Accessibility links

Breaking News

បទវិចារណកថា៖ មេធាវី​អ៊ីរ៉ង់​ល្បី​ឈ្មោះ​​លោកស្រី Nasrin Sotoudeh ត្រូវ​បាន​ចាប់ខ្លួន​ម្តងទៀត


រូបឯកសារ៖ ​​លោកស្រី Nasrin Sotoudeh គឺជាមេធាវី​អ៊ីរ៉ង់​ម្នាក់។
រូបឯកសារ៖ ​​លោកស្រី Nasrin Sotoudeh គឺជាមេធាវី​អ៊ីរ៉ង់​ម្នាក់។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការចូលរូម​ក្នុង​ពិធី​បុណ្យ​សព​មួយ​អាច​មានគ្រោះថ្នាក់នៅក្នុងប្រទេស​អ៊ីរ៉ង់​ ជា​ពិសេស​ប្រសិនបើ​អ្នក​ស្លាប់​ជា​នារី​វ័យ​ក្មេងម្នាក់​ដែល​បាន​បាត់បង់ជីវិតក្រោយពីបាន​ប្រឈម​ជា​មួយ​ពួក​ប៉ូលិស​វិន័យ ដោយ​សារ​តែ​មិនបាន​ពាក់ក្រណាត់​គ្របសក់ hijab ​ឱ្យ​បានត្រឹមត្រូវតាមការ​ដាក់កំហិត។

មេធាវី​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះលោកស្រី​ Nasrin Sotoudeh និងអ្នកការពារ​សិទ្ធិ​មនុស្សមួយ​ចំនួនទៀតត្រូវ​បាន​រាយការណ៍ថា ​ត្រូវបានវាយ​ដំ​ធ្ងន់ធ្ងរ​និងត្រូវចាប់ខ្លួន ​នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នាង Armita Geravand ពលរដ្ឋអ៊ីរ៉ង់​ដើមកំណើត​ Kurd អាយុ១៦ឆ្នាំ​ កាលពី​ថ្ងៃទី ២៩​ ខែតុលា។​ នាង​ Geravand បានស្លាប់នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្រុង​តេហេរ៉ង់ បន្ទាប់​ពីបានសន្លប់​ជាច្រើន​សប្តាហ៍​ ក្រោយ​ត្រូវ​បានវាយ​តប់​នៅលើ​រថភ្លើង​ដោយសារ​នាងមិនបាន​ពាក់កន្សែង​គ្រប​សក់ hijab។ មរណភាពដ៏​សោកសៅរបស់​នាងដូច​គ្នានឹង​ការស្លាប់របស់ស្ត្រីអ៊ីរ៉ង់​ដើមកំណើត Kurd វ័យ​ក្មេងម្នាក់​ទៀត​គឺនាង Mahsa Amini។ នាង Mahsa Amini បាន​ស្លាប់​កាលពីខែ​កញ្ញា​ ២០២២ នៅ​ក្នុងការឃុំឃាំងរបស់​ពួកប៉ូលិស​វិន័យ ​ក្រោយពី​នាង​ត្រូវបាន​ចាប់ខ្លួន​ដោយ​ពាក់ក្រណាត់​គ្របសក់ hijab ​រលុងពេក ដែល​បាន​បណ្តាល​ឱ្យមានបាតុកម្មនៅ​ទូទាំង​ប្រទេស ហើយ​បាតុកម្ម​នោះ​ត្រូវបានបង្ក្រាបយ៉ាង​ឃោរឃៅ​ដោយ​រដ្ឋាភិបាល។ បាតុកម្មនិង​ការ​ឆ្លើយតបដ៏​ឃោរឃៅរបស់អាជ្ញាធរ​បានចាប់ផ្តើម​នៅ​ពិធី​បុណ្យ​សព​នាង Amini ដែល​មានចូលរួម​ដោយ​មនុស្ស​រាប់ពាន់នាក់​នៅ​ក្នុង​ក្រុង Saqqez ដែល​ជា​ក្រុងកំណើតរបស់នាង។

