តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អាជ្ញាធរអ៊ីរ៉ង់កំពុងបន្តការបង្ក្រាបរបស់ពួកគេទៅលើអ្នកកាសែត។ អង្គការការពារសិទ្ធិមនុស្សប៉ាន់ស្មានថា អ្នកកាសែតជាង ៩០ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់ពាក់ព័ន្ធជាមួយនឹងការតវ៉ាទ្រង់ទ្រាយធំដែលបានកើតឡើងបន្ទាប់ពីការស្លាប់របស់ស្ត្រីអាយុ ២២ ឆ្នាំម្នាក់ឈ្មោះ Mahsa Amini នៅក្រោមសមត្ថកិច្ចរបស់ប៉ូលិសកាលពីខែកញ្ញា ឆ្នាំ ២០២២។
នាង Niloufar Hamedi និងនាង Elaheh Mohammadi បានចំណាយពេលជាង ៣០០ ថ្ងៃក្នុងពន្ធនាគារ ក្រោយពីពួកគេត្រូវអាជ្ញាធរចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំមុន។ នាង Hamedi បានរាយការណ៍មុនគេអំពីស្ថានភាពដុនដាបរបស់នាង Amini ក្រោយពីនាងត្រូវបានចាប់ខ្លួនដោយប៉ូលិសដែលគេហៅថា «ប៉ូលិសផ្នែកសីលធម៌» ចំពោះការពាក់កន្សែងគ្របក្បាលដែលគេហៅថា hijab មិនបានត្រឹមត្រូវ។
រូបភាពដែលនាង Hamedi បានថត ដែលបង្ហាញអំពីឪពុកម្តាយនាង Mahsa Amini កំពុងកើតទុក្ខនោះ ត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្តាញសង្គមអនឡាញ។ នាង Mohammadi បានផ្សាយអំពីបុណ្យសពរបស់នាង Amini នៅទីក្រុង Saqquez ហើយបានរាយការណ៍អំពីការចូលរួមរបស់មនុស្សរាប់ពាន់នាក់។
ក្នុងការបំពេញការងាររបស់ពួកគេជាអ្នកកាសែត ស្ត្រីទាំងពីរនាក់ត្រូវបានចោទប្រកាន់ថាបានធ្វើការឃោសនាប្រឆាំងនឹងប្រព័ន្ធ ធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខជាតិ និងឃុបឃិតជាមួយសហរដ្ឋអាមេរិក។ បទចោទទាំងអស់នេះអាចនាំឱ្យមានទោសប្រហារជីវិត។ ក្រោយពីមានការកាត់ទោសពួកគេកាលពីពេលថ្មីៗនេះដែលបានធ្វើឡើងដោយសម្ងាត់រួចមក នាង Hamedi និងនាង Mohammadi ឥឡូវនេះកំពុងរង់ចាំការប្រកាសសាលក្រម និងការប្រកាសទោសរបស់ពួកគេ។
អាជ្ញាធរអ៊ីរ៉ង់ក៏កំពុងចាប់ខ្លួនឡើងវិញផងដែរនូវអ្នកកាសែតដែលត្រូវបានឃាត់ខ្លួនក្នុងអំឡុងការធ្វើបាតុកម្ម ប៉ុន្តែក្រោយមកត្រូវបានដោះលែងក្រោយពីបានបង់ប្រាក់ដើម្បីនៅក្រៅឃុំ ឬមួយក៏ត្រូវបានផ្តល់ការលើកលែងទោស។ ក្នុងចំណោមអ្នកទាំងនោះ មានលោក Hossein Yazdi នាយកនៃប៉ុស្តិ៍ព័ត៌មាន Iran Times នៅលើបណ្ដាញសង្គមអនឡាញ Telegram និងនាង Nazila Maroufian អ្នកកាសែតមិនចំណុះស្ថាប័នផងដែរ។
អ្នកកាសែត ២ នាក់ទៀតគឺអ្នកស្រី Saeedeh Shafiei និងអ្នកស្រី Nasim Soltanbeigi ដែលត្រូវបានចាប់ខ្លួនដំបូងក្នុងអំឡុងការធ្វើបាតុកម្ម ហើយត្រូវបានចោទប្រកាន់ពីបទ «ឃោសនាប្រឆាំងនឹងរដ្ឋ» និង «ការបញ្ចេញមតិដែលរំខានដល់សាធារណជន» នោះ កាលពីពេលថ្មីៗនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ និងដាក់កំហិត ២ ឆ្នាំនៅក្នុងសង្គម ដែលរួមមានទាំងការហាមមិនឱ្យធ្វើសកម្មភាពកាសែត និងការហាមមិនឱ្យចាកចេញពីប្រទេសផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានថ្កោលទោសចំពោះ «ការបង្ក្រាបជាបន្តរបស់របបគ្រប់គ្រងអ៊ីរ៉ង់លើអ្នកកាសែតសម្រាប់ការបំពេញការងារជាអ្នកកាសែត ដែលជាញឹកញយធ្វើឡើងដោយការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងមិនអាចជឿបាន»។
លោក Miller ថ្លែងថា សកម្មភាពរបស់របបនេះ «នៅតែជាការបំពានលើសិទ្ធិរបស់ពួកគេ ដែលនេះជាអ្វីដែលពិភពលោកកំពុងតាមឃ្លាំមើលជាបន្ត»៕