Accessibility links

Breaking News

បទវិចារណកថា៖ ការបញ្ជាក់​យ៉ាងច្បាស់លាស់៖ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ហ្កាហ្សា និង​ប្រទេស​អ៊ីស្រាអែល


រូបឯកសារ៖ ពលរដ្ឋ​ប៉ាឡេស្ទីន​រង់ចាំ​រថយន្ត​ដែល​ដឹក​ជំនួយ​ឆ្លងកាត់​នៅ​កណ្តាល​តំបន់​ហ្កាហ្សា កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋ​ប៉ាឡេស្ទីន​រង់ចាំ​រថយន្ត​ដែល​ដឹក​ជំនួយ​ឆ្លងកាត់​នៅ​កណ្តាល​តំបន់​ហ្កាហ្សា កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

អ្នក​តំណាង​បម្រុង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​នយោបាយ​ពិសេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​និយាយ​ថា «សហរដ្ឋ​អាមេរិក​បាន​និយាយ​យ៉ាង​ច្បាស់​អំពី​តួនាទី​របស់​យើង​ជា​លក្ខណៈ​ឯកជន ក៏ដូច​ដែល​យើង​បាន​និយាយ​ប្រាប់​ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត‍​ជាមួយ​ដៃគូ​អ៊ីស្រាអែល]»។

លោក Robert Wood បាន​ថ្លែង​ថា៖ «‍ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល​គឺ​មាន​ភាពរឹងមាំ។ ហើយ​ខ្ញុំ​ចង់​និយាយ​បញ្ជាក់​ឱ្យ​ច្បាស់​ថា៖ គឺ​មាន​ភាពរឹងមាំ។ យើង​ចង់​ឃើញ​ក្រុមហាម៉ាស់​ចាញ់ Sinwar និង​មេដឹកនាំ​ក្រុម​ហាម៉ាស់​ផ្សេងទៀត ត្រូវបាន​នាំយក​មក​កាត់ទោស ហើយ​ចំណាប់ខ្មាំង​ត្រូវបាន​ដោះ លែង។ យើង​បាន​និយាយ​ច្បាស់​ណាស់​ថា យើង​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា។ ក្នុង​ពេល​ជាមួយគ្នា​នេះ យើង​មិន​គាំទ្រ ហើយនឹង​មិន​គាំទ្រ​ការកាន់កាប់​តំបន់​ហ្កាហ្សា​ឡើងវិញ​ដោយ​អ៊ីស្រាអែល​ទេ។ ហើយ​យើង​បាន​រក្សា​ការជំទាស់​របស់​យើង​ជា​យូរ​មក​ហើយ​ចំពោះ​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ណា​មួយ​ក្នុង​ក្រុង Rafah ដែល​ធ្វើឱ្យ​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល​ជាច្រើន»។

លោក Robert Wood ថ្លែង​ទៀត​ថា តាម​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា «‍ស្ថានភាព​នៅ​តំបន់​ហ្កាហ្សា​ត្រូវបាន​ពិពណ៌នា​ថាជា​គ្រោះ​មហន្តរាយ ជា​សុបិន​អាក្រក់ និង​ជា​ឋាននរក​នៅលើ​ផែនដី‍»។ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ មនុស្ស​ជាង ៨០០.០០០ នាក់​ត្រូវបាន​ផ្លាស់ទី​លំនៅ​ពី​តំបន់ Rafah ទៅកាន់​តំបន់​ផ្សេង​ទៀត​នៅ​តំបន់​ហ្កាហ្សា។ ភាគច្រើន​នៃ​ជនភៀសខ្លួន​បាន​ស្វែងរក​កន្លែង​ជ្រកកោន​នៅ​តំបន់ Khan Younis និង​តំបន់ Deir al Balah ក៏ប៉ុន្តែ​ស្ថានភាព​នៅ​ទីនោះ​គឺ​គួរឱ្យ​រន្ធត់​ដោយ​គ្មាន​បង្គន់​អនាម័យ ប្រភព​ទឹក ប្រព័ន្ធលូ និង​ទីជម្រកគ្រប់គ្រាន់​នោះ​ទេ។ «ដូច្នេះ​វា​ជា​ភ័ស្តុតាង​បញ្ជាក់​ថា ការរៀបចំ​របស់​អ៊ីស្រាអែល​ដើម្បី​បំពេញ​តម្រូវការ​ដល់​ជនភៀសខ្លួន​ទាំងនោះ​ គឺ​មិន​គ្រប់គ្រាន់​ទេ»។

