តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្ដាច់លទ្ធភាពរបស់ពលរដ្ឋភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋទាំង ៨០ លាននាក់របស់ប្រទេសអ៊ីរ៉ង់មិនឱ្យចូលទៅប្រើប្រាស់អ៊ីនធឺណិតបាន ដើម្បីរារាំងពួកគេនិងពិភពលោកមិនឱ្យមើលការបង្ក្រាបដោយហិង្សារបស់ខ្លួនលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ ការតវ៉ាដោយសន្តិវិធីនេះបានធ្វើឡើងដោយសារការស្លាប់របស់ស្ត្រីអ៊ីរ៉ង់ម្នាក់ឈ្មោះ Mahsa Amini នៅក្រោមដៃរបស់ប៉ូលិសអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា៖ «នាង Mahsa Amini បានស្លាប់យ៉ាងខ្លោចផ្សានិងដោយមិនសមហេតុផល ហើយឥឡូវនេះរដ្ឋាភិបាល [អ៊ីរ៉ង់] កំពុងបង្ក្រាបយ៉ាងហិង្សាលើក្រុមអ្នកតវ៉ាដោយសន្តិវិធីដែលមានការខឹងសម្បាយ៉ាងត្រឹមត្រូវចំពោះការស្លាប់របស់នាង Amini។ ករណីនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលអ៊ីរ៉ង់ខ្លាចប្រជាពលរដ្ឋខ្លួនឯង»។
នាង Amini ត្រូវបានប៉ូលិសអ៊ីរ៉ង់ចាប់ខ្លួនដោយសារតែនាងមិនពាក់ក្រណាត់គ្របមុខឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ។ នាងបានរងគ្រោះដោយសារមុខរបួសធ្ងន់ធ្ងរនៅពេលដែលនាងជាប់ឃុំ ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីនាងបានសន្លប់។
មនុស្សយ៉ាងហោចណាស់ចំនួន ៧៦ នាក់ត្រូវបានសម្លាប់និងជាង ១.២០០ នាក់ត្រូវបានចាប់ខ្លួននៅ ទូទាំងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
ក្រុមអ្នកតវ៉ាបានទាមទារឱ្យមានការបញ្ចប់ការតម្រូវឱ្យប្រើក្រណាត់គ្របមុខនៅតាមទីសាធារណៈនេះនិងការបំពានផ្សេងៗទៀតលើសិទ្ធិរបស់ស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់។ ការតវ៉ានេះបានរីករាលដាលទៅ ដល់ទីក្រុងយ៉ាងតិច ៨០ នៅទូទាំងប្រទេសអ៊ីរ៉ង់។
ស្របពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់បាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធីនិងកាត់ផ្ដាច់លទ្ធភាពរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់នៅក្នុងការប្រើប្រាស់អ៊ីនធឺណិត សហរដ្ឋអាមេរិកកំពុងចាត់វិធានការដើម្បីជួយប្រជាពលរដ្ឋអ៊ីរ៉ង់ឱ្យមានលទ្ធភាពដោយសេរីនៅក្នុងការទទួលបានព័ត៌មានតាមអ៊ីនធឺណិត។
ហេតុដូចនេះហើយបានជាការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានចេញអាជ្ញាបណ្ណទូទៅ D-2 ដែលជាលិខិតអនុញ្ញាតទូលំទូលាយជាងមុនមួយដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យានានាផ្ដល់សេវាកម្មអ៊ីនធឺណិតបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីលទ្ធភាពនៅក្នុងការប្រើប្រាស់សេវាប្រព័ន្ធ cloud តាមអ៊ីនធឺណិតរហូតដល់ឧបករណ៍មានប្រសិទ្ធភាពជាងមុនផ្សេងៗដើម្បីពង្រឹងសន្តិសុខតាមអនឡាញនិងឯកជនភាពរបស់ពួកគេ។
ជំហានទាំងនេះនឹងជួយផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋអ៊ីរ៉ង់នៅក្នុងការទប់ទល់ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងការតាមឃ្លាំមើលនិងត្រួតពិនិត្យលើពួកគេ។
ដោយសារអាជ្ញាបណ្ណទូទៅ D-2 នេះ ឥឡូវនេះវាអាស្រ័យលើក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងការសម្រេចថាតើត្រូវផ្ដល់សេវាដែលមានការអនុញ្ញាតទាំងនេះដល់ប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏យ៉ាងណានោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តកំណត់ឱកាសទាំងនោះដើម្បីគាំទ្រដល់លទ្ធភាពរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់នៅក្នុងការទាក់ទងដោយសេរីនិងដោយគ្មានការភ័យខ្លាចថាមានការសងសឹកពីរដ្ឋាភិបាលអ៊ីរ៉ង់៕