តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកសោកស្តាយដល់សេចក្តីសម្រេចរបស់របបគ្រប់គ្រងអ៊ីរ៉ង់ក្នុងការហាមប្រាមមិនឱ្យប្រើកម្មវិធីបណ្តាញឯកជននិម្មិត ឬ VPN។
ក្រុមប្រឹក្សាជាន់ខ្ពស់អ៊ីរ៉ង់ទទួលបន្ទុកបណ្តាញអ៊ីនធឺណិត បានចាត់ទុកការប្រើ VPNs ដោយគ្មានអាជ្ញាបណ្ណថាជាទោសព្រហ្មទណ្ឌដែលជាសេចក្តីសម្រេចមួយមាន ការយល់ព្រមពីមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់លោក Ali Khamenei។ កាលពីឆ្នាំទៅការលក់និងការចែកចាយ VPNs ត្រូវបានចាត់ទុកថាជាបទព្រហ្មទណ្ឌនៅអ៊ីរ៉ង់។ នៅពេលនេះការប្រើវាជាទូទៅត្រូវបានហាមប្រាម។ នៅក្នុងប្រទេសមួយដូចប្រទេសអ៊ីរ៉ង់ ដែលអ៊ីនធឺណិតត្រូវបានត្រួតពិនិត្យស្រេចហើយនោះ VPNs ដែលជាដំណើរការធ្វើព័ត៌មាន ឬទិន្នន័យឱ្យទៅជាកូដហៅថា encrypt ឬធ្វើសកម្មភាពលាក់បាំងគមនាគមន៍ពីប្រភពមិនស្គាល់ឱ្យទៅជាប្រភពត្រូវស្គាល់និងត្រូវទុកចិត្តនៃអាសយដ្ឋាន IP នៃក្រុមអ្នកប្រើប្រាស់និងអនុញ្ញាតឱ្យមើលគេហទំព័រត្រូវត្រួតពិនិត្យជាមួយអនាមិកភាពខ្លះ មានសារៈសំខាន់សម្រាប់ទទួលព័ត៌មាន និងទស្សនៈចាំបាច់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បាននិយាយថា ការហាមប្រាមមិនឱ្យប្រើ VPNs នៅអ៊ីរ៉ង់«ជាការរំឭកថ្មីបំផុតអំពីថាតើរបបគ្រប់គ្រងអ៊ីរ៉ង់ខ្លាចប្រជារាស្ត្រខ្លួនបែបណានិងអំពីអ្វីដែលពួកគេអាចធ្វើនៅពេលមានការប្រើអ៊ីនធឺណិត ដោយសេរីនិងនៅពេលណាពួកគេទទួលព័ត៌មានដោយមិនមានការរឹតត្បិត»។
លោក Miller បាននិយាយថា «ការបង្អាក់ប្រព័ន្ធអ៊ីនធឺណិត ដោយរបបគ្រប់គ្រងអ៊ីរ៉ង់កាលពីអតីតកាលបានធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រាក់កាសរាប់ពាន់លានដុល្លារ។ វានាំឱ្យមានការខាតបង់ដល់អាជីវកម្ម និងរាំងខ្ទប់ព័ត៌មានដែលប្រជារាស្ត្រត្រូវការដើម្បីធ្វើការសម្រេចចិត្តអំពីជីវិតពួកគេនិងអំពីអនាគតរបស់ពួកគេ។
អ្នកនាំពាក្យ Miller បានថ្លែងថា ការគាំទ្រដល់សេរីភាពអ៊ីនធឺណិត នឹងនៅតែជា«សរសរស្តម្ភស្នូល»នៃការប្រឹងប្រែងដោយសហរដ្ឋអាមេរិកដើម្បីគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Miller ថ្លែងថា៖ «កាលពីអតីតកាល នៅពេលមានបាតុកម្មកាលពីឆ្នាំ២០២២ និងឆ្នាំ ២០២៣ ជនជាតិអ៊ីរ៉ង់ម្នាក់ក្នុងបណ្តាបីនាក់បានប្រើឧបករណ៍សន្តិសុខឌីជីថលប្រឆាំងនឹងការត្រួតពិនិត្យគាំទ្រដោយអាមេរិកដូចជា VPNs ជាដើម។ មានជនជាតិអ៊ីរ៉ង់រាប់លាននាក់ដែលនៅតែបន្តប្រើឧបករណ៍ទាំងនេះរហូតមកដល់ថ្ងៃនេះ ដោយធ្វើតាមសេរីភាពអ៊ីនធឺណិតនិងធ្វើឱ្យប្រាកដប្រជាអំពីការប្រើអ៊ីនធឺណិត ដោយពលរដ្ឋអ៊ីរ៉ង់នឹងនៅតែជាសរសរស្តម្ភស្នូលមួយនៃការប្រឡូករបស់យើងក្នុងប្រទេសនេះ»។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានមានប្រសាសន៍ថា៖ «យើងនឹងជួយធ្វើឱ្យប្រាកដប្រជាថា ប្រជារាស្ត្រអ៊ីរ៉ង់មិននៅដាច់ពីគេនិងនៅក្នុងភាពងងឹតទេ»៕