តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
ថ្ងៃនេះជាទិវាបញ្ចប់ទាសភាពឬ Juneteenth ដែលជាថ្ងៃមួយត្រូវបានប្រារព្ធឡើងដោយពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតអាហ្រ្វិកអស់រយៈពេលជាង១៥០ឆ្នាំមកហើយ ក៏ប៉ុន្តែ ថ្ងៃនេះ ទើបតែត្រូវបានទទួលស្គាល់ថាជាថ្ងៃបុណ្យជាតិកាលពីប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ។
ឈ្មោះនៃទិវា Juneteenth គឺជាការរួមបញ្ចូលគ្នានូវពាក្យ June (ដែលមានន័យថា ខែមិថុនា និង Nineteenth (ដែលមានន័យថា ថ្ងៃទី១៩) ដែលជាថ្ងៃក្នុងឆ្នាំ១៨៦៥ ដែលពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកជាទាសករចុងក្រោយគេនៅសហរដ្ឋអាមេរិកបានដឹងថា ពួកគេមានសេរីភាពដោយបានរួចផុតពីទាសភាពកាលពីពីរឆ្នាំមុននោះ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ ១៨៦៣ លោកប្រធានាធិបតី Abraham Lincoln បានចេញសេចក្ដីប្រកាសស្ដីពីការរួចផុតពីទាសភាព (Emancipation Proclamation) ដែលសេចក្តីប្រកាសនោះមានចែងថា មនុស្សទាំងអស់ដែលធ្វើជាទាសករនៅក្នុងរដ្ឋសហព័ន្ធដែលបះបោរ គឺមានសេរីភាពហើយ។ ដូច្នេះបើតាមបច្ចេកទេស អ្នកដែលជាទាសករទាំងនោះ គឺត្រូវមានសេរីភាពហើយ។ ក៏ប៉ុន្តែ ដោយសារតែលក្ខខណ្ឌទូទៅមួយចំនួន ព័ត៌មានអំពីសេចក្ដីប្រកាសស្ដីពីការរួចផុតពីទាសភាពនេះ ត្រូវបានផ្សព្វផ្សាយយឺត។ សេចក្ដីប្រកាសស្ដីពីការរួចផុតពីទាសភាពនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសនៅពីរខែបន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ ដែលដំណឹងដ៏រីករាយនេះបានទៅដល់ទីដាច់ស្រយាលបំផុតនៅក្នុងប្រទេស និងទីដាច់ស្រយាលបំផុតនៃរដ្ឋសហព័ន្ធដែលបានដួលរលំ។
ចាប់ពីឆ្នាំ១៨៦៦ មក ទិវា Juneteenth ត្រូវបានប្រារព្ធឡើងដោយសហគមន៍អាមេរិកាំងដើមកំណើតអាហ្រ្វិក។ ក៏ប៉ុន្តែ ទម្រាំតែទិវានេះ ត្រូវបានទទួលស្គាល់ថាជាទិវាបុណ្យជាតិ គឺត្រូវចំណាយពេល ១៥៥ ឆ្នាំ។
ជាការពិតគឺវាមានរយៈពេលយូរណាស់ ក៏ប៉ុន្តែនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់បង្កើតទិវា Juneteenth ជាថ្ងៃបុណ្យជាតិ។
លោកប្រធានាធិបតី Joe Biden បានថ្លែងនៅឯការប្រគុំតន្ត្រីអបអរសាទរមួយកាលពីឆ្នាំមុនថា៖ «សម្រាប់ខ្ញុំ ការធ្វើឱ្យទិវា Juneteenth ក្លាយជាថ្ងៃបុណ្យជាតិ គឺមិនមែនគ្រាន់តែជាការធ្វើឡើងជានិមិត្តរូបនោះទេ»។
លោកប្រធានាធិបតី Biden បានថ្លែងបន្តទៀតថា៖ «វាគឺជាសេចក្តីថ្លែងការណ៍មួយនៃការពិតសម្រាប់ប្រទេសនេះក្នុងការទទួលស្គាល់ … ភាពមិនត្រឹមត្រូវនៃការមានទាសភាព។ ...ដើម្បីចងចាំសេចក្តីប្រកាសអំពីការរួចផុតពីទាសភាពនេះថា វាមិនមែនគ្រាន់ តែជាឯកសារនោះទេ។ វាបានចាប់យកខ្លឹមសារនៃសេរីភាព ដែលធ្វើឱ្យប្រទេសជាតិមានភាពរឹងមាំ។ វាបានបង្ហាញថា ទស្សនៈខ្លះមានឥទ្ធិពលជាង។ ពួកគេមិនអាចបដិសេធបានទេ។ វាជាការរំឭកថា ការសន្យារបស់អាមេរិក គឺយើងទាំងអស់គ្នាត្រូវបានបង្កើតឡើងដោយមានសិទ្ធស្មើៗគ្នា ហើយយើងសក្តិសមទទួលបានការប្រព្រឹត្តមកលើនៅក្នុងសង្គមស្មើៗគ្នាពេញមួយជីវិតរបស់យើង»។
លោកប្រធានាធិបតី Biden បានថ្លែងទៀតថា៖ «[សហរដ្ឋអាមេរិក] ត្រូវបានបង្កើតឡើងដោយផ្អែកនៅលើគំនិតមួយ។ គំនិតមួយដែលមិនដូចប្រទេសផ្សេងទៀតក្នុងពិភពលោកនោះទេ នោះគឺថា យើងប្រកាន់យកការពិតទាំងនេះជាភ័ស្តុតាងសម្រាប់ខ្លួនឯងថា បុរស និងស្ត្រីទាំងអស់ត្រូវបានបង្កើតឡើងដោយស្មើៗគ្នា ដែលផ្តល់ឱ្យដោយអ្នកបង្កើតរបស់ពួកគេជាមួយនឹងសិទ្ធិដែលមិនអាចកាត់ផ្តាច់បាន»។
លោកប្រធានាធិបតី Biden បានថ្លែងបន្ថែមទៀតថា៖ «ខណៈពេលដែលយើងមិនដែលបានបំពេញតាមការសន្យានោះ យើងក៏មិនដែលងាកចេញពីការសន្យានោះដែរ។ ដូចកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះរំឭកយើងថា សេរីភាពរបស់យើងត្រូវបានប្រឈមនឹងហានិភ័យដោយការរើសអើងជាតិសាសន៍ ដែលនៅតែជាកម្លាំងខ្លាំងដ៏លើសលប់មួយ»។
«ការចាត់ទុកទិវា Juneteenth ជាថ្ងៃបុណ្យជាតិ គឺមានន័យថា ជាការបញ្ចូលដង្ហើមជីវិតថ្មីចូលទៅក្នុងខ្លឹមសាររបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋអាមេរិកទាំងអស់មានអារម្មណ៍ថា បានទទួលថាមពលពីទិវានេះ និងការរីកចម្រើនដែលយើងអាចធ្វើក្នុងនាមជាប្រទេសមួយ៕