តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
គ្មានលទ្ធិប្រជាធិបតេយ្យពេញលេញណាកើតឡើងដោយគ្មានការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាទេ។ ដូច្នេះ បណ្តារដ្ឋដែលស្វះស្វែងពង្រឹងលទ្ធិប្រជាធិបតេយ្យត្រូវតែធ្វើឱ្យប្រាកដថា នឹងផ្តល់ឱកាសដល់មនុស្សគ្រប់រូប ហើយត្រូវតែរួមបញ្ចូលការផ្តល់អាទិភាពជាសំខាន់ចំពោះការចូលរួមរបស់ស្ត្រី និងក្មេងស្រី។ នៅពេលសព្វថ្ងៃនេះ ពីព្រោះតែប្រព័ន្ធអ៊ីនធឺណិតជាឧបករណ៍រួមចំណែកដ៏មានសារៈសំខាន់នៃការខំប្រឹងប្រែងដ៏ទូលំទូលាយនោះ អ្នកធ្វើការជាមួយបញ្ហាសមភាពយេនឌ័រ ត្រូវតែដោះស្រាយការរំខានយាយីតាមប្រព័ន្ធអ៊ីនធឺណិត និងការរំលោភបំពានលើគោលដៅ ដូចជាក្មេងស្រី និងស្ត្រីជាដើម។
ការយាយីយេនឌ័រតាមប្រព័ន្ធអ៊ីនធឺណិតជាការរំលោភបំពានចំៗគោលដៅ តាមរយៈបច្ចេកវិជ្ជាប្រឆាំងនឹងមនុស្ស ហើយក្នុងករណីភាគច្រើនបំផុតគឺស្ត្រី និងសហគមន៍ស្រឡាញ់ភេទដូចគ្នា ទៅតាមភេទ ឬយេនឌ័ររបស់ពួកគេ។ ការណ៍នេះហើយដែលជាឧបសគ្គរារាំងស្ត្រីនិងក្មេងស្រីមិនអាចឈោងដល់សក្តានុពលពេញលេញរបស់ពួកគេ។
ការយាយីនោះរួមមានសកម្មភាពផ្សេងៗដូចជាការស្អប់ខ្ពើមស្ត្រី ឬការនិយាយអំពីរឿងផ្លូវភេទដែលគេមិនចង់ឮ ការគំរាមកំហែងនានា ការបញ្ជូនរូបភាពអាសអាភាស ការចែករំលែកសារ និងរូបថតគំរាមកំហែងនិងព្យាបាទ ថែមទាំងការតាមដានលើប្រព័ន្ធអ៊ីនធឺណិត ដែលកើនឡើង ឬអាចធ្វើបានតាមបណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យា។ សកម្មភាពទាំងនេះមានគោលបំណងត្រួតត្រា វាយប្រហារ និងបំបិទសំឡេងស្ត្រីនិងក្មេងស្រីដើម្បីបង្អាក់ ឬកាត់បន្ថយការចូលរួមរបស់ពួកគេនៅក្នុងជីវភាពសាធារណៈ។ អ្នកនយោបាយ សកម្មជន និងអ្នកកាសែតជាស្ត្រីគឺជាគោលដៅដ៏ខ្លាំងបំផុត។
ការយាយីនិងការរំលោភបំពានតាមអនឡាញទាំងនោះ កើតឡើងតាំងតែពីមានការចាប់ផ្តើមនៃយុគសម័យប្រព័ន្ធអ៊ីនធឺណិតម្ល៉េះ។ ការយាយីទាំងនេះ ចាក់ឫសនៅក្នុងភាពខុសគ្នាខាងយេនឌ័រយ៉ាងជ្រៅ ហើយបានកើនកាន់តែខ្លាំងជាងមុនយ៉ាងស្រួលដោយសារតែបច្ចេកវិទ្យាទំនើបថ្មីៗ។ ហើយការយាយីទាំងនេះបានគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ការរីកលូតលាស់របស់ស្ត្រីពីព្រោះវាមានផលប៉ះពាល់ដ៏គួរឲ្យភ័យខ្លាចចំពោះគោលដៅនៃអំពើយាយីទាំងនោះ។ អំពើយាយីទាំងនោះ វាដើរតួនាទីជាឧបសគ្គដល់ការចូលរួមដ៏ពេញលេញ និងប្រកបដោយអត្ថន័យរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងសកម្មភាពនយោបាយ ជីវភាពសាធារណៈ និងឯកជន ហើយអាចនាំឱ្យមានការចាប់ពិរុទ្ធខ្លួនឯង ថែមទាំងការផ្តាច់សកម្មភាពទាំងស្រុង។
នៅឯសន្និសីទកំពូលរបស់ទ្វីបអាមេរិកដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកាណាដា និងឈីលីបានសន្យាចូលរួមជាមួយសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ដាណឺម៉ាក នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ស៊ុយអែត កេនយ៉ា និងចក្រភពអង់គ្លេសក្នុងឋានៈជាសមាជិករបស់ដៃគូសកលសម្រាប់លុបបំបាត់ការយាយី និងការរំលោភបំពានយេនឌ័រតាមអនឡាញហៅថា Global Partnership for Action។
សហរដ្ឋអាមេរិកបានប្រកាសភាពជាដៃគូនៅឯសន្និសីទកំពូលលើកទី១ដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយដែលនឹងត្រូវរៀបចំសន្និសីទកំពូលលើកទី២នៅដើមឆ្នាំ២០២៣។ សហរដ្ឋអាមេរិកបានបញ្ជូនសញ្ញាយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិបានតាំងចិត្តទប់ស្កាត់អំពើហិង្សាយេនឌ័រដែលកើតឡើងយ៉ាងងាយស្រួលដោយសារប្រព័ន្ធបច្ចេកវិជ្ជាទំនើបនេះឱ្យកាន់តែប្រសើរឡើង និងពង្រឹងយុទ្ធសាស្ត្ររារាំងអំពើទាំងនេះប្រកបដោយប្រសិទ្ធិភាព។
លោកស្រី Jennifer Klein នាយិកាក្រុមប្រឹក្សាគោលនយោបាយយេនឌ័ររបស់សេតវិមានបាននិយាយថា «យើងមិនអាចធ្វើឱ្យបាត់បង់ទស្សនៈចម្រុះ ឬសំឡេង ទស្សនៈនិងភាពដឹកនាំរបស់ស្ត្រីទេ ជាពិសេសនៅពេលដែលលទ្ធិប្រជាធិបតេយ្យមិនត្រូវបានគោរព ហើយស្ត្រីនិងបុរសប្រកបដោយអង់អាចក្លាហាននៅក្នុងប្រទេសអ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីការពារសិទ្ធិរបស់ពួកគេ»៕