Accessibility links

Breaking News

បទវិចារណកថា៖ នៅ​ពេល​តម្រូវការ​កើនឡើង ការដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចាំបាច់​ត្រូវមាន​ការផ្លាស់ប្តូរ


រូបឯកសារ៖ ស្ត្រី​ផ្លាស់​ទីលំនៅ​ម្នាក់​និង​កូន​ដែល​ខ្វះ​អាហារូបត្ថម្ភ​អាយុ​មួយ​ឆ្នាំ​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​សូម៉ាលី។
រូបឯកសារ៖ ស្ត្រី​ផ្លាស់​ទីលំនៅ​ម្នាក់​និង​កូន​ដែល​ខ្វះ​អាហារូបត្ថម្ភ​អាយុ​មួយ​ឆ្នាំ​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​សូម៉ាលី។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា ពិភពលោក​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង «ជម្លោះ​ហិង្សា​ដែល​មាន​ចំនួន​ច្រើន​បំផុត​រាប់​ចាប់តាំង​ពី​ឆ្នាំ ១៩៤៥ មក»។ នៅ​ទូទាំង​ពិភពលោក ប្រជាជន​ចំនួន ២ ពាន់​លាន​នាក់​កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ ហើយ​មនុស្ស​ចំនួន ៣៩៩ លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៦៩ ត្រូវការ​ជំនួយ​មនុស្សធម៌។

លោក Samuel Vigersky ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​មនុស្សធម៌​នៃ​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា៖ «ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​អសន្តិសុខ​ស្បៀង​អាហារ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក»។

លោក Vigersky បាន​បញ្ជាក់​ថា៖ «នៅ​គ្រប់​ផ្នែក​ទាំងអស់ សហរដ្ឋ​អាមេរិក​កំពុង​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​ធ្វើ​រឿង​ត្រឹមត្រូវ​និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​សកល​និង​ជា​បន្ទាន់​ទាំងនេះ។ យើង​នៅតែ​ជា​ប្រទេស​ផ្តល់​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​បំផុត​តែ​មួយ​គត់ ដោយ​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន [ជាង] ១៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២២»។

លោក Vigersky ថ្លែង​ដូច្នេះ​ថា៖ «ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​អសន្តិសុខ​ស្បៀង​អាហារ​ជា​សាកល យើង​បាន​ប្តេជ្ញា​ផ្តល់​ជំនួយ​ជិត ១១ ពាន់​លាន​ដុល្លារ​ចាប់តាំង​ពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក។ … យើង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​ការ​ឆ្លើយតប​ទៅនឹង​គ្រោះ​រាំងស្ងួត​នៅ​តំបន់​ជ្រោយ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក (Horn of Africa)។ យើង​បាន​ផ្តល់​មូលនិធិ​ទ្វេ​ដង​នៃ​ការ​ប្តេជ្ញា​របស់​យើង​ចំពោះ​តំបន់​នោះ​ដែល​មាន​ចំនួន​រហូត​ដល់​ជាង ២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២២។ កម្រិត​ខ្ពស់​បំផុត​នៃ​អសន្តិសុខ​ស្បៀង​អាហារ​កំពុង​ជំរុញ​ឱ្យ​មាន​តម្រូវការ​ផ្នែក​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នៅ​ទីនោះ​សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​អ្នក​ផ្តល់​ជំនួយ​ផ្នែក​មនុស្សធម៌​ដ៏​ច្រើន​បំផុត​តែ​មួយ​គត់»។

លោក Vigersky បាន​និយាយ​ទៀត​ថា៖ «តម្រូវការ​មនុស្សធម៌​នៅ​ទូទាំង​ពិភពលោក​ជាង ៨០% គឺ​កើតឡើង​ដោយសារ​ជម្លោះ។ ចម្លើយ​ចំពោះ​បញ្ហា​នេះ​គឺ​ថា [យើង​មិន​ត្រូវការ] អំពើ​ហិង្សា​ថែម​ទៀត​នោះ​ទេ។ យើង​ត្រូវការ​ដំណោះស្រាយ​នយោបាយ»។

