Accessibility links

Breaking News

បទវិចារណកថា៖ ប៉ូលិស​អ៊ីរ៉ង់​បង្កើន​ការល្បាត​មើល​ការស្លៀកពាក់​របស់​ស្ត្រី


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​អ៊ីរ៉ង់​ម្នាក់​ឈរ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​អំឡុង​ពេល​នៃ​ការចាប់ផ្តើម​ល្បាត​របស់​ប៉ូលិស​ផ្នែក​សីលធម៌​ក្នុង​ទីក្រុង​តេហេរ៉ង់​នៃ​ប្រទេស​អ៊ីរ៉ង់។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​អ៊ីរ៉ង់​ម្នាក់​ឈរ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​អំឡុង​ពេល​នៃ​ការចាប់ផ្តើម​ល្បាត​របស់​ប៉ូលិស​ផ្នែក​សីលធម៌​ក្នុង​ទីក្រុង​តេហេរ៉ង់​នៃ​ប្រទេស​អ៊ីរ៉ង់។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ភ័ស្តុតាង​កាន់តែ​ច្រើន​ឡើង​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​សមភាព​និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​របស់​ស្ត្រី​ជាមួយ​នឹង​ស្ថិរភាព​របស់​ប្រទេស។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីរ៉ង់​បដិសេធ​មិន​ទទួល​ស្គាល់។

បន្ទាប់ពី​នាង Mahsa Amini អាយុ ២២ ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​បាន​រំលោភ​លើ​ច្បាប់​សម្លៀកបំពាក់​ឥស្លាម​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​របស់ «ប៉ូលិស​ផ្នែក​សីលធម៌» នៃ​ប្រទេស​អ៊ីរ៉ង់​កាលពី​ខែ​កញ្ញា​ ឆ្នាំ​មុន​មក ប្រទេស​នេះ​បាន​ប្រឈម​នឹង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស។ មនុស្ស​រាប់​ពាន់​នាក់​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ប៉ុន្តែ​មាន​ការ​ចូលរួម​ពី​ស្វាមី កូន​ប្រុស បង​ប្អូន​ប្រុស និង​មិត្តភក្តិ​របស់​ពួកគេ បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​នាង Amini និង​ការ​តម្រូវ​ឱ្យ​ស្ត្រី​ពាក់​កន្សែង​គ្រប​សក់​និង​សម្លៀក​បំពាក់​រលុងៗ​គ្រប​រាងកាយ។

បាតុកម្ម​ទាំង​នោះ ដែល​អ្នក​តវ៉ា​បាន​ស្រែក​បន្ទរ​ថា «ស្ត្រី! ជីវិត! សេរីភាព!» បាន​ក្លាយទៅ​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​ពុករលួយ ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​ការ​ជិះជាន់​គាប​សង្កត់​របស់​របប​ដឹកនាំ​អ៊ីរ៉ង់។ ការ​តវ៉ា​នេះ​គឺ​ជា​ការ​តវ៉ា​ដ៏​ធំ​បំផុត​ចំពោះ​ការ​ដឹកនាំ​របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​តាំងពី​ប្រទេស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៧៩ មក។

ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​បាន​ឆ្លើយតប​ដោយ​ការ​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ល្បាត​របស់​ប៉ូលិស​ផ្នែក​សីលធម៌ និង​ដោយ​ការ​បង្ក្រាប​ឃោរឃៅ​លើ​ក្រុម​អ្នក​តវ៉ា។ មនុស្ស​ប្រហែល ៥០០ នាក់​ត្រូវ​បាន​សម្លាប់ ប្រហែល ២០.០០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​យ៉ាង​ហោច​ណាស់ ៧ នាក់​ត្រូវ​បាន​ប្រហារ​ជីវិត។

ឥឡូវ​នេះ ក្នុង​ពេល ២ ខែ​មុន​ទិវា​នៃ​ការ​ចាប់​ខ្លួន​នាង Amini ប៉ូលិស​បាន​ប្រកាស​ថា ពួកគេ​នឹង «ចាប់ផ្ដើម​ភ្លាមៗ» នូវ​ការ​ល្បាត​តាម​ដង​ផ្លូវ​ដើម្បី​ជា​សញ្ញា​ព្រមាន​ដំបូង និង​បន្ទាប់មក​ចាប់​ខ្លួន​ស្ត្រី​ណា​ដែល​ប្រឆាំង ​ឬ​ក៏​បំពាន​លើ​បទដ្ឋាន​សម្រាប់​ការ​ស្លៀកពាក់។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​អាជ្ញាធរ​បាន​បិទ​កាល​ពី​ដើម​ឆ្នាំ​នេះ​នូវ​អាជីវកម្ម​ណា​ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​ថា​បាន​បម្រើ​អតិថិជន​ដែល​មិន​ពាក់​កន្សែង​គ្រប​ក្បាល។

បន្ថែម​ពី​លើ​នេះ​ទៀត ជន​ល្បី​ឈ្មោះ​មួយ​ចំនួន​បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ចំពោះ​ការ​បំពាន​ច្បាប់​ដោយ​ការ​ប្រើ​កន្សែង​គ្រប​ក្បាល​មិន​ត្រឹមត្រូវ។ ក្នុង​ចំណោម​ជន​ល្បី​ឈ្មោះ​ទាំង​នោះ គេ​ឃើញ​មាន​តួ​សម្ដែង​ស្រី​នាង Azadeh Samadi ផង​ដែរ។

សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​សេចក្ដី​រាយការណ៍​អំពី​ការ​បង្ក្រាប​ថ្មី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​លើ​ស្ត្រី​ពាក់ព័ន្ធ​នឹង​ការ​តម្រូវ​ឱ្យ​ប្រើ​កន្សែង​គ្រប​ក្បាល​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Matthew Miller បាន​និយាយ​ថា៖ «វា​ហាក់​ដូចជា​របប​ដឹកនាំ​អ៊ីរ៉ង់​មិន​បានយល់​ដឹង​អ្វី​នោះ​ទេ​ពី​ការ​តវ៉ា​កាលពី​ពេល​ថ្មីៗ​នេះ»។

អ្នក​សម្របសម្រួល​ផ្នែក​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​សម្រាប់​ទំនាក់ទំនង​ផ្នែក​យុទ្ធសាស្ត្រ​លោក John Kirby បាន​ប្រកាស​ថា៖ «ស្ត្រី​អ៊ីរ៉ង់​គួរតែ​អាច​សម្រេច​ដោយ​ខ្លួន​ឯង​អំពី​ជម្រើស​ជំនឿ​ និង​ការ​ស្លៀកពាក់​នៅ​តាម​ទី​សាធារណៈ»។

លោក​បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​លើ​សមាជិក​ប៉ូលិស​ផ្នែក​សីលធម៌​របស់​អ៊ីរ៉ង់​និង​ស្ថាប័ន​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បង្ក្រាប​ឃោរឃៅ​របស់​អ៊ីរ៉ង់​ដែល​បណ្ដាល​ឱ្យ​អ្នក​តវ៉ា​ជា​ច្រើន​បាន​ស្លាប់​និង​រង​របួស។

លោក Kirby បាន​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​ជឿ​ថា យើង​ត្រូវការ​ចាត់​វិធានការ​បន្ថែម​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​របប​ដឹកនាំ​របស់​អ៊ីរ៉ង់ យើង​នឹង​ធ្វើ​ដូច្នេះ»៕

XS
SM
MD
LG