Accessibility links

Breaking News

បទវិចារណកថា៖ ក្រុម​អ្នកកាសែត​ឋិត​នៅក្រោម​ការគំរាមកំហែង


រូបឯកសារ៖ អ្នកស្រី Alinejad Masih អ្នកកាសែត​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អ៊ីរ៉ង់ បង្ហាញ​រថយន្ត​របស់​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ដែល​យាម​នៅ​ខាងក្រៅ​លំនៅដ្ឋាន​របស់​អ្នកស្រី។
រូបឯកសារ៖ អ្នកស្រី Alinejad Masih អ្នកកាសែត​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អ៊ីរ៉ង់ បង្ហាញ​រថយន្ត​របស់​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ដែល​យាម​នៅ​ខាងក្រៅ​លំនៅដ្ឋាន​របស់​អ្នកស្រី។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក William Sweeny ​នាយក​រងការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយកាល​ពី​ពេលថ្មីៗនេះពី​ការិយាល័យមេធាវីសហរដ្ឋ​អាមេរិក​នៃ​សង្កាត់ខាង​ត្បូង​នៃ​រដ្ឋ​ New York ថា៖ ​«នេះមិន​មែន​ជាសាច់​រឿងខ្សែ​ភាពយន្តមួយ​ដែល​ស្រមើស្រមៃ​ទេ។​ យើង​ចោទ​ប្រកាន់​ថា មានក្រុម​មួយគាំទ្រ​ដោយ​រដ្ឋាភិបាលអ៊ីរ៉ង់​រួម​គំនិត​ប្រព្រឹត្ត​អំពើទុច្ចរិតដើម្បី​ចាប់​ពង្រត់អ្នក​កាសែត​ម្នាក់​ ដែលមាន​មូលដ្ឋានក្នុង​សហរដ្ឋ​អាមេរិក នៅ​លើដី​របស់​យើង ហើយ​បង្ខំ​អ្នក​ស្រីឱ្យ​វិល​ត្រឡប់ទៅ​ប្រទេស​អ៊ីរ៉ង់​វិញ»។

អ្នក​ជា​ទីដៅនៃ​ការ​ចាប់​ពង្រត់​នេះ បាន​ប្រាប់ឈ្មោះខ្លួន​ឯង​ថា ជា​អ្នកកាសែត​អ៊ីរ៉ង់​គឺ​អ្នកស្រី​ Masih Alinejad ដែលនៅពេល​នេះ​រស់នៅក្នុង​បូរី New York។ អ្នក​ស្រី​បាន​ធ្វើ​ការ​ជា​អ្នក​កាសែត​ជា​ច្រើនឆ្នាំ​មក​ហើយ​ក្នុង​ប្រទេសអ៊ីរ៉ង់​ ហើយ​បាន​ធ្វើ​ឱ្យរបប​គ្រប់គ្រង​អ៊ីរ៉ង់​ខឹង​សម្បាដោយសារការរាយការណ៍​របស់​អ្នក​ស្រី។ ចាប់​តាំង​ពី​បានរត់​គេចខ្លួនចេញ​ពី​ប្រទេស​អ៊ីរ៉ង់នៅ​ឆ្នាំ​២០០៩​មក​ អ្នកស្រី Alinejad បាន​ល្បី​ឈ្មោះដោយសារយុទ្ធនាការរបស់​អ្នក​ស្រី​តាម​បណ្តាញ​សង្គមប្រឆាំង​នឹងការ​តម្រូវឱ្យប្រើ​កន្សែង​គ្រប​លើ​ក្បាល​មិន​ឱ្យ​ឃើញ​សក់​ហៅ​ hijab ក្នុងប្រទេស​អ៊ីរ៉ង់។ ​អ្នកស្រីក៏​ធ្វើការជាអ្នក​សម្របសម្រួល​កម្មវិធី​ទូរទស្សន៍មួយមាន​ការ​និយមច្រើនតាម​វីអូអេផង​ដែរផ្សាយ​តាម​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ Jen Psaki អ្នក​នាំ​ពាក្យសេតវិមាន​បាន​ថ្កោលទោស​«ការ​លប​ធ្វើ​អំពើ​អាក្រក់នាំឱ្យ​មានគោះថ្នាក់​និងគួរ​ឱ្យ​ស្អប់​ខ្ពើម​នេះ»​ ហើយ​អ្នកស្រី​បាន​ហៅ​សកម្មភាពរបស់អ៊ីរ៉ង់​«ក្នុង​ការប៉ុនប៉ង​បំបិទ​មាត់»ក្រុម​ជនដែលធ្វើការ​ដោយ​សន្តិវិធីនៅខាងក្នុង​និងខាងក្រៅ​ប្រទេស​អ៊ីរ៉ង់​ថា​ជា​«ការធ្វើ​ឱ្យ​ហួស​ចិត្ត»។ ប្រទេស​អ៊ីរ៉ង់ឋិត​នៅ​លំដាប់​ថ្នាក់​ទី១៧៤​ក្នុង​បណ្តាប្រទេស​១៨០លើ​សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក​ឆ្នាំ​២០២១​ រៀប​ចំដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន។ អង្គការសេរីភាពសារព័ត៌មាន​នេះបាន​និយាយ​យោង​ដល់​«កិច្ច​ខិតខំ​ប្រឹង​ប្រែងគ្មានមេត្តា​របស់​របប​គ្រប់គ្រង​អ៊ីរ៉ង់​ដើម្បី​ត្រួតត្រា​ក្រុម​អ្នក​កាសែត»​ដោយ​មាន​រួម​បញ្ចូលការ​សាកសួរ​ចម្លើយ ការចាប់​ដាក់គុក​ និង​ការប្រហារ​ជីវិត។