លោក Vigersky ថ្លែង​ដូច្នេះ​ថា៖ «យើង​ចាំបាច់​ត្រូវតែ​ប្រឡូក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចរចា​ផ្នែក​ការទូត​ក្នុង​តំបន់​និង​លើ​សកលលោក ​ទាំង​ទ្វេភាគី​និង​ពហុភាគី​និង​ទាំង​នៅក្នុង​រដ្ឋធានី​របស់​យើង​និង​នៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ប្រមូលផ្តុំ​ភាគី​នានា​និង​បញ្ចប់​ជម្លោះ​ទាំងនេះ»។

ទន្ទឹម​នឹង​នេះ​ដែរ សហរដ្ឋ​អាមេរិក​មាន​ការ​ស្រងាកចិត្ត​ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​លើ​បុគ្គលិក​មនុស្សធម៌ ក៏ដូចជា​ការ​បន្ត​រារាំង​មិន​ឱ្យ​បាន​ទទួល​ជំនួយ​មនុស្សធម៌​ដែល​ធ្វើឡើង​ដោយ​ភាគី​ជម្លោះ។

លោក Vigersky បាន​និយាយ​ថា៖ «យើង​ត្រូវតែ​ការពារ​អ្នក​ដែល​ធ្វើ​ការងារ​មនុស្សធម៌​ដ៏​លំបាក គ្រោះថ្នាក់ និង​ចាំបាច់ ជាពិសេស​បុគ្គលិក​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​តំបន់»។

លោក Vigersky បាន​លើកឡើង​ដូច្នេះ​ថា៖ «នៅ​ក្នុង​ប្រទេស​អេត្យូពី … វត្តមាន​ជាប់លាប់​នៃ​កង​កម្លាំង​អេរីត្រេ​និង​ឧបសគ្គ​ដែល​បង្ក​ឡើង​ដោយ​ការិយាធិបតេយ្យ​នៅតែ​រារាំង​ជំនួយ​មិន​ឱ្យ​ធ្លាក់​ទៅ​ដល់​ដៃ​របស់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ដែល​ត្រូវការ​ជំនួយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​យេនឌ័រ​ផង​ដែរ ដែល​អំពើ​ហិង្សា​នេះ​កំពុង​តែ​រីក​រាលដាល​នៅ​ទីនោះ។ នៅ​ក្នុង​ប្រទេស​យេម៉ែន ដំណោះស្រាយ​រយៈពេល​យូរ​ចំពោះ​វិបត្តិ​អសន្តិសុខ​ស្បៀង​អាហារ​គឺ​សន្តិភាព​យូរ​អង្វែង។ យើង​ត្រូវ​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គ្រប់​ភាគី​នៃ​ជម្លោះ ជាពិសេស​ក្រុម​ហ៊ូធី (Houthi ) ឱ្យ​គោរព​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ នៅ​ក្នុង​ប្រទេស​ស៊ីរី ការ​វាយ​ប្រហារ​ដោយ​របប​លោក Assad បាន​សម្លាប់​បុគ្គលិក​មនុស្សធម៌ និង​បំផ្លាញ​សម្ភារ​បរិក្ខារ​របស់​ពួកគេ។ របប​លោក Assad បន្ត​រារាំង​លំហូរ​នៃ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​ខ្វះខាត​នៅ​ទូទាំង​ប្រទេស»។

លោក Vigersky បាន​បញ្ជាក់​បន្ត​ថា៖ «យើង​ត្រូវ​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ជម្លោះ​ទាំងអស់​ឱ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ»។

លោក​បាន​បន្ថែម​ថា៖ «យើង​អាច​និង​គួរតែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បំពេញ​តាម​សេចក្តី​ប្រាថ្នា​ខ្ពស់​បំផុត​របស់​យើង»៕

XS
SM
MD
LG