តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បើតាមអង្គការសហប្រជាជាតិថា វិបត្តិមនុស្សធម៌ក្នុងប្រទេស Yemen អាក្រក់បំផុតក្នុងពិភពលោក។ ប្រទេសយ៉េម៉ែនជាប្រទេសក្រីក្រស្រេចហើយនៅមុនសង្គ្រាម ដែលកើនខ្លាំងឡើងកាលពីឆ្នាំ២០១៥ ក៏ប៉ុន្តែការប្រយុទ្ធគ្នាមានតទៅទៀតរវាងពួក Houthis ដែលគាំទ្រនិងជំរុញដោយប្រទេសអ៊ីរ៉ង់ និងកងកម្លាំងរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានបណ្តាលឱ្យមានការហិនហោចរាលដាល។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា «ការគាំទ្ររបស់អ៊ីរ៉ង់ដល់ក្រុម Houthis បានបញ្ឆេះសង្គ្រាមក្នុងប្រទេសយ៉េម៉ែន និងបង្កើនអស្ថិរភាពក្នុងប្រទេសនេះផងដែរ»។ ការគាំទ្រនោះ នាំមុខដោយកងឆ្មាំបដិវត្តន៍ឥស្លាមនៃប្រទេសអ៊ីរ៉ង់ គឺកងកម្លាំង QODS ឬ IRGC-GF ដែលជាសាខាចម្បងនៃរបបគ្រប់គ្រងអ៊ីរ៉ង់ក្នុងការអនុវត្តន៍គោលនយោបាយខ្លួនគាំទ្រក្រុមភេរវជននិងពួកបះបោរ។
កាលពីថ្ងៃទី៨ ខែធ្នូ សហរដ្ឋអាមេរិក បានដៅឈ្មោះ Hasan Irlu នាយទាហាននៃកងកម្លាំង IRGC-GF ដែលប្រទេសអ៊ីរ៉ង់ បានបញ្ជូនកាលពីពេលថ្មីៗនេះទៅកាន់ក្រុងSana’a ក្នុងនាមជាប្រសិតរបស់របបគ្រប់គ្រងអ៊ីរ៉ង់ប្រចាំពួកឧទ្ទាម Houthis។ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានចង្អុលបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីរ៉ង់ជាប្រទេសតែមួយគត់ដែលទទួលស្គាល់ក្រុម Hothis ជាផ្លូវការ ហើយបានតែងតាំងអ្វីហៅថា អ្នកតំណាងផ្លូវការខ្លួនប្រចាំពួក Houthis។ ជាច្រើនឆ្នាំមកហើយ ឈ្មោះ Irlu បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង IRGC-QF ក្នុងការផ្តល់អាវុធទំនើប និងហ្វឹកហ្វឺនពួក Houthis ឈ្មោះ Irlu ក៏មានទំនាក់ទំនងជាមួយលោក Qasem Soleimani អគ្គមេបញ្ជាការកងកម្លាំង IRGC-QF ផងដែរ។ លោក ក៏បានផ្តល់ការហ្វឹកហ្វឺនដល់ពួកសមាជិកអង្គការ Hezbollah ក្នុងប្រទេសអ៊ីរ៉ង់ដែរ»។
លោករដ្ឋមន្ត្រីការបរទេស Pompeo បានប្រកាសថា «ការបញ្ជូន Irlu ទៅប្រទេសយ៉េ ម៉ែន កងកម្លាំង IRGC-QF បង្ហាញសញ្ញាថា ពួកគេមានបំណងបង្កើនការគាំទ្រដល់ក្រុម Hothis និងធ្វើឱ្យសាំញ៉ាំថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការធ្វើឱ្យសម្រេចដំណោះស្រាយមួយតាមរយៈការចរចាគ្នា។ លោកបាននិយាយថា «សហរដ្ឋអាមេរិកបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលឱ្យមានការឈប់បាញ់គ្នា និងធ្វើឱ្យមានការដោះស្រាយនយោបាយ»។
នៅថ្ងៃទី៨ធ្នូ សហរដ្ឋអាមេរិកក៏បានចាត់ទុកសាកលវិទ្យាល័យអន្តរជាតិ Al-Mustafa ដែលមានមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ង់ថា ជាកន្លែងជ្រើសរើសសមាជិកនៃកងកម្លាំង IRGC-QF នៅឯសាខាអន្តរជាតិជាច្រើនរបស់ខ្លួន។ ជនជាតិប៉ាគីស្ថានឈ្មោះ Yousef Ali Mufaj ដែលមានទាក់ទិននឹងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង IRGC-QF ក្នុងការរៀបចំផែនការ និងអនុវត្តកិច្ចប្រតិបត្តិការនៅក្នុងមជ្ឈិមបូព៌ានិងសហរដ្ឋអាមេរិក ក៏បានត្រូវដាក់ទណ្ឌកម្មដែរ។
លោករដ្ឋមន្ត្រីការបរទេស Pompeo បានថ្លែងថា «កងកម្លាំង IRGC-QF បានទាញយកប្រយោជន៍ពីឱកាសទាំងអស់ដើម្បីជំរុញរបៀបវារៈឃោរឃៅនិងបំផ្លិចបំផ្លាញរបស់ពួកគេដោយមានរួមបញ្ចូលការទាញយកប្រយោជណ៍ពីសង្គ្រាមនៅទូទាំងមជ្ឈិមបូព៌ា និងបង្ខិតបង្ខំពួកបុគ្គលដែលអាចរងគ្រោះដោយងាយឱ្យប្រយុទ្ធក្នុងនាមរបបគ្រប់គ្រងអ៊ីរ៉ង់។ ស.រ.អ. នឹងបន្តប្រើឧបករណ៍ទាំងអស់ដែលខ្លួនមាន ដើម្បីលាតត្រដាង និងទប់ទល់នឹងអាកប្បកិរិយាអាក្រក់នេះ»៕