តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិក ផ្តល់កិត្តិយសឱ្យមនុស្សមួយក្រុមដែលបានប្រឹងប្រែងការពារ និងគាំទ្រសិទ្ធិមនុស្សដោយផ្តល់ឱ្យពួកគេនូវរង្វាន់ការពារសិទ្ធិមនុស្សសាកល។
ជ័យលាភីទីមួយគឺលោក Mohammad Nur Khan ដែលដឹកនាំអង្គការសិទ្ធិមនុស្សល្បីឈ្មោះពីរក្នុងប្រទេសបង់ក្លាដែស និងបានធ្វើជាដៃគូជាមួយអង្គការអន្តរជាតិដើម្បីប្រមូលឯកសារអំពីការរំលោភលើសិទ្ធិមនុស្សនិងឧបត្ថម្ភផ្ចុងផ្តើមការទទួលខុសត្រូវខ្ពស់នៅប្រទេសបង់ក្លាដែស។
ពីប្រទេសប្រេស៊ីល អ្នកស្រី Elaize de Souza Farias ជាអ្នកកាសែតជនជាតិដើមភាគតិចផ្នែកស៊ើបអង្កេតដែលបានរាយការណ៍អំពីបរិដ្ឋាន កសិកម្ម និងប្រជារាស្ត្រជាជនជាតិដើមភាគតិច និងជាប្រជារាស្ត្រប្រពៃណី និងបញ្ហាឯទៀត។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមបុគ្គលិកខ្មែរគាំទ្រសិទ្ធិការងារនៅកន្លែងកម្សាន្តនិងកាស៊ីណូ NagaWorld បានដឹកនាំធ្វើកូដកម្មមួយទាមទារឱ្យមានប្រាក់បៀវត្សរ៍ច្រើនជាងមុន។ ទោះជាមានការយាយីនិងការចាប់ខ្លួននាងកាលពីឆ្នាំ២០២២ក៏ដោយ ក៏កញ្ញាស៊ីថរ នៅតែបន្តនិយាយការពារសិទ្ធិពលកម្មតទៅទៀត។
នៅក្នុងតំណែងជាអ្នកការពារសាធារណៈនៃប្រទេសហ្សកហ្ស៊ីពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ លោកស្រី Nino Lomjaria និងក្រុមរបស់អ្នកស្រីបាននិយាយការពារសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប។
លោកស្រី Rosa Melania Reyes Valasquez ត្រូវបានទទួលស្គាល់ដោយសារការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសហុងឌុយរ៉ាស់។
លោកស្រី Nasrin Sotoudeh ជាមេធាវីសិទ្ធិមនុស្សនិងជាសកម្មជន។ កាលពីខែមីនាឆ្នាំ២០១៩ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៣៨ឆ្នាំ និងវាយដោយរំពាត់១៤៨ខ្វាប់ ដោយសារលោកស្រីបានការពារក្រុមស្ត្រីត្រូវចោទប្រកាន់ពីបទមិនបានស្លៀកពាក់ hijab។
លោក Bashdar Hassan ជាមេធាវីសិទ្ធិមនុស្សអ៊ីរ៉ាក់ម្នាក់ដែលដឹកនាំមេធាវីមួយក្រុមបម្រើការជាអ្នកការពារក្តីឱ្យក្រុមអ្នកកាសែត ពួកសកម្មជននិងក្រុមបាតុករ។
បើតាមអង្គការ Amnesty International ថា មេធាវីទាំងនេះ«ត្រូវបានចាប់ខ្លួនដោយចេតនា»ហើយ«បានបាត់ខ្លួនដោយការបង្ខិតបង្ខំ»នៅ Badinan ក្នុងតំបន់
Kurdistan នៃប្រទេសអ៊ីរ៉ាក់។
លោក Mohamed Ely El Her នៃប្រទេសម៉ូរីតានីបានធ្វើឱ្យមានការជឿនលឿនច្រើនក្នុងការធ្វើឱ្យមានសិទ្ធិខាងដីធ្លីសម្រាប់អតីតជនរងគ្រោះដោយសារទាសភាព។
លោក Ding Jiax ដែលរស់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានផ្តល់កិត្តិយសដោយសារលោកបានជួយចាប់ផ្តើមឱ្យមានចលនាពលរដ្ឋថ្មី។ អង្គការនេះបានគាំទ្រពួកបេក្ខជនឯករាជ្យក្នុងការបោះឆ្នោតក្នុងមូលដ្ឋាន អំពាវនាវឱ្យក្រុមមន្ត្រីរដ្ឋាភិបាលលាតត្រដាងឱ្យដឹងពីធនធានផ្ទាល់ខ្លួនរបស់ពួកគេ និងបានគាំទ្រសិទ្ធិទ្រព្យធនផងដែរ។ លោក Ding ត្រូវបានការ់ទោសជាសម្ងាត់កាលពីឆ្នាំ២០២២ ដោយគ្មានការប្រកាសសាលក្រមទេ។
ហើយនៅទីបញ្ចប់ លោក Ekoue David Joseph Dosseh នៃប្រទេសតូហ្គោត្រូវបានផ្តល់កិត្តិយសដោយសារលោកបានគាំទ្រសង្គមស៊ីវិលតូហ្គោ ប្រយុទ្ធប្រឆាំងនឹងអយុត្តិធម៌ និងនិទណ្ឌភាពនិងឧបត្ថម្ភផ្ចុងផ្តើមការជឿនលឿនប្រជាធិបតេយ្យនៅទូទាំងតំបន់អស់ពេលជាង១៥ឆ្នាំ។
ការការពារនិងការគាំទ្រក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនេះនិងអ្នកការពារសិទ្ធិមនុស្សឯទៀតៗនៅតែជាអាទិភាពសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ស.រ.អ.នៅពេលដែលពួកគេជាផ្នែកសំខាន់នៃលទ្ធិប្រជាធិបតេយ្យ ការធ្វើឱ្យមានយុត្តិធម៌ ឱ្យមានសង្គមស៊ីវិលមួយរស់រវើក ភាពសំបូររុងរឿងខាងសេដ្ឋកិច្ច និងនិរន្តរភាពនៃបរិដ្ឋាន៕