Accessibility links

Breaking News

បទវិចារណកថា៖ ការផ្តល់​រង្វាន់​សម្រាប់​ការផ្តល់​ព័ត៌មាន​អំពី​ពួកមេដឹកនាំ​មេរោគ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត Sodinokibi Ransomware


រូបឯកសារ ៖ រូប​បង្ហាញ​ពី​ផ្នែក​ខាងក្នុង​នៃ​កុំព្យូទ័រ​នៅ​ក្នុង​ទីក្រុង Jersey City រដ្ឋ New Jersey សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩។
រូបឯកសារ ៖ រូប​បង្ហាញ​ពី​ផ្នែក​ខាងក្នុង​នៃ​កុំព្យូទ័រ​នៅ​ក្នុង​ទីក្រុង Jersey City រដ្ឋ New Jersey សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​ប្តេជ្ញា​ធ្វើឱ្យ​ពួក​ជន​ដែលប្រើ​មេរោគ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត ransomware ប្រឆាំង​នឹង​ផល​ប្រយោជន៍​អាមេរិកាំងនិង​ផល​ប្រយោជន៍​របស់​ក្រុម​សម្ព័ន្ធមិត្ត​របស់អាមេរិក ត្រូវទទួល​ខុស​ត្រូវ។

ដើម្បី​គាំទ្រការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការ​ទប់​ទល់​នឹង​មេរោគ​ ransomware និង​ឧប្បត្តិហេតុ​តាម​អនឡាញ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ផ្តល់​រង្វាន់រហូត​ដល់ ​១០ ​លាន​ដុល្លារដល់​ពួក​ជន​ដែល​ផ្តល់​ព័ត៌មានដែល​នាំទៅ​ដល់ការ​ដឹង​អត្តសញ្ញាណ​ ឬ​កន្លែងរស់នៅ​របស់​បុគ្គលណា​មួយ ដែល​មាន​ឋានៈក្នុង​ថ្នាក់​ដឹកនាំរបស់ក្រុមជន​ឧក្រិដ្ឋ​មាន​ការ​ចាត់​ចែងឆ្លង​ប្រទេស​ ខាង ransomware ឈ្មោះ Sodinokibi។​ បន្ថែម​លើ​នេះ​ ក្រសួង​ការបរទេសអាមេរិក ​ផ្តល់​រង្វាន់​រហូត​ដល់ ​៥ លាន​ដុល្លារ​ដល់ជន​ណាដែល​មាន​ព័ត៌មាននាំឱ្យ​មាន​ការ​ចាប់​ខ្លួន ​និងការ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​ណា​មួយ​នៃបុគ្គលទាំង​ឡាយ​ដែល​ចូលរួម ឬ​ប៉ុនប៉ង​ចូលរួម​ក្នុង​ឧប្បត្តិហេតុ​ដែល​ប្រើ​មេរោគ Sodinokibi ramsomware។​

ក្រុម​មេរោគ​ ransomware Sodinokibi ដែលគេ​ស្គាល់ឈ្មោះ​ថា​ REvil ដែរ​នោះ ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះឧប្បត្តិហេតុ​ ransomware ដែលមាន​ផល​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ JBS Foods ដែល​ជាអ្នក​ផ្គត់ផ្គង់ផលិតផល​កសិកម្ម​ជា​ចម្បង​ដល់​ប្រទេស​អូស្ត្រាលី ​និង​សហរដ្ឋ​អាមេរិក ​ដែលបណ្តាល​ឱ្យ​មាន​ការ​បង្អាក់​ខ្លាំង​ដល់ដំណើរការ​កែច្នៃ និង​ការ​ដឹក​ជញ្ជូន​ស្បៀង។ Sodinokibi ក៏បាន​ធ្វើ​ឱ្យមាន​បញ្ហាដល់​ក្រុមគ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ ឈ្មោះ Kaseya ដែល​ផ្តល់​សេវាកម្មបណ្តាញ​ ការបង្កើត app និង​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ ដល់អាជីវកម្ម​ខ្នាត​តូច ​និង​ក្រុម​អ្នក​ផ្តល់​សវា​ខាង​ចាត់ចែង​កិច្ចការ។ ឧប្បត្តិហេតុ​នេះ មិន​មែន​គ្រាន់​តែ​ប៉ះពាល់​ដល់​កិច្ច​ប្រតិបត្តិការ​របស់ Kaseya ប៉ុណ្ណោះ​ទេ​ តែក៏​ដល់​កិច្ចប្រតិបត្តិការរបស់ក្រុម​អតិថិជនរបស់​ក្រុមហ៊ុននេះ នៅ​ទូទាំងពិភពលោក​ផង​ដែរ។

រង្វាន់​នេះ ​ត្រូវ​ផ្តល់​ឱ្យ​តាម​រយៈ​កម្មវិធី​ផ្តល់​រង្វាន់ប្រឆាំង​នឹងក្រុម​ឧក្រិដ្ឋកម្មឆ្លង​ដែន (Transnational Organized Crime Rewards Program) របស់ក្រសួង​ការបរទេសអាមេរិក។ ក្រសួង​នេះ ចាត់ចែង​កម្មវិធី​នេះ ដោយ​សហការជិតស្និទ្ធជា​មួយពួក​ដៃគូ​ខាង​ការ​ពង្រឹង​ច្បាប់សហព័ន្ធ​របស់ខ្លួន​ ដើម្បី​បង្អាក់​ និង​កម្ចាត់​ឧក្រិដ្ឋកម្មមាន​ការ​ចាត់ចែងជា​សាកល ដោយ​មានរួម​បញ្ចូល​ទាំងឧក្រិដ្ឋកម្មតាម​អនឡាញផង​ដែរ។

ក្រុមឧក្រិដ្ឋជនឆ្លង​ប្រទេស​ និង​ពួក​អ្នកជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់​ទោសតាមរយៈ​កម្មវិធី​ផ្តល់​រង្វាន់ប្រឆាំង​នឹងក្រុម​ឧក្រិដ្ឋកម្មឆ្លង​ដែន និង​កម្មវិធីផ្តល់​រង្វាន់​ប្រឆាំង​គ្រឿង​ញៀន​ (Narcotics Rewards Program) ចាប់​តាំងពី​ឆ្នាំ១៩៨៦​ មក។ ​ក្រសួងការ​បរទេស ​បា​ន​ផ្តល់​រង្វាន់ជាង​ ១៣៥​ លាន​ដុល្លារ​រហូត​មក​ដល់​ពេល​នេះ។

លោក Ned Price អ្នក​នាំ​ពាក្យក្រសួង​ការបរទេសអាមេរិក​ បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ នៅ​តែ​ប្តេជ្ញា​ការពារក្រុម​ជន​រងគ្រោះ​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក​ពីការទាញ​យក​ប្រយោជន៍​ដោយ​ក្រុម​ឧក្រិដ្ឋជនតាម​អនឡាញ ហើយ​យើងសុំ​ឱ្យប្រទេស​ជាតិ​នានាដែល​ផ្តល់​ជម្រក​ឱ្យ​ក្រុម​ឧក្រិដ្ឋជនតាម​អនឡាញ​រស់​នៅ ឱ្យ​រកយុត្តិធម៌ឱ្យក្រុម​អាជីវកម្ម ​និង​ស្ថាប័ន​អង្គការដែលជា​ជន​រងគ្រោះដោយសារ​ឧប្បត្តិហេតុមេរោគ ransomware»៕

XS
SM
MD
LG