ប៉ុន្តែប្រទេស​អ៊ីរ៉ង់​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ជីវិត​អ្នកសារព័ត៌មាន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Antony Blinken បានកត់​សម្គាល់​ថា ​របាយការណ៍​ថ្មី​បំផុតរបស់​ក្រសួង​ការបរទេសស្តី​ពី​សិទ្ធិ​មនុស្សនិយាយ​យោង​ដល់ករណី​រាប់​សិបនៃ​អ្នក​ធ្វើការ​ខាងបណ្តាញ​ព័ត៌មានដែល​ត្រូវ​បាន​បំភិតបំភ័យ វាយ​ប្រហារនិង​សម្លាប់​ដោយសារការងារ​របស់​ពួក​គេ។ គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មានបាន​រាយការណ៍​ថាក្នុង​ឆ្នាំ​២០២០ ចំនួនអ្នក​សារព័ត៌មានត្រូវ​សម្លាប់ជា​ការ​សងសឹក​ដល់ការ​រាយការណ៍​របស់​ពួក​គេ​បាន​កើនច្រើន​ជាង​ពីរ​ដង ដោយប្រទេស​ម៉ិកស៊ិកនិង​ប្រទេសអាហ្វហ្គានីស្ថានមាន​ចំនួន​នៃការ​សម្លាប់​ច្រើន​ជាង​គេ។ ហើយ​បើ​តាម CPJ ថា ចំនួន​ក្រុមអ្នក​សារព័ត៌មាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារដោយសារ​ការ​រាយការណ៍របស់​ពួក​គេកាល​ពីឆ្នាំ២០២០ បានឡើងដល់​កម្រិតខ្ពស់​បំផុតចាប់​តាំង​ពី​អង្គការ​នេះចាប់ផ្តើម​តាម​ដាន ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេសតួកគី​ និង​ប្រទេស​អេហ្ស៊ីប ​បាន​ដាក់គុកអ្នក​កាសែត​ច្រើន​ជាង​គេកាល​ពី​ឆ្នាំ​ទៅ​មិញ។

ក្រោយពី​អ្នក​ស្រី Masih Alinejad បាន​ដឹងអំពី​ផែនការ​លប​ធ្វើ​អំពើ​អាក្រក់ចាប់​ពង្រត់​អ្នក​ស្រី​ អ្នក​ស្រី​បាន​ប្តេជ្ញា​ជំរុញការងារ​អ្នក​ស្រី​ថែម​ទៀត។ អ្នកស្រីបាន​និយាយថា៖ «របួស​ទាំ​ង​នេះធ្វើឱ្យខ្ញុំ​ខ្លាំង​ជាង​មុន»។ នេះ​ជា​ស្មារតី​របស់​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់នៅ​ទូទាំង​ពិភពលោក ដែល​នៅ​តែនិយាយពី​ការ​ពិតអំពី​អ្នក​កាន់​អំណាច​ ដោយមិន​គិត​អំពី​គ្រោះថ្នាក់​ទេ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ Blinken បាន​មាន​ប្រសាសន៍​ថា៖ «ព័ត៌មាន​ពិតនិង​ត្រឹមត្រូវផ្តល់ដោយ​បណ្តាញព័ត៌មាន​ឯករាជ្យ​ជា​គ្រឹះសម្រាប់​ឱ្យមាន​សង្គមសំបូរ​រុងរឿង​និង​ប្រជាធិបតេយ្យ​...យើងអំពាវនាវ​ដល់រដ្ឋាភិបាល​ទាំង​អស់​ធ្វើ​ឱ្យ​ប្រាកដ​ប្រជាអំពី​សុវត្ថិភាពបណ្តាញផ្សាយ​ព័ត៌មាននិង​ការពារ​ក្រុម​អ្នក​កាសែតឱ្យអាច​ធ្វើ​ការងាររបស់ពួក​បានដោយ​គ្មាន​ការភ័យខ្លាចអំពី​អំពើ​ហិង្សា​ ការ​គំរាម​កំហែង ឬការ​ចាប់​ឃុំឃាំង​ដោយ​អយុត្តិធម៌»៕

XS
SM
MD
LG