Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ការពារ​ក្រុម​បុគ្គលិក​និង​ផលប្រយោជន៍​ពី​ក្រុម​កូន​អុក​គាំទ្រ​ដោយ​អ៊ីរ៉ង់


រូបឯកសារ៖ នាវា​ផ្ទុក​យន្តហោះ និង​កប៉ាល់​របស់​សហរដ្ឋ​អាមេរិក​បើក​នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។
រូបឯកសារ៖ នាវា​ផ្ទុក​យន្តហោះ និង​កប៉ាល់​របស់​សហរដ្ឋ​អាមេរិក​បើក​នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិកបាន​ចាប់ផ្តើមការឆ្លើយ​តប​របស់ខ្លួន​ដល់​ការសម្លាប់កាលពីចុងខែ​មករា​នូវ​ទាហាន​អាមេរិកាំងបីនាក់​នៅក្នុង​ប្រទេសហ្ស៊កដានីដោយពួកជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ កងកម្លាំងអាមេរិកឋិត​នៅក្នុងតំបន់​នោះជា​ផ្នែក​មួយ​នៃក្រុមចម្រុះសម្រាប់​យក​ជ័យជំនះ​លើក្រុម ISIS។ កាល​ពី​ថ្ងៃទី ២ ខែកុម្ភៈ សហរដ្ឋអាមេរិក​បានធ្វើការវាយប្រហារតាមអាកាស​លើ​ទីដៅ៨៥ ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​និងស៊ីរីដែលកងឆ្មាំ​បដិវត្តន៍​អ៊ិស្លាមនៃប្រទេសអ៊ីរ៉ង់​និងក្រុម​សាខា​បាន​ប្រើប្រាស់ដើម្បីវាយប្រហារ​លើ​កងកម្លាំងអាមេរិកាំង។

រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍មួយថា៖ «នេះជា​ការចាប់ផ្តើមការឆ្លើយ​តប​របស់យើង។ លោក​ប្រធានាធិបតីបានណែនាំ​ឱ្យមាន​សកម្មភាព​បន្ថែម​ដើម្បី​ឱ្យ​កង IRGC និង​កងជីវពល​ជាសាខា​នៃ​កងឆ្មាំនេះមានការទទួលខុសត្រូវ​ដល់​ការវាយ​ប្រហាររបស់​ពួកគេ​លើ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​និងកងកម្លាំងចម្រុះ»។

នៅក្នុង​សន្និសីទកាសែតមួយ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​លោក​ឧត្តមសេនីយ៍​ទោ Pat Ryder បាន​ពណ៌នា​កន្លែងដែល​កង​ឆ្នាំ IRGC និងពួកជីវពលទាក់ទិន​នឹង​កងឆ្នាំនេះ​បាន​ប្រើ​ហើយ​ត្រូវបាន​យក​ធ្វើ​ជា​ទីដៅនៃ​ការវាយប្រហាររបស់​សហរដ្ឋ​អាមេរិក។

លោក Ryder បាន​និយាយ​ថា៖ «ការផ្តោត​របស់​យើង​នៅទី​នោះ​ គឺ​សមត្ថភាព​វាយប្រហារ​ដែល​ក្រុម​ទាំងនេះ​បាន​ប្រើប្រាស់...គឺ​មជ្ឈមណ្ឌល​បញ្ជាការ​និង​គ្រប់គ្រង​មជ្ឈមណ្ឌល​ស៊ើបការ​សម្ងាត់ រ៉ុក្កែត មីស៊ីល យានយន្ត​អាកាស​គ្មាន​មនុស្ស​ជិះ កន្លែង​ទុក​ឥវ៉ាន់ និង​មន្ទីរ​ភ័ស្តុភារ​ និង​កន្លែង​ផ្គត់ផ្គង់​គ្រាប់​រំសេវ»។