ការ​ចាប់​ខ្លួន​និង​ការ​ជាប់ឃុំឃាំង​ក្នុងពន្ធនាគារ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ មិនមែន​ជារឿង​ថ្មី​ទេសម្រាប់​លោកស្រី​ Nasrin Sotoudeh។ លោកស្រី​គឺ​ជា​អ្នកការពារ​សិទ្ធិ​ស្ត្រី​ ក្រុម​ជនភាគតិច​ខាង​សាសនា និង​ក្រុមសកម្មជនដែល​តវ៉ា​ដោយ​សន្តិវិធី។ លោកស្រី​ត្រូវបានចាប់ខ្លួន​ពីបទចោទ​ប្រកាន់​ទាក់ទិន​នឹង​សន្តិសុខ ​ហើយ​បានចំណាយ​ពេល​ច្រើន​ឆ្នាំជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ។ ស្វាមីលោកស្រី លោក Reza Khandan បាន​និយាយថា លោកស្រី Sotoudeh ត្រូវបាន​វាយ​ដំ​យ៉ាង​ដំណំ​ហើយវ៉ែនតា​លោកស្រីបានបែកនៅ​ពេល​ចាប់​ខ្លួនលោកស្រី​នៅពិធី​បុណ្យ​សពនាង Armita Geravand។ លោកស្រី Narin Sotoudeh ត្រូវបានផ្ទេរ​ទៅ​គុក Qarchak ខាងក្រៅក្រុងតេហេរ៉ង់។

នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយជាលាយ​លក្ខណ៍អក្សរ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសសហរដ្ឋអាមេរិក​លោក​ Matthew Miller ​បានថ្កោលទោស«ការ​វាយដំ​យ៉ាង​ឃោរឃៅនិងការឃុំឃាំងដោយ​អយុត្តិធម៌ដែល​កើត​មាន​ឡើងចំពោះ​អ្នកការពារសិទ្ធិមនុស្សមួយចំនួនកាល​ពី​ថ្ងៃទី២៩ ខែតុលា​ នៅ​ក្នុងពិធី​បុណ្យ​សព​នាង Armita Geravand ដែល​បានស្លាប់ដោយត្រូវបានវាយដំនៅលើ​រថភ្លើង​ក្រុង​តេហេរ៉ង់​ដោយសារ​មិនបាន​ពាក់​ក្រណាត់​គ្របសក់ hijab។ សហរដ្ឋអាមេរិក​អំពាវនាវឱ្យមានការ​ដោះលែង​ជា​បន្ទាន់និងដោយគ្មានលក្ខខណ្ឌ​ដល់​លោកស្រី Sotoudeh និងមនុស្ស​ឯ​ទៀត​ដែល​ត្រូវបានឃុំឃាំង​ដោយ​អយុត្តិធម៌​ដោយ​របបគ្រប់គ្រងអ៊ីរ៉ង់ឱ្យបានចេញ​ពីពន្ធនាគារ។

អ្នកនាំពាក្យ Miller បានបន្ថែម​ថា «ម្តង​ទៀត យើងថ្កោលទោស​ការធ្វើបាប​ដោយ​របបគ្រប់គ្រងអ៊ីរ៉ង់លើពលរដ្ឋ​ខ្លួនឯង​ផ្ទាល់​ ដែល​រួម​មាន​អំពើ​ហិង្សា​របស់អាជ្ញាធរ​ប្រឆាំងនឹង​ស្ត្រីនិងក្មេងស្រីៗនៅ​ប្រទេសអ៊ីរ៉ង់។ សហរដ្ឋអាមេរិកនឹងបន្ត​ឈរជា​មួយប្រជារាស្ត្រ​ដ៏​ក្លាហាន​នៃ​ប្រទេស​អ៊ីរ៉ង់​ និងធ្វើ​ការជា​មួយសហគមន៍​អន្តរជាតិ​ដើម្បី​ឱ្យរបបគ្រប់គ្រងអ៊ីរ៉ង់ទទួល​ខុសត្រូវដល់ការរំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុងប្រទេស​ និង​ក្រៅប្រទេស»៕

XS
SM
MD
LG