Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​​បុណ្យ​ឯករាជ្យ​ឆ្នាំ២០២២


រូបឯកសារ៖ មនុស្សម្នា​មើល​កាំជ្រួច​ពី​សង្កាត់ Queens នៃ​ទីក្រុង New York ដែល​ត្រូវ​បាន​បាញ់​នៅ​លើ East River និងអគារ Empire State Building ក្នុង​អំឡុង​ពេល​កម្មវិធី​បាញ់​កាំជ្រួច​របស់​ក្រុមហ៊ុន Macy's នៅថ្ងៃទី៤ ខែកក្កដា ក្នុង​ពេល​កន្លង​មក។
រូបឯកសារ៖ មនុស្សម្នា​មើល​កាំជ្រួច​ពី​សង្កាត់ Queens នៃ​ទីក្រុង New York ដែល​ត្រូវ​បាន​បាញ់​នៅ​លើ East River និងអគារ Empire State Building ក្នុង​អំឡុង​ពេល​កម្មវិធី​បាញ់​កាំជ្រួច​របស់​ក្រុមហ៊ុន Macy's នៅថ្ងៃទី៤ ខែកក្កដា ក្នុង​ពេល​កន្លង​មក។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​អាមេរិក

នៅ​ថ្ងៃទី​៤ ​ខែ​កក្កដា ​ឆ្នាំ២០២២នេះ សហរដ្ឋ​អាមេរិក ​ប្រារព្ធខួប​កំណើតទី២៤៦ របស់ខ្លួន​ ​ចាប់តាំង​ពី​ដែនដី​អាណានិគម​ដំបូងចំនួន១៣​ក្នុងទ្វីបអាមេរិក​ខាង​ជើង​បាន​ប្រកាសឯករាជ្យពីចក្រភព​អង់គ្លេស។​

ក្នុង​ភាគ​ច្រើននៃ​រយៈពេលនោះ ​ផ្នែក​ខាងជើង​នៃ​ទ្វីប​អាមេរិក ហើយ​បន្ទាប់មក​ស.រ.អ. ត្រូវបាន​ចាត់ទុកថា​ជាដែនដី​មួយ​ដែលផ្តល់​ឱកាស ឱ្យ​មនុស្សអាច​កសាងជីវភាព​ជា​ថ្មី បង្កធនធាន​និង​គ្មានជំពាក់​គុណ​នរណា​ទេ។ មនុស្ស​ខ្លះបានមក​កាន់អាមេរិកដើម្បីរត់ចេញពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយសារជំនឿ​ខាង​សាសនានិងខាង​នយោបាយរបស់ពួក​គេ​ ដូចជា​ក្រុម Puritans ដែល​បានតាំង​លំនៅដ្ឋាន​នៅ​ក្នុង​រដ្ឋ​ Massachusetts សព្វ​ថ្ងៃ​នេះ កាលពី​ឆ្នាំ១៦២០។ តែ​ក្រុម​អ្នក​តាំង​លំនៅដ្ឋាន​មុនគេ​ដែល​បានបង្កើត​ក្រុង Jamestown ​កាល​ពី​ឆ្នាំ​១៦០៧​ ដែលជា​ដែនដី​អាណានិគមអចិន្ត្រៃយ៍​ទី​មួយ​នៅ​អាមេរិក​ខាង​ជើង ព្រម​ទាំងជន​ភាគ​ច្រើន​ក្នុង​បណ្តា​ក្រុម​មនុស្សដែល​បានមកអាមេរិក​ក្នុង​ពេលបួនសតវត្សរ៍បន្ទាប់មក​ បានធ្វើ​ដូច្នេះ​ក្នុងសេចក្តី​សង្ឃឹមថា​ នឹងកែលម្អស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​និងកសាង​ជីវភាព​ឱ្យ​បានល្អ​ប្រសើរជាងមុន​ផង​ដែរ​។

សម្រាប់​រដ្ឋាភិបាល​អង់គ្លេស​វិញ​ ដែនដីអាណានិគម​ទាំង​នេះ​មាន​ឡើង​សម្រាប់​ធ្វើឱ្យស្តេចនិង​រដ្ឋ​អង់គ្លេស​មានធនធាន​ច្រើន។ ពេល​នោះជាសករាជ​មួយ​ដែលផ្តោត​ទៅលើការ​ធ្វើពាណិជ្ជកម្ម​ដែល​ជា​គោលនយោបាយសេដ្ឋកិច្ច​មួយសម្រាប់​បង្កើនធនធាន​ប្រទេស​មួយ​តាមរយៈ​ការដឹកជញ្ជូន​ទំនិញ​ទៅលក់នៅ​ប្រទេសក្រៅ។ ក្រុម​មនុស្ស​រស់​នៅក្នុងដែនដីអាណានិគម​អង់គ្លេសនៅ​អាមេរិក​ត្រូវ​ហាមប្រាម​មិន​ឱ្យផលិត​វត្ថុ​ប្រើប្រាស់​ កម្រិតការលក់​វត្ថុធាតុ​ដើមនិងទិញ​ទំនិញ​ផលិត​ស្រេចតែ​ពីចក្រភព​អង់គ្លេស។ ផ្ទុយទៅវិញ ទំនិញ​នាំ​ចូល​ពី​ចក្រភពអង់គ្លេសត្រូវបង់ពន្ធ​កាន់តែច្រើន រហូត​ដល់​ក្រុម​អ្នកស្រុក​ក្នុងដែនដី​អាណានិគម​ទាំងនោះ​ទ្រាំមិនបាន នាំគ្នាបះបោរ។

