានបិទអង្គការនោះដោយបង្ខំ។
ប្រឈមមុខនឹងអ្វីដែលអ្នកសង្កេតការណ៍និយាយថាជាការចោទប្រកាន់ដោយហេតុផលនយោបាយ ក្នុងឆ្នាំ២០១៥ លោក Ibadoglu បានចាកចេញពីអាស៊ែបៃហ្សង់ ហើយបានបង្រៀននៅស្ថាប័នសិក្សានៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ថ្មីៗនេះ លោកបានត្រឡប់ទៅ អាស៊ែបៃហ្សង់វិញ បន្ទាប់ពីបានជួយបង្កើតអង្គការមួយនៅចក្រភពអង់គ្លេសដើម្បីគាំទ្រការសិក្សានៅបរទេសសម្រាប់យុវជនអាស៊ែបៃហ្សង់។ លោកបានប្រកាសថា មូលនិធិសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះនឹងត្រូវបានទាមទារមកវិញពី«លុយដែលបានលួចពីប្រជាជនអាស៊ែបៃហ្សង់ និងសេដ្ឋកិច្ចដោយរដ្ឋាភិបាលអាស៊ែបៃហ្សង់»។
លោក Ibadoglu ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា នៅខាងក្រៅទីក្រុង Baku ខណៈដែលលោកកំពុងបើករថយន្តទៅជួបជាមួយសកម្មជនវ័យក្មេងមកពីគណបក្សនយោបាយរបស់លោក។ នៅថ្ងៃបន្ទាប់ លោកត្រូវបានកាត់ទោសឱ្យឃុំខ្លួនបណ្តោះអាសន្នរយៈពេល៣ខែ ២៦ថ្ងៃ ហើយត្រូវបានចោទប្រកាន់ពីបទផលិត ការទិញ ឬលក់ប្រាក់ក្លែងក្លាយ។ អាជ្ញាធរក៏បានចោទប្រកាន់លោកថា ជាអ្នកគាំទ្រលោក Fethullah Gulen ដែលជាបព្វជិតនីកាយស៊ុននីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលដឹកនាំក្រុមមួយដែលរដ្ឋាភិបាលតួកគីអះអាងថាជាអង្គការភេរវកម្ម។ ប្រសិនបើត្រូវបានកាត់ទោស លោក Ibadoglu ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ។ លោកបដិសេធរាល់ការចោទប្រកាន់មកលើលោក។
នៅក្នុងរបាយការណ៍ថ្មីៗបំផុតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ែបៃហ្សង់ «បញ្ហាសិទ្ធិមនុស្សសំខាន់ៗ» ត្រូវបានកត់សម្គាល់ រួមទាំងអំពើពុករលួយរបស់រដ្ឋាភិបាលជាប្រព័ន្ធ។ ការឃុំខ្លួនដោយបំពាន ការសងសឹកដោយចេតនានយោបាយប្រឆាំងនឹងបុគ្គល និងបញ្ហារីករាលដាលនៃឯករាជ្យភាពរបស់តុលាការ។
នៅក្នុងការអត្ថាធិប្បាយលើការចាប់ខ្លួន និងការឃុំខ្លួនរបស់លោក Ibadoglu អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា៖ «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ យើងជំរុញឱ្យអាស៊ែបៃហ្សង់ ការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋរបស់ខ្លួន រួមទាំងលោក Qubad Ibadoglu ស្របតាមរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួនរបស់អាស៊ែបៃហ្សង់និងកាតព្វកិច្ច និងការប្តេជ្ញាចិត្តអន្តរជាតិ»៕