តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងសមាជិក ៤រូបរបស់បណ្តាញភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់របបអ៊ីរ៉ង់។
ចំណាត់ការនេះ កើតមានឡើងបន្ទាប់ពីការប្រកាសកាលពីខែកក្កដារបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិកសម្រាប់ស្រុកខាងត្បូងនៃរដ្ឋ New York អំពីការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិអ៊ីរ៉ង់ ៤នាក់ចំពោះការប៉ុនប៉ងចាប់ពង្រត់ពលរដ្ឋអាមេរិកាំងនៅលើទឹកដីសហរដ្ឋអាមេរិក ហើយបង្ខំឲ្យអ្នកស្រីវិលត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់។
ការដៅនៃការចាប់ពង្រត់ បានកំណត់អត្តសញ្ញាណថា ជាអ្នកស្រី Masih Alinejad ជាអ្នកកាសែតអាមេរិកាំងដើមកំណើតអ៊ីរ៉ង់ ជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នករិះគន់របបអ៊ីរ៉ង់ដែលស្ថិតនៅក្នុងចំណោមសកម្មជនផ្សេងទៀតដែលបានរៀបចំកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពសម្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិក (VOA)។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានហៅផែនការចាប់ពង្រត់នេះថា ជា«ការរំលោភដ៏ធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិដ៏សំខាន់»។ លោកបានចង្អុលបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ថា ហួសពីផែនការដ៏ជាក់លាក់នេះ «សហរដ្ឋអាមេរិកនៅតែដឹងអំពីការបន្តការយកចិត្តទុកដាក់របស់អ៊ីរ៉ង់ដៅលើពលរដ្ឋអាមេរិកាំងផ្សេងទៀត រួមទាំងមន្ត្រីសហរដ្ឋអាមេរិកដែលកំពុងបម្រើការងារនៅពេលបច្ចុប្បន្ននិងកាលពីអតីតកាល»។
ជនជាតិអ៊ីរ៉ង់ ៤នាក់ដែលរងការដាក់ទណ្ឌកម្មទាំងនោះគឺ លោក Alireza Shahvaroghi Farahani មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ដែលមានទីតាំងក្នុងប្រទេសអ៊ីរ៉ង់ដែលដឹកនាំបណ្តាញការងាររបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលរួមមានបុគ្គល៣នាក់ទៀតដែល រងការដាក់ទណ្ឌកម្មគឺ៖ Mahmoud Khazein, Kiya Sadeghi និង Omid Noor។ លោករដ្ឋមន្ត្រីការបរទេស Blinken បានថ្លែងទៀតថា បណ្តាញនេះ មានភារកិច្ចមិនត្រឹមតែចាប់ពង្រត់អ្នកកាសែតអាមេរិកាំងដើមកំណើតអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចាប់ពង្រត់ពួកអ្នកប្រឆាំងអ៊ីរ៉ង់នៅក្នុងចក្រភពអង់គ្លេស កាណាដានិងប្រទេសអេមីរ៉ាតអារ៉ាប់រួមដែរ។
ភ្នាក់ងារអ៊ីរ៉ង់៤នាក់ដែលត្រូវបានគេចាត់ទុកជាតំណាងឲ្យក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខរបស់អ៊ីរ៉ង់ ឬ MOIS ជាអង្គភាពដែលមានទីតាំងនៅសហរដ្ឋអាមេរិកនិងជាស្ថាប័នដែលគេភ័យខ្លាចបំផុតមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ដូចដែលក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានកត់សម្គាល់នៅក្នុងការប្រកាសដាច់ដោយឡែកមួយអំពីការដាក់ទណ្ឌកម្មប្រឆាំងបណ្តាញការងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ថា «MOIS បានដើរតួនាទីដ៏សំខាន់នៅក្នុងការរំលោភសិទ្ធិមនុស្សដ៏ព្រៃផ្សៃរបស់រដ្ឋាភិបាលអ៊ីរ៉ង់ប្រឆាំងនឹងពលរដ្ឋអ៊ីរ៉ង់» ហើយ «ការបង្ក្រាបរបស់អ៊ីរ៉ង់ដែលជារឿយៗធ្វើឡើងដោយក្រសួង MOIS ក៏មានហួសពីព្រំដែនពីប្រទេសអ៊ីរ៉ង់ដែរ ដោយមានផែនការប្រហាក់ប្រហែលគ្នានៅទ្វីបអឺរ៉ុបនិងទីកន្លែងផ្សេងទៀត»។
ការដាក់ទណ្ឌកម្មលើភ្នាក់ងារអ៊ីរ៉ង់៤នាក់នេះមានន័យថា ទ្រព្យសម្បត្តិណាក៏ដោយដែលពួកគេកាន់កាប់នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានបិទខ្ទប់ មិនមានពលរដ្ឋសហរដ្ឋអាមេរិកណាម្នាក់អាចធ្វើពាណិជ្ជកម្មជាមួយពួកគេ ហើយស្ថាប័នហិរញ្ញវត្ថុបរទេសដែលទាក់ទិននៅក្នុងការធ្វើពាណិជ្ជកម្មសំខាន់ៗជាមួយពួកគេក៏ត្រូវរងការដាក់ទណ្ឌកម្មដែរ។
លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិក «នឹងមិនអនុគ្រោះដល់ការខំប្រឹងប្រែងដើម្បីបំភិតបំភ័យដល់អ្នកកាសែតឯករាជ្យ ឬបំបិទសំឡេងរបស់ពួកគេទេ។ យើង នឹងធ្វើឲ្យពួកគេទទួលខុសត្រូវ។ ហើយយើងនឹងមិនអនុគ្រោះដល់ការវាយប្រហារណាមួយលើពលរដ្ឋសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ ឬនៅបរទេសនោះទេ»៕