Accessibility links

Breaking News

បទវិចារណកថា៖ គុយបា​ នៅតែ​បង្ក្រាប​លើ​ការ​បញ្ចេញមតិ​សេរី


រូបឯកសារ៖ ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការប្រមូលផ្តុំគ្នា​ជា​ការសាមគ្គី​ជាមួយ​សកម្មជន​គុយបា និង​បាតុករ​ដែល​បាន​ប្រមូលផ្តុំគ្នា​នៅ​ទីប្រជុំជន​នៃ​ទីក្រុង Miami រដ្ឋ Florida។
រូបឯកសារ៖ ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការប្រមូលផ្តុំគ្នា​ជា​ការសាមគ្គី​ជាមួយ​សកម្មជន​គុយបា និង​បាតុករ​ដែល​បាន​ប្រមូលផ្តុំគ្នា​នៅ​ទីប្រជុំជន​នៃ​ទីក្រុង Miami រដ្ឋ Florida។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែលឆ្លះបញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

គ្មាន​នរណា​ម្នាក់ភ្ញាក់ផ្អើល​ឡើយ ដែលការ​សន្យា​របស់​រប​ប​គ្រប់គ្រង​គុយបាថា​ ធ្វើការ​សន្ទនាជា​មួយពួក​បាតុករ​វ័យ​ក្មេង​ដោយសន្តិវិធីមានគ្នីគ្នា​រាប់​រយនាក់​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បានប្រមូល​ផ្តុំ​គ្នាតវ៉ា​អំពី​ការខ្វះខាត​សេរីភាពខាងការ​និយាយ​ស្តីបញ្ចេញ​មតិ​ក្នុង​ប្រទេសគុយបា​នោះ មានរយៈពេល​ខ្លី។ ក្នុង​ពេល​តិចជាង​២៤​ម៉ោង​នៅ​ក្រោយ​ជំនួប​មួយ​ជា​មួយពួក​តំណាងក្រុម​បាតុករ​និងអនុរដ្ឋមន្ត្រីវប្បធម៌​ លោក Fernando Rojas របប​គ្រប់គ្រង​នេះ​ ​បានបោះចោល​ឱកាសមួយដើម្បី​គោរព​សិទ្ធិរបស់​ប្រជារាស្ត្រ​គុយបា។ លោក Rojas បានបរិហារ​រិះគន់ពួក​បាតុករនិង​ច្រានចោល​កង្វល់របស់​ពួក​គេ​អំពី​ការត្រួត​ពិនិត្យ​ និង​ការវាយប្រហាររបស់​ពួក​ប៉ូលិសទៅ​លើក្រុម​សិល្បករ​ឯករាជ្យ។

មនុស្ស​ជា​ច្រើន​នាក់​ក្នុងបណ្តា​ពួក​បាតុករ​ទាំង​នេះ​ ជា​សមាជិក​នៃចលនា​ San Isidro ដែលជា​ក្រុម​អ្នក​និពន្ធ​ សិល្បករ​ អ្នក​តន្ត្រី និង​ពល​រដ្ឋ​ឯទៀតៗ​ ដែលខឹង​សំបារនឹង​ការ​រឹតត្បិតដាក់​បន្ត​ទៅ​ទៀត​លើ​ពួក​គេ​ដោយ​របបគ្រប់គ្រង​នេះ​ ដោយ​មានរួម​បញ្ចួលច្បាប់​មួយតម្រូវ​ឱ្យសកម្មភាពសិល្បៈ​ទាំងអស់​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋាភិបាល។ កាល​ពី​ពេល​ថ្មីបំផុត​នេះ​ ពួកបាតុករបាន​តវ៉ា​ប្រឆាំង​នឹង​ការកាត់​ទោសសមាជិក​សំខាន់​ៗ​នៃ​ក្រុម​នេះ ដែល​ក្នុង​ចំណោម​នោះ​ មានលោក Denis Solis Gonzalez ដែល​ជា​តន្ត្រីករ ដោយ​សារ​លោកបាន​សម្តែង​មតិផ្ទាល់​ខ្លួន​ដោយ​ឯករាជ្យ។

