Accessibility links

Breaking News

បទវិចារណកថា៖ ការគាំទ្រ​សេរីភាព​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់


រូបឯកសារ៖ ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​អ៊ីរ៉ង់។
រូបឯកសារ៖ ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​អ៊ីរ៉ង់។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ពេញចិត្ត​នៅ​ក្នុង​ការ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ការ​មូលមតិ​គ្នា​របស់​សម្ព័ន្ធភាព​សេរីភាព​អនឡាញ (Freedom Online Coalition (FOC)) អំពី​ការ​បិទ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

សមាជិក​នៃ​សម្ព័ន្ធភាព​សេរីភាព​អនឡាញ​នេះ​គឺ​ជា​ប្រទេស​ដែល​តាំងចិត្ត​នៅ​ក្នុង​ការ​ការពារ​និង​លើក​កម្ពស់​សេរីភាព​តាម​អនឡាញ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។ ចាប់តាំងពី​ពេល​ដែល​សម្ព័ន្ធភាព​នេះ​បាន​បង្កើត​ឡើង​មក សមាជិក​នៃ​ក្រុម​នេះ​បាន​កើន​ពី ១៥ ប្រទេស​នៅ​ក្នុង​ឆ្នាំ ២០១១ ទៅ ៣៤ ប្រទេស​នៅ​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ប្រទេស​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​សេរីភាព​អនឡាញ​នេះ «ថ្កោលទោស​ខ្លាំងក្លា​លើ​វិធានការ​នានា​ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង​ដើម្បី​ដាក់​កំហិត​លើ​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត បន្ទាប់ពី​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ទាក់ទិន​នឹង​ការ​ស្លាប់​ដ៏​គួរ​ឱ្យ​ខ្លោចផ្សា​របស់​នាង Mahsa Amini»។

ដោយ​បន្ត​នូវ​លំនាំ​នៃ​ការ​ត្រួតត្រា​ជា​យូរ​មក​ហើយ​របស់​ខ្លួន​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បិទ​អ៊ីនធឺណិត​មួយ​ផ្នែក​ធំ​ម្ដង​ទៀត​សម្រាប់​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៨០ លាន​នាក់​របស់​ខ្លួន តាម​រយៈ​ការ​កាត់ផ្ដាច់​ទិន្នន័យ​ចល័ត ការ​បង្អាក់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អនឡាញ​ដែល​មាន​ប្រជាប្រិយ​ភាព​នានា ការ​បិទ​សេវា​អ៊ីនធឺណិត និង​ការ​រារាំង​ការ​ផ្ញើ​សារ​និង​សេវា​ផ្សេងៗ​ទៀត។

ប្រជាពលរដ្ឋ​អ៊ីរ៉ង់​រាប់​លាន​នាក់​ពឹងផ្អែក​លើ​មធ្យោបាយ​ទាំង​នេះ​និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ទាក់ទង​គ្នា​និង​ទាក់ទង​ទៅ​កាន់​ពិភពលោក។ តាម​រយៈ​ការ​រារាំង ការ​រឹតត្បិត ឬ​ក៏​ការ​បិទ​សេវា​ទាំង​នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​កំពុង​គាប​សង្កត់​សិទ្ធិ​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី​និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្ដុំ​គ្នា​និង​ការ​បញ្ចេញ​មតិ។

វិធានការ​ទាំង​នេះ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ធ្វើ​ឱ្យ​សឹក​រេចរឹល​ដល់​លំហ​ពលរដ្ឋ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ស្រពិចស្រពិល​បន្ថែម​ទៀត និង​បង្អាក់​ដល់​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល សេវា​សង្គ្រោះ​បន្ទាន់ និង​សេវា​ហិរញ្ញវត្ថុ។

កង្វះ​អ៊ីនធឺណិត​ក៏​បង្អាក់​ផង​ដែរ​ដល់​ការ​បើក​ប្រាក់​បៀវត្សរ៍ ការ​បង់​ថ្លៃ​ទឹក​និង​អគ្គិសនី និង​ការ​អប់រំ។ កង្វះ​អ៊ីនធឺណិត​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ដទៃ​ទៀត​ខ្វះ​លទ្ធភាព​នៅ​ក្នុង​ការ​រាយការណ៍​និង​កត់ត្រា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឬ​ក៏​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​ដែល​កើតឡើង​នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​បិទ​អ៊ីនធឺណិត។

សម្ព័ន្ធភាព​សេរីភាព​អនឡាញ «អំពាវនាវ​យ៉ាង​ដាច់​អហង្កា​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីរ៉ង់​ដក​ចេញ​ជា​បន្ទាន់​នូវ​ការ​ដាក់​កំហិត​ដែល​មាន​បំណង​បង្អាក់​ឬ​ក៏​រារាំង​ពលរដ្ឋ​អ៊ីរ៉ង់​មិន​ឱ្យ​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ប្រើប្រាស់​និង​ចែក​ផ្សាយ​ព័ត៌មាន​តាម​អនឡាញ និង​នៅ​ក្នុង​ការ​ទាក់ទង​ដោយ​សុវត្ថិភាព​និង​មាន​សន្តិសុខ​ល្អ។ យើង​ក៏​អំពាវនាវ​ផង​ដែរ​ឱ្យ​អាជ្ញាធរ​អ៊ីរ៉ង់​កុំ​បិទ​អ៊ីនធឺណិត​ទោះបី​មួយ​ផ្នែក​ឬ​ក៏​ទាំងស្រុង​ក៏ដោយ កុំ​រារាំង​ឬ​ក៏​រឹតត្បិត​សេវា​អ៊ីនធឺណិត និង​ត្រូវ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​លើក​កម្ពស់​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ចេញ​នូវ​អាជ្ញាបណ្ណ​ទូទៅ D-2 ដែល​ជា​លិខិត​អនុញ្ញាត​ទូលំទូលាយ​ជាង​មុន​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​បន្ថែម​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាំងពី​លទ្ធភាព​នៅ​ក្នុង​ការ​ប្រើប្រាស់​សេវា​ប្រព័ន្ធ cloud តាម​អ៊ីនធឺណិត​រហូត​ដល់​ឧបករណ៍​មាន​ប្រសិទ្ធភាព​ជាង​មុន​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​តាម​អនឡាញ​និង​ឯកជនភាព​របស់​ពួកគេ។

សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត​នៃ​សម្ព័ន្ធភាព​សេរីភាព​អនឡាញ​គាំទ្រ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ដែល​ចង់​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ទាំង​តាម​អនឡាញ​និង​មិន​តាម​អនឡាញ៕

XS
SM
MD
LG