ដោយ​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ឯករាជ្យនៅ​ថ្ងៃ​ទី​៤​ កក្កដា​ ឆ្នាំ១៧៧៦​ ដែនដីអាណានិគម​អាមេរិកាំង​បានប្រកាសបំណង​របស់ពួក​គេបែកចេញ​ពី​របប​រាជាធិបតេយ្យអង់គ្លេស។​ នៅពេលសង្គ្រាមដើ​ម្បី​ឯករាជ្យអាមេរិកាំង​បានចប់ជា​មួយ​ជ័យជំនះ​របស់​ក្រុមនិគមជន ពាណិជ្ជវិស័យក៏បាន​ឈ្នះ​ដែរ។ ការណ៍​នេះ អនុញ្ញាតឱ្យ​មានការអភិវឌ្ឍន៍ការ​ផលិត​ប្រដាប់ប្រដាប្រើ​ប្រាស់និង​បើកទីផ្សារ​ថ្មីសម្រាប់​ធ្វើពាណិជ្ជកម្ម​។ ​សេដ្ឋកិច្ច​ក៏​លូតលាស់​ ផ្តល់​ឱកាស​ឱ្យ​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​និង​ក្រុមមនុស្ស​ចំណូល​ថ្មី​អាចធ្វើឱ្យ​ជីវភាព​ពួកគេ​ល្អ​ប្រសើរ​ជាងមុនថែមទៀត​ផង។​

ក៏ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នាបានចំណេញស្មើ​គ្នា​ពីការ​ផ្លាស់ប្តូរ​នាំ​ឱ្យ​មានដោយ​ការបដិវត្តន៍​នោះ​ទេ។ ការ​ចំណេញភាគ​ច្រើន​បានទៅ​ក្រុមបុរសស្បែក​ស។ ស្ត្រី​និង​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិកដែល​ជា​ទាសករ​បាន​រួម​ចំណែកជាច្រើន​ដល់​បដិវត្តន៍​នោះ។ បើ​គ្មាន​ពួក​គេ ការ​ប្រយុទ្ធ​ដើម្បី​ឯករាជ្យប្រហែល​គ្មាន​ជោគជ័យ​ទេ។ សង្គ្រាម​បដិវត្តន៍មិន​បានបញ្ចប់​ទាសភាពដូច​ដែល​ទាសករ​ច្រើន​នាក់​បានរំពឹង​ទេ ហើយស្ត្រីក៏​មិនបាន​ទទួល​សិទ្ធិផ្លូវច្បាប់​ពេញលេញដែរ។ ពួកគេ​ត្រូវ​រង់ចាំ​អស់ពេល​៨០ឆ្នាំ​ទៀត​មុនមានការ​លប់បំបាត់​ទាសភាព និង​៤០​ឆ្នាំ​ទៀតនៅ​មុនពេល​ស្ត្រី​មានសិទ្ធិអាចបោះឆ្នោត​បាន។​

តែទោះជាយ៉ាង​ណា​ក៏​ដោយ ការបញ្ចប់​ការ​គ្រប់គ្រង​របស់​អង់គ្លេស​និង​កំណើតស.រ.អ. បាន​បើកផ្លូវមួយ​ទៅកាន់សេរីភាព​សម្រាប់មនុស្សគ្រប់គ្នា ហើយបង្អួចមួយ​ក៏​បានចាប់ផ្តើម​បើក​ដែរ។ តាម​ពាក្យពេចន៍​របស់​អ្នក​និពន្ធ​សេចក្តី​ប្រកាស​ឯករាជ្យ​គឺ​លោក Thomas Jefferson ថា «នៅពេល​នេះ សិទ្ធិ​ស្មើគ្នា​របស់មនុស្ស និងការ​សប្បាយ​រីករាយនៃបុគ្គល​គ្រប់​រូបត្រូវ​បាន​ទទួល​ស្គាល់​ហើយ»៕

XS
SM
MD
LG