លោក Robert Wood បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «‍អ៊ីស្រាអែល​គួរតែ​ចាត់វិធានការ​ជា​បន្ទាន់ និង​សម្រេចចិត្ត​ដើម្បី​ដោះស្រាយ​ស្ថានភាព​នេះ និង​ធានា​ការការពារ​ជន ស៊ីវិល។ មិន​ត្រូវ​មាន​ការពន្យារ​ពេល​ឡើយ។ ជីវិត​មនុស្ស​ពឹងផ្អែក​លើ​ចំណាត់ការ​របស់​អ៊ីស្រាអែល»។

ប្រសិនបើ​មាន​ដំណោះស្រាយ​ដែល​ល្អជាង​នេះ​នៅក្នុង​គ្រោះមហន្តរាយ​នេះ វា​គឺ​ជា​ការបើក​ច្រក​របៀង​សមុទ្រ។

លោក Wood បាន​និយាយ​ទៀត​ថា «ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដំបូង[បាន]​មក​ដល់​ឆ្នេរ​សមុទ្រ​នៅ​តំបន់​ហ្កាហ្សា​តាមរយៈ​កំពង់ផែ​មនុស្សធម៌​ពហុជាតិ‍។ នៅ​ពេល​ដែល​មាន​សមត្ថភាព​ប្រតិបត្តិ​ការពេញលេញ ច្រក​របៀង​សមុទ្រ​មនុស្សធម៌​អាច​ផ្តល់​ជំនួយ​ដល់​មនុស្ស ៥០០.០០០ នាក់​ក្នុង​រយៈពេល​មួយ​ខែ‍»។

«ជំនួយ​បន្ថែម​ទៀត​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងទៀត​បន្ត​ទៅ​ដល់​ប្រទេស​ស៊ីប ជា​កន្លែង​ដែល​ជំនួយ​ទាំងនោះ​នឹង​ត្រូវបាន​ដឹក​នៅ​លើ​កប៉ាល់​សម្រាប់​ដឹកជញ្ជូន​ទៅ​កាន់​កំពង់ផែ​នោះ។ ក៏ប៉ុន្តែ​ក្នុង​ការ​ប្រឹងប្រែង​កាត់​បន្ថយ​គ្រោះទុរ្ភិក្ស ជំនួយ​តាម​សមុទ្រ​មិន​មែន​ជា​ជំនួយ​ជំនួស​ជំនួយ​ដែល​ផ្តល់​តាម​ផ្លូវគោក​នោះ​ទេ។ ដូច្នេះ​ហើយ​បានជា​សហរដ្ឋ​អាមេរិក​បន្ត​ធ្វើការ​ដើម្បី​បង្កើន​បន្ថែម​ទៀត​នូវ​ជំនួយ​ដែល​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​ដោយ​ការ​ឆ្លង​កាត់​តាម​ផ្លូវ​គោក»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​និយាយ​ទៀត​ថា៖ «ដូច​ដែល​លោក​ប្រធានាធិបតី Biden បាន​និយាយ​សង្កត់​ធ្ងន់​កាលពី​ម្សិលមិញ​ថា យើង​ត្រូវការ​បទឈប់បាញ់​ជា បន្ទាន់​ដើម្បី​បញ្ឈប់​ការប្រយុទ្ធគ្នា ហើយនាំ​ចំណាប់ខ្មាំង​មក​ផ្ទះ​វិញ។ ក្រុមហាម៉ាស់​ត្រូវតែ​អនុវត្ត​តាម​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​ដោះលែង​ចំណាប់​ខ្មាំង។ នោះ​ហើយ​ជា​របៀប​ធ្វើឱ្យ​ការប្រយុទ្ធគ្នា​ឈាន​ដល់​ទីបញ្ចប់»៕

XS
SM
MD
LG