Accessibility links

Breaking News

បទវិចារណកថា៖ ការទូត​និង​ការ​ការពារ​ជាតិ​មាន​សារៈសំខាន់​ចំពោះ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​អ៊ីរ៉ង់


រូបឯកសារ៖ យន្តហោះ​គ្មាន​មនុស្ស​បើក​ផលិត​ក្នុង​ស្រុក​របស់​អ៊ីរ៉ង់ Mohajer-10 ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ការតាំង​ពិព័រណ៍​មួយ​នៅក្នុង​បរិវេណ​មូលដ្ឋាន​យោធា​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការពារ​ជាតិ ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ យន្តហោះ​គ្មាន​មនុស្ស​បើក​ផលិត​ក្នុង​ស្រុក​របស់​អ៊ីរ៉ង់ Mohajer-10 ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ការតាំង​ពិព័រណ៍​មួយ​នៅក្នុង​បរិវេណ​មូលដ្ឋាន​យោធា​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការពារ​ជាតិ ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល ​អាមេរិកាំង

អស់​រយៈពេល​ប្រមាណជា​បី​សប្តាហ៍​ហើយ​ចាប់តាំងពី​មេដឹកនាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​លោក Ismail Haniyeh ត្រូវបាន​គេ​ធ្វើឃាត​នៅ​ទីក្រុង​តេហេរ៉ង់​នៃ​ប្រទេស​អ៊ីរ៉ង់ ដែល​នេះ​ជា​ទង្វើ​ដែល​របប​គ្រប់គ្រង​អ៊ីរ៉ង់​ថា ​ប្រទេស​អ៊ីស្រាអែល​ជា​អ្នក​ទទួល​ខុសត្រូវ ហើយ​អ៊ីរ៉ង់​បាន​ប្តេជ្ញា​ថា​នឹង​សងសឹក។

កាលពី​ខែ​មេសា បន្ទាប់ពី​អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​នៅ​ប្រទេស​ស៊ីរី ដែល​បាន​សម្លាប់​សមាជិក​ជាន់ខ្ពស់​ពីរ​នាក់​នៃ​កងឆ្មាំ​បដិវត្តន៍​អ៊ិស្លាម អ៊ីរ៉ង់​ជាលើក​ទីមួយ​បាន​វាយប្រហារ​ទៅ​លើ​អ៊ីស្រាអែល​ដោយ​ផ្ទាល់​ដោយ​ការ​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ និង​ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ដែល​ភាគច្រើន​ត្រូវបាន​ទប់ទល់​ដោយ​កង​ការពារ​ជាតិ​របស់​អ៊ីស្រាអែល ដោយ​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​និង​ដៃគូ​ក្នុង​តំបន់។

លោក John Kirby ទីប្រឹក្សា​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អ៊ីរ៉ង់​បាន​ត្រៀម​លក្ខណៈ​មួយ​ចំនួន ហើយ​ការ​វាយ​ប្រហារ​អាច​កើត​មាន​ឡើង​ដោយ​មាន​ការ​ព្រមាន​តិចតួច ​ឬ​គ្មាន​តែម្ដង។

លោក John Kirby បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «‍ច្បាស់ណាស់​ថា យើង​កំពុង​តាមដាន​ពិនិត្យ​មើល​រឿង​នេះ​យ៉ាង​ដិតដល់។ យើង​បាន​ផ្ញើ​សារ​ទៅ​អ៊ីរ៉ង់​តាម​រយៈ​សមភាគី​របស់​យើង​និង​អ្នក​ដែល​មាន​ទំនាក់ទំនង​ការទូត​ផ្ទាល់​ជាមួយ​អ៊ីរ៉ង់។ ហើយ​ជា​ការពិត​ណាស់ យើង​មាន​វិធី​ផ្ទាល់ខ្លួន​របស់​យើង​ក្នុង​ការផ្ញើរ​សារ​តាម​វិធី​ផ្សេង​ទៀត។ ... សារ​របស់​យើង​គឺ​ដូចៗ​គ្នា​ថា៖ យើង​មិន​ចង់​ឃើញ​បញ្ហា​នេះ​កាន់តែ​រីក​ធំ​ឡើង​នោះ​ទេ ហើយ​យើង​ចង់​រារាំង​មិន​ឱ្យ [អ៊ីរ៉ង់] ធ្វើការ​វាយប្រហារ​ទេ»។

លោក John Kirby បាន​និយាយ​ថា បន្ថែមពី​លើ​ផ្នែក​ការទូត​ដ៏​ខ្លាំងក្លា សហរដ្ឋ​អាមេរិក​បាន​ពង្រឹង​វត្តមាន​កង​សន្តិសុខ​របស់ខ្លួន​នៅក្នុង​តំបន់ «ទៅលើ​សមត្ថភាព​ការពារ នាវា យន្តហោះ សមត្ថភាព​យោធា​ផ្សេងទៀត ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា ប្រសិនបើ​អ៊ីរ៉ង់​សម្រេច​ថា​ធ្វើការ​វាយប្រហារ​តាមវិធី​ណា​មួយ​ទៅ​លើ [អ៊ីស្រាអែល] នោះ​គឺ​យើង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​វាយប្រហារ​នោះ ដើម្បី​ការពារ​ខ្លួន​យើង គ្រឿង​បរិក្ខារ​របស់​យើង និង​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ក៏​ដើម្បី​ការពារ​អ៊ីស្រាអែល​ផងដែរ‍»។

លោក John Kirby បាន​កត់សម្គាល់​ថា៖ «‍វោហាសាស្ត្រ​ដែល​ចេញ​ពី​អ៊ីរ៉ង់​មាន​លក្ខណៈ​គឃ្លើន​ណាស់​ទាក់ទង​នឹង​ចេតនា​របស់​ពួកគេ។ យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​រឿង​នេះ»។

លោក John Kirby បាន​និយាយ​ថា វា​មិន​ច្បាស់​ទេ​ថាតើ​អ៊ីរ៉ង់​នឹង​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីស្រាអែល ឬ​ក៏​ថាតើ​នឹង​ធ្វើការ​វាយ​ប្រហារ​បែប​ណា​នោះទេ។ លោក​បាន​បន្ថែម​ថា៖ «‍ដូច្នេះ​ហើយ បាន​ជា​យើង​កំពុង​ធ្វើការ​យ៉ាងខ្លាំង​លើ​ផ្នែក​ការទូត​ដើម្បី​ឱ្យ​ដឹង​ថាតើ​យើង​អាច​ទប់ស្កាត់​បាន​ឬ​អត់។ ហើយ​ប្រសិនបើ​យើង​មិន​អាច​ទប់ស្កាត់​បាន យើង​នឹង​ពង្រឹង​កងយោធា​ជួរមុខ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​បាន​ត្រៀម​ខ្លួន​ជាស្រេច ហើយ​អ៊ីស្រាអែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការវាយ​ប្រហារ​នោះ»៕

XS
SM
MD
LG