តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មុនពេលមានការផ្ទុះឡើងនូវអរិភាពកាលពីឆ្នាំ ២០១៤ ទៅទៀត ប្រទេសយេម៉ែនគឺជាប្រទេសក្រីក្របំផុតនៅឧបទ្វីបអារ៉ាប់។ សព្វថ្ងៃនេះ អង្គការសហប្រជាជាតិបញ្ជាក់ថា ប្រទេសយេម៉ែន គឺជា«វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក»។
ជាការគួរឲ្យសោកស្ដាយ នេះគឺជាមហន្តរាយដែលបង្កើតឡើងដោយមនុស្ស ដែលបង្កឡើងដោយសង្គ្រាមរវាងក្រុមឧទ្ទាមហ៊ូធី (Houthi) និងរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ និងក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។
វិបត្តិនេះ ត្រូវបានបញ្ឆេះឡើងដោយការប៉ុនប៉ងរបស់ក្រុមហ៊ូធី ដើម្បីផ្ដួលរំលំរដ្ឋាភិបាលយេម៉ែនដែលជារដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ។ វិបត្តិនេះបានបង្កឲ្យមានការរីកសាយភាយនូវជម្លោះ និងអស្ថិរភាព។
សង្គ្រាមរយៈពេលជិត ៧ ឆ្នាំកន្លងមកនេះនៅក្នុងប្រទេសយេម៉ែន បានបណ្ដាលឲ្យសេដ្ឋកិច្ចដួលរលំ ហើយសេវាជាមូលដ្ឋាននានារងការខូចខាត។ ប្រហែលពីរភាគបីនៃប្រជាពលរដ្ឋសរុបចំនួន ៣១ លាននាក់នៅក្នុងប្រទេសយេម៉ែន កំពុងត្រូវការជំនួយមនុស្សធម៌ ហើយប្រជាពលរដ្ឋប្រហែល ៥ លាននាក់ទៀត កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្ស។
ប៉ុន្តែ ទោះបីជាមានសេចក្ដីលំបាកវេទនាដូចនេះ និងការអំពាវនាវម្ដងហើយម្ដងទៀតរបស់អន្តរជាតិឲ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នាក៏ដោយ ក៏ក្រុមឧទ្ទាមហ៊ូធី បានបដិសេធមិនព្រមឈប់វាយប្រយុទ្ធគ្នា។ មូលហេតុមួយដែលនាំឲ្យមានភាពរឹងរូសនេះគឺការពិតដែលថា ប្រទេសអ៊ីរ៉ង់គាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ពួកគេ។
ជនឈ្មោះ Sa'id al-Jamal នៅប្រទេសអ៊ីរ៉ង់ ដែលជាអ្នកផ្គត់ផ្គង់ថវិកាដល់ពួកហ៊ូធី បានចាត់ចែងប្រតិបត្តិការបណ្ដាញនាំមុខមួយនៃក្រុមហ៊ុន អន្តរការី និងនាវាដែលរត់ពន្ធប្រេងនិងវត្ថុធាតុដើមផ្សេងៗទៀតរបស់ប្រទេសអ៊ីរ៉ង់ទៅឲ្យអតិថិជនណាដែលមានឆន្ទះគេចពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ប្រតិបត្តិការនេះ បានផ្ដល់ចំណូលចំនួនរាប់សិបលានដុល្លារអាមេរិក ហើយបរិមាណច្រើនក្រាស់ក្រែលនៃចំណូលទាំងនេះ បានធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ូធី ដែលអាចឲ្យក្រុមនេះផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់ការធ្វើសង្គ្រាមរបស់ខ្លួន និងធ្វើឲ្យសេចក្ដីទុក្ខវេទនាកាន់តែបន្តរ៉ាំរ៉ៃឡើងនៅក្នុងប្រទេសយេម៉ែន។
ថវិកាមួយចំនួននៃចំណូលនេះ ក៏ជួយផ្គត់ផ្គង់ដល់កងកម្លាំង Qod នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់ផងដែរ ដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញនៅក្នុងប្រទេសយេម៉ែន និងទីកន្លែងផ្សេងទៀតនៅក្នុងតំបន់។
ដើម្បីជួយបញ្ឈប់លំហូរថវិកាដល់ក្រុមហ៊ូធី រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មកាលពីថ្ងៃទី ១០ ខែមិថុនាកន្លងទៅនេះ លើជនឈ្មោះ Sa'id Ahmad Muhammad al-Jamal និងលើបុគ្គលនិងក្រុមហ៊ុន ១១ ផ្សេងទៀត ក៏ដូចជាលើនាវាមួយគ្រឿងផងដែរដែលពាក់ព័ន្ធនឹងបណ្ដាញខុសច្បាប់នេះ។
ករណីនេះមានន័យថា រាល់ទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលដែលរងទណ្ឌកម្មទាំងនេះ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានរាំងខ្ទប់ ហើយពលរដ្ឋអាមេរិកាំង មិនអាចធ្វើជំនួញណាមួយជាមួយនឹងបុគ្គលទាំងនោះបានទេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖
«សហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីជួយដោះស្រាយជម្លោះនៅក្នុងប្រទេសយេម៉ែននិងនាំមកនូវភាពធូរស្បើយផ្នែកមនុស្សធម៌ដ៏យូរអង្វែងដល់ប្រជាពលរដ្ឋយេម៉ែន»។
លោក Blinken បានបន្ថែមថា៖ «ដល់ពេលដែលក្រុមហ៊ូធីទទួលស្គាល់នូវកិច្ចឈប់វាយប្រយុទ្ធគ្នា និងដល់ពេលដែលភាគីទាំងអស់ចាប់ផ្ដើមការចរចានយោបាយឡើងវិញហើយ។ មានតែកិច្ចឈប់វាយប្រយុទ្ធគ្នាដ៏ទូលំទូលាយនៅទូទាំងប្រទេសតែប៉ុណ្ណោះ ដែលអាចនាំមកនូវភាពធូរស្រាលបន្ទាន់ដែលប្រជាពលរដ្ឋយេម៉ែនត្រូវការជាចាំបាច់ ហើយមានតែកិច្ចព្រមព្រៀងសន្តិភាពតែប៉ុណ្ណោះដែលអាចដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងប្រទេសយេម៉ែនបាន។ សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើក្រុមហ៊ូធី ដែលក្នុងនោះរួមមានទាំងការដាក់សម្ពាធតាមរយៈទណ្ឌកម្មផងដែរ ដើម្បីសម្រេចឲ្យបាននូវគោលបំណងទាំងនេះ»៕