តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
តាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ថា ប្រទេសអ៊ីរ៉ង់បានបង្កើនអត្រាការផលិតសារធាតុអ៊ុយរ៉ានីយ៉ូមសម្រិតសម្រាំងរបស់ខ្លួនរហូតដល់៦០% នៅរោងចក្រនុយក្លេអ៊ែរ Natanz និង Fordow របស់ខ្លួន។ នេះជាកម្រិតនៃភាពសុទ្ធជិតដល់កម្រិតសម្រាប់ផលិតអាវុធបាន។ កាលពីពាក់កណ្តាលឆ្នាំ២០២៣ អ៊ីរ៉ង់បានពន្យឺតការផលិតសារធាតុអ៊ុយរ៉ានីយ៉ូមសម្រិតសម្រាំងរបស់ខ្លួន។ នៅពេលនេះ ការពន្យឺតនេះត្រូវបានប្រែក្រឡាស់ហើយ។
សេចក្តីថ្លែងការណ៍រួមមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសចែងថា «ការរកឃើញទាំងនេះជាជំហានថយក្រោយដោយអ៊ីរ៉ង់ ហើយនឹងនាំឱ្យអ៊ីរ៉ង់បង្កើនបីដងផលិតកម្មប្រចាំខែរបស់ខ្លួននៃអត្រាសម្រិតសម្រាំងអ៊ុយរ៉ានីយ៉ូមរហូតដល់៦០%»។
ការប្រែក្រឡាស់ដោយអ៊ីរ៉ង់នៃការបន្ថយផលិតកម្មពីពេលមុនរបស់ខ្លួនមានឡើងនៅពេលដែលពួកកូនអុករបស់ខ្លួននៅមជ្ឈិមបូព៌ា មានរួមក្រុមហាម៉ាស់ Hezbollah កងជីវពលក្នុងប្រទេសអ៊ីរ៉ាក់និងស៊ិរី ព្រមទាំងពួកសកម្មប្រយុទ្ធ Houthi ផងបានវាយប្រហារលើអ៊ីស្រាអែល កងកម្លាំងសហរដ្ឋអាមេរិក និងនាវាចរណ៍អន្តរជាតិ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៅសេតវិមានបាននិយាយថា «ការបង្កើនសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានឡើងនៅពេលពួកកូនអុកគាំទ្រដោយអ៊ីរ៉ង់បានបន្តសកម្មភាពនាំឱ្យមានគ្រោះថ្នាក់និងអស្ថិរភាពរបស់ពួកគេក្នុងតំបន់ មានរួមការវាយប្រហារដ៏ប្រល័យដោយដ្រូនកាលពីពេលថ្មីៗនេះ និងការប៉ុនប៉ងវាយប្រហារឯទៀតៗក្នុងអ៊ីរ៉ាក់និងស៊ីរីព្រមទាំងការវាយប្រហារដោយពួក Houthi ប្រឆាំងនឹងនាវាជំនួញក្នុងសមុទ្រក្រហមផងដែរ»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេអំពីការរកឃើញរបស់ទីភ្នាក់ងារ IAEA សហរដ្ឋអាមេរិក ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានថ្លែងថា «ការផលិតសារធាតុអ៊ុយរ៉ានីយ៉ូមសម្រិតសម្រាំងកម្រិតខ្ពស់ដោយអ៊ីរ៉ង់គ្មានការបង្ហាញថា ត្រឹមត្រូវខាងស៊ីវិលទេ។ ការផលិតត្រូវបានរាយការណ៍នៅរោងចក្រសម្រិតសម្រាំងឥន្ធនៈនុយក្លេអ៊ែរ Fordow និងនៅរោងចក្រ Pilot Fuel Enrichment Plant អាចនាំឱ្យមានគ្រោះថ្នាក់នៃការរីកសាយនុយក្លេអ៊ែរច្រើនក្រាស់ក្រែល។ យើងក៏បានកត់សម្គាល់ដែរថា សេចក្តីសម្រេចរបស់អ៊ីរ៉ង់ក្នុងការប្រែក្រឡាស់រូបសណ្ឋានដូចដែលទីភ្នាក់ងារ IAEA បានរកឃើញនៅរោងចក្រ Fordow នៅដើមឆ្នាំ២០២៣។ ការពន្យាពេលការប្រកាសការផ្លាស់ប្តូរនេះក្នុងខែមករា ២០២៣ នាំឱ្យមានការសង្ស័យខ្លាំងអំពីបំណងរបស់អ៊ីរ៉ង់ក្នុងការធ្វើសហការដោយតម្លាភាពជាមួយ IAEA។ សេចក្តីសម្រេចទាំងនេះបង្ហាញអំពីកង្វះសុឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការបន្ថយសកម្មភាពទាំងនេះនិងជាអាកប្បកិរិយាគ្មានការប្រុងប្រយ័ត្ននៅក្នុងបរិបទតំបន់មានភាពតានតឹង»។
ប្រទេសទាំងបួននេះបានសុំដល់អ៊ីរ៉ង់ឱ្យប្រែក្រឡាស់វិធានការដែលខ្លួនបានធ្វើនិងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ពួកគេបានអំពាវនាវដល់ប្រទេសអ៊ីរ៉ង់ឱ្យ«ធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយទីភ្នាក់ងារ IAEA ដើម្បីឱ្យទីភ្នាក់ងារនេះអាចផ្តល់ការធានារ៉ាប់រងថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនជាសកម្មភាពសន្តិវិធីទាំងស្រុងនិងដើម្បីចាត់តាំងជាថ្មីពួកអធិការដែលអ៊ីរ៉ង់បានផ្អាកកាលពីខែកញ្ញា ឆ្នាំ២០២៣។
ប្រទេសទាំងបួននេះបានប្រកាសថា៖ «យើងនៅតែប្តេជ្ញាឱ្យមានដំណោះស្រាយខាងការទូតមួយ និងបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរបស់យើងថា អ៊ីរ៉ង់មិនត្រូវអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាដាច់ខាត»៕