នៅ​ក្នុងវិធានការការពារខ្លួនមួយ​ដាច់​ដោយឡែក​ប្រឆាំងនឹង​ក្រុម​កូនអុកគាំទ្រដោយ​អ៊ីរ៉ង់ កាល​ពីថ្ងៃទី​៣ ខែកុម្ភៈ សហរដ្ឋ​អាមេរិក​និង​ចក្រភពអង់គ្លេស ដោយ​មានការគាំទ្រពី​ក្រុម​ចម្រុះ​មួយនៃ​ពួក​សម្ព័ន្ធមិត្ត បាន​ធ្វើការវាយប្រហារ​មួយចំនួនលើ​ទីដៅ​ហ៊ូធី​នៅ​ប្រទេស​យេម៉ែន។ សកម្មភាព​ការពារ​ខ្លួន​នេះ ជា​លើកទី​បី​ហើយ​ដែល​ក្រុម​ចម្រុះ​បាន​វាយប្រហារលើទីដៅខាងក្នុងយេម៉ែន ជា​ការឆ្លើយ​តប​នឹង​ការវាយប្រហារ​ច្រើន​ខែ​មក​ហើយ​ដោយពួក​ហ៊ូធី​លើ​នាវាចរណ៍​អន្តរជាតិ​និងកប៉ាល់​នៃកង​ទ័ព​ជើង​ទឹក​អាមេរិក​ក្នុង​សមុទ្រ​ក្រហម​ និង​ឈូង​សមុទ្រ Aden។

សហរដ្ឋ​អាមេរិក​ក៏បាន​ធ្វើសកម្មភាព​ឯកតោភាគីក្នុង​កិច្ចការពារ​ខ្លួន​ឯងដើម្បី​បំផ្លាញ​ប្រដាប់​បាញ់​មីស៊ីល​និងកាណូត​គ្មាន​មនុស្ស​ជិះដែលក្រុម​ហ៊ូធី​ប្រុងប្រៀប​សម្រាប់​វាយ​ប្រហារ។ លោក​ឧត្តមសេនីយ៍​ទោ​ Ryder បាន​ថ្លែងថា «ការផ្តោត​នៅ​ទីនេះ​ គឺ​បង្អាក់​និង​បន្ថយសមត្ថភាព​នៃការធ្វើការវាយប្រហារ​ទាំង​នេះ»។

លោក​ឧត្តម​សេនីយ៍ Ryder បានថ្លែងថា «យើង​បន្ត​អំពាវ​នាវ​ដល់ពួកគេ​ឱ្យបញ្ឈប់​ការវាយប្រហារជាបន្ទាន់ តែ​បើ​ពួកគេ​មិន​ឈប់​ទេ យើង​នឹង​បន្ត​ធ្វើសកម្មភាពសមស្របដើម្បី​មិនមែនគ្រាន់​តែការពារ​នាវាចរណ៍អន្តរជាតិ​និង​ក្រុមអ្នក​ដើរសមុទ្រ​ឆ្លងកាត់សមុទ្រក្រហមប៉ុណ្ណោះទេ តែ​ក៏បន្ត​បន្ថយ​និង​បង្អាក់​សមត្ថភាព​របស់​ពួក​គេដែរ»។

លោក​ឧត្តមសេនិយ​ទោ​ Ryder បាន​សង្កត់ធ្ងន់ថា ​សហរដ្ឋ​អាមេរិក​មិនស្វះស្វែង​បង្កើន​ជម្លោះ​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ាទេ។ លោក​បាន​ពោល​ថា​ សហរដ្ឋ​អាមេរិកបានអំពាវ​នាវ​ជា​ថ្មី​ទៀត​ដល់អ៊ីរ៉ង់ឱ្យបញ្ឈប់​គាំទ្រ​សកម្មភាពនាំឱ្យ​មានអស្ថិរភាពរបស់ក្រុម​កូន​អុក​របស់​ផង​ខ្លួន។ ហើយលោក​បានព្រមាន​ថា «យើងនឹងបន្តធ្វើ​សកម្មភាព​សមស្រប​ដើម្បី​ការពារ​កងកម្លាំង​របស់​យើង»៕

XS
SM
MD
LG