តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះការកាត់ក្តីកាលពីថ្ងៃទី១៤ ខែមិថុនាឱ្យសកម្មជនប្រឆាំងប្រមាណ៦០នាក់ក្នុងប្រទេសកម្ពុជាមានទោស ដោយមានរួមទាំងកញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំងផងដែរ។ ការកាត់ទោសក្រុមសកម្មជនប្រឆាំងទាំងនេះ ដែលច្រើននាក់មានចំណងទាក់ទងជាមួយគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ជាទម្រង់នៃការគំរាមកំហែង ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញពួកមេដឹកនាំនយោបាយប្រឆាំង និងគណបក្សប្រឆាំង។
ដោយមានពិរុទ្ធពីបទក្បត់ជាតិ កញ្ញា សេង ធារី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ។ សកម្មជនឯទៀតបានទទួលទោសជាប់ពន្ធនាគារពី៥ ទៅ៨ឆ្នាំ។ កញ្ញា សេង ធារី បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតថា កញ្ញាប្រុងប្រៀបសម្រាប់សាលក្រម«ក្លែងបន្លំ»ថា មានទោស។ កញ្ញាបានមានប្រសាសន៍ថា «ខ្ញុំប្រុងប្រៀបទៅកាន់ពន្ធនាគារកម្ពុជាដែលល្បីពីខាងអាក្រក់ដោយសារទស្សនៈនយោបាយរបស់ខ្ញុំ សម្រាប់ជំនឿរបស់ខ្ញុំ សម្រាប់ជំនឿរបស់ខ្ញុំដល់លទ្ធិប្រជាធិបតេយ្យ សម្រាប់ជំនឿរបស់ខ្ញុំដល់សេរីភាព។ ខ្ញុំប្រុងប្រៀបទទួលការលំបាកក្នុងពន្ធនាគារដើម្បីធ្វើតាមមនសិការរបស់ខ្ញុំ និងជំនឿរបស់ខ្ញុំដល់សេរីភាព និងយុត្តិធម៌»។
លោក Patrick Murphey ឯកអគ្គរដ្ឋទូតស.រ.អ.ប្រចាំប្រទេសកម្ពុជាបានសរសេរសារតាមតាមប្រព័ន្ធធ្វីតថឺថា៖
«យើងខ្វល់ខ្វាយខ្លាំងចំពោះសាលក្រមប្រឆាំងនឹងកញ្ញា សេង ធារី។ សេរីភាពខាងការនិយាយស្តីបញ្ចេញមតិ និងខាងការចូលរួមក្នុងសមាគម ព្រមទាំងការអត់ឱនដល់ទស្សនៈប្រឆាំងជាផ្នែកសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ។ យើងអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងកញ្ញា សេង ធារី និងក្រុមសកម្មជនសិទ្ធិមនុស្សឯទៀតៗពីការឃុំឃាំងក្នុងពន្ធនាគារដោយអយុត្តិធម៌»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគ្រប់គ្រងប្រទេសកម្ពុជារយៈពេល៣៧ឆ្នាំ ដោយបានឡើងដល់កម្រិតខ្ពស់ក្នុងទសវត្សរ៍១៩៨០ ក្រោយពីបរាជ័យនៃរបបខ្មែរក្រហម។ គណបក្សសង្គ្រោះជាតិជាគូប្រជែងនយោបាយធំបំផុតរបស់លោក ហ៊ុន សែន នៅមុនគណបក្សនេះត្រូវបានរំលាយដោយសេចក្តីសម្រេចមួយរបស់តុលាការនៅមុនការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មានជ័យជម្នះ។ កញ្ញា សេង ធារី និងពួកចុងចោទភាគច្រើនត្រូវបានចោទប្រកាន់ទាក់ទិននឹងការប៉ុនប៉ងគ្មានជោគជ័យដោយមេដឹកនាំនៃគណបក្សសង្គ្រោះជាតិក្នុងការវិលត្រឡប់ពីនិរទេសខ្លួននៅក្រៅប្រទេសកាលពីឆ្នាំ២០១៩។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ.បានមានប្រសាសន៍ថា៖
«ប្រជារាស្ត្រខ្មែរទាំងអស់គួរអាចប្រើសិទ្ធិរបស់ពួកគេ ដើម្បីបញ្ចេញទស្សនៈរបស់ពួកគេដោយសេរី ដើម្បីប្រមូលផ្តុំគ្នាដោយសន្តិវិធី និងដើម្បីជ្រើសរើសមេដឹកនាំរបស់ពួកគេ។ យើងអំពាវនាវដល់អាជ្ញាធរខ្មែរឱ្យដោះលែងជនទាំងអស់ដែលត្រូវបានចាប់ឃុំឃាំងដោយអយុត្តិធម៌ ដោយមានរួមបញ្ចូលទាំងកញ្ញា សេង ធារី ផងដែរ និងការពារសេរីភាពខាងការនិយាយស្តីបញ្ចេញមតិ ខាងការចូលរួមក្នុងសមាគម និងខាងការប្រមូលផ្តុំគ្នាដោយសន្តិវិធី ដែលសមស្របជាមួយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងកាតព្វកិច្ចព្រមទាំងការប្តេជ្ញាអន្តរជាតិរបស់ផងខ្លួន»។
សហរដ្ឋអាមេរិកឈរជាមួយប្រជារាស្ត្រខ្មែរ និងនៅតែគាំទ្រដោយគ្មានងាករេដល់សេចក្តីប្រាថ្នារបស់ពួកគេក្នុងការចង់បានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