Accessibility links

Breaking News

បទវិចារណកថា៖ អាមេរិក​ថ្កោលទោស​ការវាយ​ប្រហារ​របស់​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល


រូបឯកសារ៖ ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​មួយ​ដំណើរការ​បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់​ដ្រូន​និង​មីស៊ីល​ឆ្ពោះ​ទៅ​រក​អ៊ីស្រាអែល​ដូច​ដែល​បាន​មើល​ឃើញ​ពី​ក្រុង​ Ashkelon នៃ​ប្រទេស​អ៊ីស្រាអែល។
រូបឯកសារ៖ ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​មួយ​ដំណើរការ​បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់​ដ្រូន​និង​មីស៊ីល​ឆ្ពោះ​ទៅ​រក​អ៊ីស្រាអែល​ដូច​ដែល​បាន​មើល​ឃើញ​ពី​ក្រុង​ Ashkelon នៃ​ប្រទេស​អ៊ីស្រាអែល។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អ្នក​តំណាង​បម្រុង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​នយោបាយ​ពិសេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ថ្កោលទោស​យ៉ាងខ្លាំងក្លា​បំផុត​ចំពោះ​ការវាយប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទៅ​លើ​រដ្ឋ​អ៊ីស្រាអែល​ដោយ​សាធារណរដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់ និង​ក្រុម​តំណាង​សកម្ម​ប្រយុទ្ធ​និង​ដៃគូ​របស់​ខ្លួន‍»។

លោក Wood បាន​ថ្លែង​ថា៖ «‍ចេតនា​របស់​អ៊ីរ៉ង់​គឺ​ធ្វើ​ឱ្យ​ខូច​ខាត និង​មាន​ការស្លាប់​យ៉ាងច្រើន​នៅ​អ៊ីស្រាអែល។ អ៊ីរ៉ង់​បាន​បាញ់​ដ្រូន​និង​មីស៊ីល​៣០០ ដែល​ជាង​១០០​គ្រាប់​ជា​គ្រាប់​មីស៊ីល​បាល្លីស្ទិក​និង​កាំជ្រួច​វាយប្រហារ​លើ​ដី​នៅ​អ៊ីស្រាអែល ក៏ដូច​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​បំផ្ទុះ​ផងដែរ។ សកម្មភាព​ដែល​មិន​បាន​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​របស់​អ៊ីរ៉ង់​មិន​ត្រឹមតែ​បង្ក​ការគំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសអ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ដល់​រដ្ឋ​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ផ្សេងទៀត​នៅក្នុង​តំបន់ រួមទាំង​ប្រទេស​ហ្ស៊កដានី ​និង​អ៊ីរ៉ាក់​ផងដែរ»។

លោក Wood បាន​និយាយ​ថា ប្រទេស​អ៊ីរ៉ង់​មាន​កំណត់ត្រា​ជាយូរ​មក​ហើយ​នៃ​ការរំ លោភ​លើ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ​របស់​ខ្លួន ជាពិសេស​តាមរយៈ​សកម្មភាព​របស់​កងឆ្មាំ​បដិវត្តន៍​អ៊ិស្លាម​របស់​ខ្លួន។

លោក Wood បាន​ថ្លែង​បន្ត​ថា៖ «‍តាមរយៈ​ការផ្តល់​អាវុធ​ដល់​ក្រុម​ហេសបូឡា អ៊ីរ៉ង់​បាន​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ​១៧០១។ តាមរយៈ​ការផ្តល់​អាវុធ សម្របសម្រួល និង​ជួយ​ក្រុមហ៊ូធី​វាយប្រហារ​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម ហើយ​ថ្មីៗ​នេះ វាយប្រហារ​ទៅ​លើ​កប៉ាល់​ពាណិជ្ជកម្ម និង​ការដឹក​ជញ្ជូន​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម​នោះ វា​ជា​ការបំពាន​យ៉ាងច្បាស់​លើ​សេចក្តី​សម្រេច​លេខ​២២១៦ និង​ដោយរំលោភ​លើ​សេចក្តី​សម្រេច​លេខ​២៧២២»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អ៊ីរ៉ង់​ក៏​បាន​បំពាន​ច្បាប់​អន្តរជាតិ​ម្តង​ហើយ​ម្តង​ទៀត ដោយ​កំណត់​គោលដៅ​ដោយ​ការដាក់​គ្រាប់​មីន និង​រឹបអូស​យក​នាវា​ពាណិជ្ជកម្ម​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ​នៃ​ឈូង​សមុទ្រ​ពែក្ស និង​ផ្លូវទឹក​ជុំវិញ​ផងដែរ។

លោក Wood បាន​ថ្លែង​ទៀត​ថា៖ «‍នៅ​ក្នុង​ន័យ​ទូលំទូលាយ អ៊ីរ៉ង់​ក៏​មាន​ការពាក់ព័ន្ធ​នៅក្នុង​ការវាយ​ប្រហារ​ថ្ងៃទី៧ ខែតុលា លើ​អ៊ីស្រាអែល​ផងដែរ ពីព្រោះ​អ៊ីរ៉ង់​បាន​ផ្តល់​មូលនិធិ និង​ការបណ្តុះបណ្តាល​យ៉ាងច្រើន​ដល់​ក្រុម​យោធា​របស់​ក្រុម​ហាម៉ាស‍់»។

លោក Wood បាន​បន្ត​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​«ថ្កោលទោស​យ៉ាងដាច់​អហង្ការ​ចំពោះ​សកម្មភាព​គឃ្លើន​របស់​អ៊ីរ៉ង់ និង​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​និង​ដៃគូ និង​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​ការវាយ​ប្រហារ​របស់​ពួកគេ»។

លោក Wood បាន​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការអនុវត្ត​សិទ្ធិ​របស់​អ៊ីស្រា អែល​ដើម្បី​ការពារ​ខ្លួន នៅ​ពេល​ប្រឈមនឹង​ការវាយ​ប្រហារ​នេះ។

លោក Wood បាន​ថ្លែង​ទៀត​ថា៖ «‍ហើយ​ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា ប្រសិនបើ​អ៊ីរ៉ង់ ឬ​អ្នកតំណាង​របស់​ខ្លួន​ចាត់វិធានការ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ឬ​មាន​សកម្មភាព​បន្ថែម​ទៀត​ប្រឆាំង​នឹង​អ៊ីស្រាអែល អ៊ីរ៉ង់​នឹង​ទទួល​ខុសត្រូវ»។
មធ្យោបាយ​ដ៏ល្អ​បំផុត​ក្នុង​ការទប់ស្កាត់​មិន​ឱ្យ​ការវាយ​ប្រហារ​មាន​ការកើនឡើង​បន្ថែម​ទៀត​នោះ គឺ​ការថ្កោលទោស​យ៉ាង​ច្បាស់លាស់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ចំពោះ​ការវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​របស់​អ៊ីរ៉ង់ និង​ការអំពាវនាវ​យ៉ាង​ច្បាស់លាស់​ដល់​អ៊ីរ៉ង់​និង​អ្នកតំណាង និង​ដៃគូ​របស់ខ្លួន​មិន​ឱ្យ​មាន​អំពើ​ហិង្សា​បន្ថែម​ទៀត៕

Related

XS
SM
MD
LG