Accessibility links

Breaking News

បទវិចារណកថា៖ អ្នកកាសែត​ឯករាជ្យ ត្រូវបាន​ចាប់ខ្លួន​នៅ​វៀតណាម


សន្ទស្សន៍​ស្តីពី​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ​២០២១ របស់​អង្គការ​ RSF បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​ក្នុង​ពិភពលោក​ឆ្នាំ២០២១ ត្រូវបាន​រារាំង​នៅក្នុង​ប្រទេស​ជាង១៣០។
សន្ទស្សន៍​ស្តីពី​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ​២០២១ របស់​អង្គការ​ RSF បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​ក្នុង​ពិភពលោក​ឆ្នាំ២០២១ ត្រូវបាន​រារាំង​នៅក្នុង​ប្រទេស​ជាង១៣០។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លោក Nguyen Thanh Nha លោក Doan Kien Giang និង​លោក Nguyen Phuoc Trung Bao ដែល​ជា​អ្នក​កាសែត​ឯករាជ្យ ៣ រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ក៏​ដូចជា​លោក Truong Chau Huu Danh ដែល​ជា​សហការី​របស់​ពួកគេ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​ផង​ដែរ។

អ្នក​ទាំង ៤ ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​មាត្រា ៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។ ក្រម​ព្រហ្មទណ្ឌ​នេះ​ហាមឃាត់ «ការ​ប្រើ​សេរីភាព​ប្រជាធិបតេយ្យ​ហួស​កម្រិត​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​រដ្ឋ»។ ការ​ផ្តន្ទាទោស​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ​គឺ​ត្រូវ​ជាប់​ពន្ធនាគារ៧ ឆ្នាំ។

លោក Tuong Chau Huu Danh គឺ​ជា​ស្ថាបនិក​មួយ​រូប និង​ជា​អ្នក​សរសេរ​អត្ថបទ​ឲ្យ​សារព័ត៌មាន​ឯករាជ្យ​តាម Facebook ឈ្មោះ Bao Sach ដែល​មាន​ន័យ​ថា «សារព័ត៌មាន​ស្អាតស្អំ»។

បើ​យោង​តាម​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (Committee to Protect Journalists) ដែល​ជា​អង្គការ​ឯករាជ្យ​មិន​ស្វែងរក​ប្រាក់​កម្រៃ​មួយ នៅ​ពេល​ដែល​លោក Danh ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២០ សារព័ត៌មាន Bao Sach មាន​អ្នក​អាន​ជា​ប្រចាំ​ជាង ១០០.០០០ នាក់ នៅ​លើ Facebook។

សារព័ត៌មាន​នេះ​ផ្ដោត​លើ​ប្រធានបទ​មួយ​ចំនួន​ដូចជា​អំពើ​ពុករលួយ​ជាដើម និង​បាន​បង្ហោះ​រូបថត​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​សង្ស័យ​ពី​បទ​ពុករលួយ។ ទំព័រ Facebook របស់​សារព័ត៌មាន Bao Sach ត្រូវ​បាន​បញ្ឈប់​ដំណើរការ បន្ទាប់ពី​លោក Danh ត្រូវ​បាន​ចាប់ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖ «ការ​ចាប់​ខ្លួន​អ្នក​កាសែត​ទាំង ៤ រូប​នេះ គឺ​ជា​ព្រឹត្តិការណ៍​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ទំនោរ​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​នៃ​ការ​ចាប់​ខ្លួន ​និង​ការ​ផ្ដន្ទាទោស​ពលរដ្ឋ​វៀតណាម​ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​វៀតណាម»។

លោក Price បាន​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​អ្នក​ទាំង​អស់​នោះ ដែល​ត្រូវ​បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌ និង​អនុញ្ញាត​ឲ្យ​បុគ្គល​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀតណាម​បញ្ចេញ​មតិ​របស់​ខ្លួន​ដោយ​សេរី ​និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា ​មាន​ការ​សងសឹក។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា ទង្វើ​របស់​ខ្លួន​គឺ​ស្រប​តាម​ខ​ដែល​ចែង​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​វៀតណាម និង​ស្រប​តាម​កាតព្វកិច្ច​និង​ការ​ប្ដេជ្ញា​ជា​អន្តរជាតិ​របស់​ខ្លួន»។

លោក Price បាន​បន្ថែម​ថា៖ «សេរីភាព​សារព័ត៌មាន​ គឺ​ជា​មូលដ្ឋាន​សម្រាប់​តម្លាភាព​និង​អភិបាល​កិច្ច​ដែល​មាន​ការ​ទទួល​ខុសត្រូវ។ ជា​រឿយៗ អ្នក​និពន្ធ អ្នក​សរសេរ​ប្លុក និង​អ្នក​កាសែត​ធ្វើ​កិច្ចការ​របស់​ពួកគេ​ដោយ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ សហរដ្ឋ​អាមេរិក​ជំរុញ​រដ្ឋាភិបាល​ និង​ពលរដ្ឋ​នានា​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ធានា​យ៉ាង​ណា​ឲ្យ​មាន​ការ​ការពារ​ចំពោះ​អ្នក​ទាំង​នោះ»៕

XS
SM
MD
LG