តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ប្រធានាធិបតីមិនត្រឹមត្រូវតាមច្បាប់លោក Nicolas Maduro និងពួកសមាជិកនៃរបបគ្រប់គ្រងមិនត្រឹមត្រូវតាមច្បាប់របស់លោក បានប្តេជ្ញាក្តោបក្តាប់អំណាចតាមគ្រប់វិធីទាំងអស់។ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ពួកគេធ្វើឱ្យអន្តរាយដល់ដំណើរការប្រជាធិបតេយ្យរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ផែនការរបស់លោក Maduro ក្នុងការកែប្រែការបោះឆ្នោតសភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ខែធ្នូ គឺជាឧទាហរណ៍សក្ដិសមជាងគេ។
កាលពីថ្ងៃទី១ ខែកក្កដា ក្រុមប្រឹក្សាបោះឆ្នោតជាតិបានប្រកាសថា ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ។ លោក Juan Guaido ប្រធានាធិបតីស្តីទី បានពន្យល់ជាសាធារណៈថា ក្រុមប្រឹក្សាបោះឆ្នោតនេះមិនត្រឹមត្រូវតាមច្បាប់ទេ ពីព្រោះពួកសមាជិកនៃក្រុមប្រឹក្សានេះ បានត្រូវជ្រើសរើសដោយខុសច្បាប់ដោយតុលាការកំពូលត្រួតត្រាដោយលោក Maduro។ ដូច្នេះ ប្រជារាស្ត្រវ៉េណេស៊ុយអេឡា ដែលប្រឆាំងនឹងលោក Maduro នឹងមិនចូលរួមក្នុងការបោះឆ្នោតនេះទេ។ ដោយគាំទ្រគោលជំហររបស់លោក Juan Guaidó គណបក្សប្រឆាំងចំនួន ៣៧ និងអង្គការសង្គមស៊ីវិលចំនួន ១០៧ ក៏បានប្រកាសដែរថា ពួកគេនឹងធ្វើពហិកាប្រឆាំងនឹងដំណើរការនេះដោយនិយាយថា ការចូលរួមក្នុងការបោះឆ្នោតមានការគៃបន្លំដោយលោក Maduro គឺស្មើនឹង «សហការជាមួយយុទ្ធសាស្ត្រនៃរបបគ្រប់គ្រងផ្តាច់ការ»។
ជាការឆ្លើយតបនឹងការប្រឆាំងខាងនយោបាយរួមគ្នានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា របបគ្រប់គ្រងរបស់លោក Maduro ដែលមិនត្រឹមត្រូវតាមច្បាប់ បានដាក់ជំនួសពួកមេដឹកនាំនៃគណបក្សជំទាស់ធំៗជាច្រើនដោយពួកអ្នកគាំទ្រលោកផ្ទាល់ ដោយក្លែងបន្លំថា ជាពួកសមាជិកនៃក្រុមចម្រុះប្រឆាំងនឹងលោក Maduro។ ពួកភ្នាក់ងារគាំទ្រលោក Maduro ទាំងនេះ បានអះអាងថា ជាមេដឹកនាំគណបក្សបីក្នុងបណ្តាបក្សធំៗចំនួនបួន។ នៅក្នុងករណីនីមួយៗ តុលាការកំពូលគ្រប់គ្រងដោយលោក Maduro បានសម្រេចអនុគ្រោះដល់ពួកភ្នាក់ងារលោក Maduro។
ពួកមេដឹកនាំនៃគណបក្សប្រឆាំងជាច្រើន បានត្រូវជំនួសដោយពួកភ្នាក់ងារនៃរបបគ្រប់គ្រងមិនត្រឹមត្រូវតាមច្បាប់នេះ។ ជាលទ្ធផល គណបក្សធំៗទាំងនេះ ដែលមិនឈប់និយាយថាតំណាងឲ្យពលរដ្ឋដែលខ្លួនតំណាងនោះ បែរជាប្រព្រឹត្តអំពើពុករលួយ ហើយនៅពេលនេះ បង្កើតប្លុកប្រឆាំងក្លែងក្លាយមួយ។ គណបក្សប្រឆាំងក្លែងបន្លំទាំងបីនេះ នៅពេលនេះ បានបញ្ជាក់ថា ពួកគេនឹងចូលរួមក្នុងការបោះឆ្នោតសភានៅថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ។
គម្រោងការអាក្រក់របស់លោក Maduro ក្នុងការប្លន់សិទ្ធិរបស់ប្រជារាស្ត្រវ៉េណេស៊ុយអេឡាដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនក្នុងការបោះឆ្នោតដោយសេរី និងប្រកបដោយយុត្តិធម៌ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក តាមរយៈបទបញ្ជានីតិប្រតិបត្តិលេខ ១៣៦៩២ បានដាក់ទណ្ឌកម្មបណ្ដាមេដឹកនាំនៃគណបក្សប្រឆាំងអាយ៉ងទាំងនេះ។ ពួកជនទាំងនេះ មានឈ្មោះ Jose Bernabe Gutierrez Parra បងប្អូនប្រុសលោកប្រធានាធិបតីឈ្មោះ Miguel Antonio Jose Ponente Parra ឈ្មោះ Guillermo Antonio Luces Osorio ឈ្មោះ Chaim Jose Bucaran Paraguan និងឈ្មោះ Williams Jose Benavides Rondon។
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បាននិយាយថា៖ «សហរដ្ឋអាមេរិក នៅតែប្តេជ្ញាធ្វើឱ្យរបបគ្រប់គ្រងរបស់លោក Maduro និងពួកអ្នកគាំទ្ររបបនេះ ទទួលខុសត្រូវចំពោះអំពើពុករលួយឥតលាក់លៀមរបស់ពួកគេ ដើម្បីធ្វើឱ្យប្រាកដប្រជាថា ប្រជារាស្ត្រវ៉េណេស៊ុយអេឡា មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលពួកគេសក្តិសមទទួលបាន»។
សហរដ្ឋអាមេរិកឈរជាមួយលោកប្រធានាធិបតីស្ដីទី Guaidó និងក្រុមអ្នកឆ្នើមខាងប្រជាធិបតេយ្យនៃប្រទេសវ៉េណេស៊ុយអេឡានៅក្នុងដំណើរការរបស់ពួកគេ ដើម្បីស្តារឱ្យមានប្រទេស Venezuela ប្រជាធិបតេយ្យឡើងវិញ៕