របប​គ្រប់​គ្រងគុយ បានយក​លោក Solis ជា​ទីដៅច្រើន​ដង​មក​ហើយដោយសារ​លោក​បាន​ប្រើសេរីភាព​របស់​លោក​ក្នុង​ការ​និយាយ​ស្តីបញ្ចេញមតិ​ ដោយលោក​បានបរិហារ​រិះគន់ការ​រំលោភ​លើ​សិទ្ធិ​មនុស្សក្នុង​ប្រទេស​គុយបា ​ហើយ​អាជ្ញាធរបាន​ចាប់​លោក​កាល​ពី​ថ្ងៃទី៩ ​វិច្ឆិកា។ អាជ្ញាធរគុយបា ​បា​ន​ឃុំឃាំង​លោក Solis បី​ថ្ងៃដោយ​មិន​ឱ្យ​មាន​សិទ្ធិទាក់​ទង​ និងជួប​ជា​មួយ​នរណាឡើយ​នៅ​មុន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​៨​ខែ​អំពី​បទ​ចោទប្រកាន់ថា«ប្រមាថ»។

អាជ្ញាធរគុយបា ​បា​ន​ចាប់​ខ្លួន​អ្នកកាសែត ​និងអ្នក​កាពារសិទ្ធិ​មនុស្សរាប់​សិបនាក់ដែល​ស្វះ​ស្វែងរក​ព័ត៌មាន​អំពីករណីលោក ឬ​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​លោក។ ​ទោះ​ណា​មាន​ការ​ឆ្លើយ​តប​ឃោរឃៅដោយ​រដ្ឋាភិបាល​ក៏ដោយ​ ក៏​បាតុកម្មទាក់​ទិននឹង​ករណី​លោកនិង​ការ​គ្មានសេរីភាព​ខាង​ការនិយាយ​ស្តី​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេសគុយបា មាន​តទៅ​ទៀត ហើយ​ក៏​មានការ​វាយ​ប្រហារនិង​ការចាប់​ខ្លួនដោយ​ពួក​ប៉ូលិស​ថែមទៀត​ផង។

សមាជិក​សហគមន៍​អន្តរជាតិ បានសម្តែ​ង​ការប្រឆាំងចំពោះ​ការបង្ក្រាបនេះ​ ដោយមាន​រួមទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Amnesty International។ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ក៏​បានប្រកាន់គោលជំហរ​ខ្លាំង​មួយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ជា​លាយលក្ខណ៍អក្សរ​ លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បាន​និយាយថា «សហរដ្ឋ​អាមេរិក​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការយាយីរបស់​របបគ្រប់គ្រង​គុយបា​លើ​ក្រុម​បាតុករដែល​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំងនឹង​ការឃុំឃាំង​លោក Denis Solis Gonzalez អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ក្នុង​ពន្ធនាគារ​។​ យើងសុំ​ឲ្យរដ្ឋាភិបាល​គុយបា​ លុបចោល​ការដាក់ទោសដោយ​អយុត្តិធម៌​នេះ ហើយ​ដោះលែង​លោកដោយ​គ្មាន​លក្ខ​ខ័ណ្ឌ»។

លោក​រដ្ឋមន្ត្រី Pompeo បានមានប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក ឈរក្នុង​សាមគ្គីភាព​ជា​មួយប្រជារាស្ត្រ​គុយបា​ ហើយ​យើង​នឹង​បន្ត​រិះគន់ការរំលោភជាក់​ស្តែង​ទាំង​នេះ​ ​ប្រឆាំង​នឹង​ជនជាតិ​គុយបាដែលប្រើ​សិទ្ធិ​របស់ពួក​គេ។ យើង​អំពាវនាវ​ដល់ពួក​ដៃគូ​ប្រជាធិបតេយ្យទាំងអស់នៅ​ទូទាំង​ពិភពលោក​ ឱ្យបង្កើន​សំឡេងរបស់​ពួក​គេ​និង​យក​ការ​គោរពសិទ្ធិ​មនុស្ស​ជាការ​តម្រូវ​ឲ្យមាន​ជា​មុនសម្រាប់​ការ​ទាក់ទង​ណា​មួយ​ជា​មួយរបបគ្រប់គ្រងរបស់លោក Castro»៕

XS
SM
MD
LG