តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
គោលដៅរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ារួមមានសន្តិសុខរបស់អ៊ីស្រាអែល ការបន្ថយជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ការវិលត្រឡប់មកវិញរបស់ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់នៅក្នុងការវាយប្រហារភេរវកម្មរបស់ពួកគេលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា និងបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដើម្បីឱ្យជំនួយមនុស្សធម៌អាចហូរចូលដោយសេរីបន្ថែមទៀតដល់ប្រជាជនដែលរងទុក្ខវេទនានៅតំបន់ហ្កាហ្សា។
គោលដៅចុងក្រោយគឺការវិលត្រឡប់មកវិញរបស់ចំណាប់ខ្មាំង និងបទឈប់បាញ់ ដែលអនុញ្ញាតឱ្យបង្កើនជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងច្រើននៅតំបន់ហ្កាហ្សា។ ក៏ប៉ុន្តែ គួរឱ្យសោកស្ដាយគោលដៅចុងក្រោយនេះហាក់ដូចជាពិបាកក្នុងការសម្រេចឱ្យបាន បន្ទាប់ពីក្រុមហាម៉ាស់បានបដិសេធជាថ្មីម្តងទៀតមិនយល់ព្រមចំពោះសំណើដែលទាមទារយ៉ាងខ្លាំងក្លាដោយអ្នកសម្របសម្រួលអាមេរិក អេហ្ស៊ីប និងកាតា។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានហៅក្រុមហាម៉ាស់ថា ជា«ឧបសគ្គ»ចំពោះកិច្ចព្រមព្រៀងនេះ«ថ្វីបើ»លោកសង្កេតឃើញថា «កិច្ចព្រមព្រៀងនឹងសម្រេចបាននូវកិច្ចការជាច្រើនដែល[មេដឹកនាំក្រុមហាម៉ាស់] បានអះអាងជាសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតថា ពួកគេកំពុងព្យាយាមសម្រេចឱ្យបានក៏ដោយ»។
លោក Miller បាននិយាយថា សំណើថ្មីបំផុត«ដែលបានចេញពីសហរដ្ឋអាមេរិកនិងអេហ្ស៊ីប និងកាតាទៅកាន់អ៊ីស្រាអែល ទៅកាន់ក្រុមហាម៉ាស់គឺ «មានសារៈសំខាន់យ៉ាងខ្លាំង»។ លោកក៏បានកត់សម្គាល់ដែរថា អ៊ីស្រាអែល«បានធ្វើសកម្មភាពយ៉ាងខ្លាំងក្នុងការដាក់សំណើនោះ» ក៏ប៉ុន្តែក្រុមហាម៉ាស់បានច្រានចោល។
លោក Miller បាននិយាយថា៖ «ប្រសិនបើពួកគេទទួលយកសំណើនោះ វានឹងអនុញ្ញាតឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាយ៉ាងតិចណាស់ប្រាំមួយសប្តាហ៍ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប៉ាឡេស្ទីនដែលពួកគេអះអាងថាពួកគេតំណាងឱ្យនោះ។ កិច្ចព្រមព្រៀងនោះក៏នឹងអនុញ្ញាតឱ្យយើងបន្តកែលម្អវិធីក្នុងការផ្តល់ជំនួយមនុស្សធម៌ដែលយើងបានធ្វើក្នុងពេលជាច្រើនសប្តាហ៍កន្លងមក។ ហើយការកែលម្អទាំងនោះមានសារៈសំខាន់ និងកំពុងបន្ត ប៉ុន្តែប្រសិនបើមិនមានសកម្មភាពប្រឆាំងកំពុងបន្តកើតមានទេនោះ អង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀត កាន់តែអាចធ្វើការបន្ថែមទៀតក្នុងការផ្តល់ជំនួយមនុស្សធម៌។ ហើយចំណុចសំខាន់គឺក្រុមហាម៉ាស់ត្រូវតែទទួលយកកិច្ចព្រមព្រៀងនោះ ហើយពួកគេត្រូវពន្យល់ដល់ពិភពលោក និងប្រជាពលរដ្ឋប៉ាឡេស្ទីនអំពីមូលហេតុដែលពួកគេមិនទទួលយកសំណើនោះ។ គឺក្រុមហាម៉ាស់ ឥឡូវនេះ គឺក្រុមហាម៉ាស់ដែលជារបាំង និងជាឧបសគ្គដែលរារាំងមិនឱ្យមានបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយម្តងហើយម្តងទៀតថា សន្តិសុខពិតប្រាកដសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនត្រូវតែរួមបញ្ចូលមាគ៌ាសម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ ក៏ប៉ុន្តែ ដូចដែលលោករដ្ឋមន្ត្រីបាននិយាយកាលពីដើមឆ្នាំនេះនៅឯទីក្រុង Davos ថា «បញ្ហាត្រូវដោះស្រាយគឺការចាប់ផ្តើមពីទីនេះដើម្បីឱ្យទៅដល់គោលដៅនោះ។ ហើយជាការពិតណាស់ វាទាមទារការសម្រេចចិត្តដ៏លំបាក និងជួបប្រទះបញ្ហាប្រឈមជាខ្លាំង»។
ដូចស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ដោយក្រុមហាម៉ាស់បដិសេធជាថ្មីម្តងទៀតនៃសំណើបទឈប់បាញ់ ក្រុមហាម៉ាស់កំពុងបង្ហាញថា ខ្លួនមិនចាប់អារម្មណ៍ក្នុងការចូលរួមធ្វើការសម្រេចចិត្តទាំងនោះទេ៕