តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ការជួញដូរមនុស្ស «រំលោភលើសិទ្ធិជាសាកលរបស់មនុស្សគ្រប់រូបនៅក្នុងការមានស្វ័យភាពលើជីវិតនិងសកម្មភាពរបស់ខ្លួន»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «សព្វថ្ងៃនេះ មនុស្សជាង ២៧ លាននាក់នៅជុំវិញពិភពលោកមិនទទួលបានសិទ្ធិនោះទេ។ ការជួញដូរ [មនុស្ស] បង្កផលអាក្រក់ដល់សង្គមរបស់យើង ធ្វើឱ្យនីតិរដ្ឋចុះខ្សោយ បង្អាក់ដល់សង្វាក់ផ្គត់ផ្គង់ កេងប្រវញ្ចលើកម្មករ និងបង្កអំពើហិង្សា។ ជាងនេះទៀត វាប៉ះពាល់ដោយវិសមាមាត្រលើក្រុមងាយរងគ្រោះជាយូរមកហើយនានាដូចជាស្ត្រី អ្នកស្រឡាញ់ភេទដូចគ្នា ជនពិការ ជាតិសាសន៍ភាគតិច និងក្រុមអ្នកកាន់សាសនាភាគតិចផ្សេងៗ»។
កាលពីថ្ងៃទី ១៥ ខែមិថុនា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ខ្លួន ដែលជារបាយការណ៍ពិនិត្យវាយតម្លៃយ៉ាងទូលំទូលាយបំផុតនៅលើពិភពលោកលើកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនានា ដែលក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏អាក្រក់ហួសហេតុនេះ។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «របាយការណ៍នៅក្នុងឆ្នាំនេះបង្ហាញអំពីទិដ្ឋភាពនៃការវិវឌ្ឍមិនប្រែប្រួលនៅជុំវិញពិភពលោក ដោយប្រទេសរាប់សិបបានបោះជំហានគួរឱ្យកត់សម្គាល់នៅក្នុងការបង្ការការជួញដូរ [មនុស្ស] ការការពារអ្នករួចផុតពីការជួញដូរ និងការកាត់ទោសអ្នកដែលប្រព្រឹត្តិឧក្រិដ្ឋកម្មនេះ»។
លោក Blinken បានលើកយកករណីប្រទេសសីស្ហែលមកធ្វើជាឧទាហរណ៍ ដែលនៅប្រទេសនោះ រដ្ឋាភិបាលបានផ្ដល់ការបណ្ដុះបណ្ដាលដ៏ល្អដល់មន្ត្រីប៉ូលិសនិងមន្ត្រីអាកាសយានដ្ឋានដើម្បីតាមសម្គាល់រកការជួញដូរ [មនុស្ស]។
លោក Blinken ក៏បានលើកយកករណីទីក្រុងហុងកុងមកធ្វើជាឧទាហរណ៍ផងដែរ ដែលនៅទីនោះអាជ្ញាធរបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់នូវខ្សែទំនាក់ទំនងអាសន្នដើម្បីជួយជនរងគ្រោះដោយសារការជួញដូរឱ្យរាយការណ៍អំពីការបោកបញ្ឆោតរឿងផ្ដល់ការងារនៅបរទេសនិងដើម្បីទទួលបានជំនួយ ដែលការធ្វើដូច្នេះគឺតម្រូវឱ្យមានការប្រើប្រាស់ធនធានបន្ថែមដើម្បីកំណត់រកជនរងគ្រោះ និងកាត់ទោសជនជួញដូរមនុស្ស។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា របាយការណ៍នេះក៏បានលើកឡើងផងដែរអំពីទំនោរដ៏គួរឱ្យព្រួយបារម្ភមួយចំនួន។
លោករដ្ឋមន្ត្រី Blinken មានប្រសាសន៍ដូច្នេះថា៖ «[ទំនោរ] ទីមួយគឺការរីកជាបន្តនូវពលកម្មដោយបង្ខំ។ ដោយសារតែវិបត្តិជំងឺកូវីដ១៩ បានបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់នៅជុំវិញពិភពលោក... និយោជកដែលមានគំនិតកេងប្រវញ្ចបានប្រើកលល្បិចជាច្រើនដើម្បីកេងប្រយោជន៍ពីពលករដែលទទួលបានប្រាក់កម្រៃទាបនិងងាយរងគ្រោះខ្លាំង»។
លោករដ្ឋមន្ត្រី Blinken បានបន្តថា៖ «[ទំនោរ] ទីពីរគឺការកើនឡើងនូវការជួញដូរពលកម្មតាមរយៈការបោកបញ្ឆោតតាមអនឡាញ។ ...អ្នកជួញដូរមនុស្សទាញប្រយោជន៍ពីភាពអត់ការងារជាទូទៅដើម្បីជ្រើសរើសជនរងគ្រោះតាមរយៈការផ្សព្វផ្សាយការងារបោកប្រាស់ ហើយបន្ទាប់មកបានបង្ខំជនរងគ្រោះឱ្យធ្វើការបោកប្រាស់លក្ខណៈអន្តរជាតិ»។
លោករដ្ឋមន្ត្រី Blinken បានបន្ថែមថា៖ «[ទំនោរ] ទីបីគឺថា របាយការណ៍នេះបានបង្ហាញអំពីហានិភ័យដែលជនរងគ្រោះដោយសារការជួញដូរជាកុមារានិងបុរសវ័យក្មេងប្រឈម។ ជារឿយៗ ផ្នែកនៃការជួញដូរនេះត្រូវបានគេមើលរំលង»។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ទៀតថា ការពិតគឺថានរណាក៏ដោយមិនថាមានភេទ ឬក៏ទស្សនៈយេនឌ័រអ្វីនោះទេគឺសុទ្ធតែអាចក្លាយជាគោលដៅរបស់អ្នកជួញដូរមនុស្ស។ «ហេតុដូច្នេះហើយ រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនត្រូវតែបង្កើតធនធានសម្រាប់មនុស្សគ្រប់រូបទាំងអស់»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងដូច្នេះថា៖ «យើងត្រូវការការអនុវត្តច្បាប់ដើម្បីកាត់ទោសជនជួញដូរមនុស្ស។ យើងត្រូវការអ្នកធ្វើការខាងកិច្ចការសង្គមដើម្បីផ្ដល់សេវាថែទាំការប៉ះទង្គិចផ្លូវចិត្តដល់ជនរងគ្រោះ។ យើងត្រូវការអ្នកតស៊ូមតិដើម្បីធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ។ យើងត្រូវការសហគមន៍ចូលរួមជាមួយគ្នាដើម្បីគាំទ្រដល់អ្នករួចផុតពីការជួញដូរមនុស្ស»។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែតាំងចិត្តចំពោះកិច្ចការដ៏សំខាន់ «តែម្ដងគត់សម្រាប់មនុស្សគ្រប់គ្នា ដែលនោះគឺការបញ្ចប់ការជួញដូរមនុស្ស»៕