តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភជាខ្លាំងជុំវិញការចាប់ខ្លួនមេដឹកនាំសហជីពកម្មករដ៏សំខាន់ម្នាក់ក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
មេដឹកនាំសហជីពកម្មករកាស៊ីណូណាហ្គាវើលដ៍ក្នុងទីក្រុងភ្នំពេញ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីកញ្ញាបានវិលត្រឡប់មកពីចូលរួមក្នុងសន្និសីទពិភពលោកនៃសហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយក្រោយការចាប់ខ្លួនកញ្ញាបានបន្តិចនោះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា៖
«យើងជំរុញដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងបញ្ឈប់ការកាត់ទោសលើក្រុមសហជីពពាណិជ្ជកម្ម ដែលបានអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំ និងជួបជុំដោយសន្តិវិធី ព្រមទាំងទម្លាក់ចោលរាល់ការចោទប្រកាន់នានាប្រឆាំងនឹងពួកគេ ហើយធ្វើការដោះស្រាយជម្លោះក្នុងន័យស្ថាបនា»។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនលើកទី១កាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីដឹកនាំធ្វើបាតុកម្មសហជីពកម្មករដ៏ធំមួយ ដោយសុំឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទទួលយកបុគ្គលិករាប់រយនាក់ចូលធ្វើការវិញ ហើយក៏បានចោទប្រកាន់ផងដែរថា ក្រុមកម្មករត្រូវបានក្រុមហ៊ុននេះបណ្តេញចេញពីការងារដោយមិនត្រឹមត្រូវ។ ក្រុមអាជ្ញាធរបានប្រើប្រាស់ល្បិចកលនិងអំពើហិង្សាដើម្បីបង្ក្រាបដល់ក្រុមកម្មករតវ៉ាដោយសន្តិវិធីនេះ ដែលក្នុងនោះរួមមានទាំងការរុញច្រាននិងវាយកម្មករក្នុងអំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងតវ៉ាកាលពីថ្ងៃទី២៧ ខែមិថុនា និងថ្ងៃទី១១ ខែសីហាកន្លងទៅ។
អាជ្ញាធរកម្ពុជា ក៏ត្រូវរងការចោទប្រកាន់ផងដែរពីការប្រើប្រាស់ច្បាប់សុខភាពសាធារណ: (ជំងឺកូវីដ១៩) ដើម្បី បំបែកក្រុមអ្នកប្រឆាំងតវ៉ា ដោយបង្ខំឱ្យពួកគេឡើងឡានក្រុង ហើយដឹកពួកគេទៅស្នាក់នៅក្នុងទីតាំងធ្វើចត្តាឡីស័កមួយយប់។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើកូដកម្មរបស់ក្រុមកម្មករថា «ខុសច្បាប់» និងបានចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍និងធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គម។ របាយការណ៍សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាចុងក្រោយបំផុតរបស់ក្រសួងការបរទេសអាមេរិកបានពណ៌នាថា ការចោទប្រកាន់នេះជា«បទដ្ឋានមិនច្បាស់លាស់ដែលជាធម្មតាត្រូវគេប្រើប្រាស់ដើម្បីបង្ក្រាប និងដាក់ទោសទណ្ឌលើអ្នកបញ្ចេញមតិប្រឆាំងនិងតវ៉ាដោយសន្តិវិធី»។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីខែមីនាកន្លងទៅ។ រដ្ឋាភិបាលកម្ពុជាអះអាងថា កញ្ញាត្រូវបានចាប់ខ្លួនឡើងវិញ ដោយសាររំលោភលើលក្ខខណ្ឌនៅក្រៅឃុំរបស់ខ្លួន ដោយបានធ្វើដំណើរចេញទៅក្រៅប្រទេស។ ប៉ុន្តែកញ្ញានិងមេធាវីបានបដិសេធថា តុលាការមិនដែលប្រាប់នាងពីបម្រាមមិនឱ្យចេញទៅក្រៅប្រទេសនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Price និយាយដូចនេះថា៖ «យើងបន្តអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តនូវកាតព្វកិច្ចនិងការប្តេជ្ញារបស់ខ្លួន ហើយសម្របសម្រួលឱ្យមានដំណោះស្រាយមួយរវាងក្រុមហ៊ុនណាហ្គាវើលដ៍និងសហជីពកម្មករ ដែលតំណាងឱ្យក្រុមបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារទាំងនោះ»។
ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ត្រូវទទួលបានការអនុញ្ញាតក្នុងការអនុវត្តសិទ្ធិមនុស្សរបស់គេ ដោយមិនភ័យខ្លាចពីការគាបសង្កត់និងការសងសឹកពីសំណាក់រដ្ឋាភិបាលនោះឡើយ៕