Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​រំឭកអនុស្សាវរីយ៍​​អតីត​យុទ្ធជន​ឆ្នាំ២០២១


លោកប្រធានាធិបតី Joe Biden ជាមួយ​ភរិយា​របស់​លោក គឺលោកស្រី Jill Biden នៅក្នុង​ខណៈ​ពេល​ដែល​លោក និង​លោកស្រី ទៅ​ទស្សនា​បូជនីយដ្ឋាន​រំឭក​អនុស្សាវរីយ៍​អតីត​យុទ្ធជន​ដែល​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​វៀតណាម ដើម្បី​ប្រារព្ធ​ទិវា​អតីត​យុទ្ធជន។
លោកប្រធានាធិបតី Joe Biden ជាមួយ​ភរិយា​របស់​លោក គឺលោកស្រី Jill Biden នៅក្នុង​ខណៈ​ពេល​ដែល​លោក និង​លោកស្រី ទៅ​ទស្សនា​បូជនីយដ្ឋាន​រំឭក​អនុស្សាវរីយ៍​អតីត​យុទ្ធជន​ដែល​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​វៀតណាម ដើម្បី​ប្រារព្ធ​ទិវា​អតីត​យុទ្ធជន។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅថ្ងៃចន្ទចុងក្រោយនៃខែឧសភានេះ ជនជាតិអាមេរិកាំង ផ្តល់កិត្តិយសដល់អតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងការបម្រើប្រទេសរបស់ពួកគេ។ វា គឺជាឱកាសមួយដើម្បីរំឭកដល់ការលះបង់របស់មនុស្សមួយចំនួនដើម្បីអត្ថប្រយោជន៍មនុស្សជាច្រើននោះ គឺការទទួលស្គាល់ការចូលរួមចំណែករបស់ពួកគេក្នុងការការពារប្រទេស និងឧត្តមគតិជាតិ។

ទិវា​អតីត​យុទ្ធជន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជាលើក​ដំបូង​នៅ​ក្នុងឆ្នាំ​១៨៦៨​ គឺ​បីឆ្នាំ​បន្ទាប់​ពីសង្គ្រាម​ស៊ីវិល​របស់​អាមេរិក​បាន​បញ្ចប់។ ​ទិវា​នេះ​ មិនមែន​ជា​ពិធី​រំឭក​ខួបនៃការ​ប្រយុទ្ធណាមួយ​ ឬ​សង្គ្រាមណាមួយ​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ទិវា​នេះ ​មាន​គោល​បំណង​ជំរុញ​ឱ្យ​ពលរដ្ឋ​ចងចាំ​ពលីកម្ម​របស់​អ្នក​ស្លាប់​ដែល​ត្រូវបាន​គេដាក់​ឱ្យ​សម្រាក​នៅ​ក្នុង​ទី​ក្រុង​ស្មសាន​របស់​ពួក​គេ​ និង​ដើម្បី​គោរព​ដល់អ្នកស្លាប់​ក្នុង​សង្រ្គាម​ដោយ​ការ​តុបតែង​ផ្នូរ​របស់​ពួកគេ​ដោយ​កម្រង​ផ្កា​ និង​ខ្សែ​បូ។

នៅ​ថ្ងៃ​ទិវា​អតីត​យុទ្ធជន​លើក​ទីមួយ​នោះ​ មាន​មនុស្ស​ប្រហែល​៥.០០០​ នាក់​បាន​តុបតែង​ផ្នូរ​របស់​អតីត​យុទ្ធជន​ក្នុង​សង្គ្រាម​ស៊ីវិល​ចំនួន​២០.០០០​ នាក់​ ដែល​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ទីបញ្ចុះ​សព​ជាតិ​នៅ​ក្រុង Arlington ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌីស៊ី​ដោយ​មិន​រើសអើងថា​ ពួកគេ​ជា​អតីត​យុទ្ធជន​នៅ​ភាគី​ខាង​ណា​ទេ។ ឱកាស​នោះ​ បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​មួយ​ដែល​បាន​ផ្សព្វផ្សាយ​ពាសពេញ​ប្រទេស។​

សព្វ​ថ្ងៃនេះ ​ទីក្រុង​និង​ទីប្រជុំ​ជននានា​នៅ​ទូទាំង​ប្រទេស​ បាន​ប្រារព្ធ​ពិធី​រំឭក​អនុស្សាវរីយ៍​ដោយ​មាន​ការ​ដង្ហែ​ក្បួន​របស់​បុគ្គលិក​យោធា​ និង​សមាជិក​នៃ​អង្គការ​អតីត​យុទ្ធជន។ ប្រជាពលរដ្ឋ ទស្សនា​ទី​បញ្ចុះ​សព​ និង​កន្លែង​រំឭក​អនុស្សាវរីយ៍​នានា។ ហើយ​អ្នកខ្លះ​សៀត​ផ្កា​ពណ៌​ក្រហម​តូចមួយ​ដើម្បី​រំឭក​ដល់​អតីត​យុទ្ធជន​ស្លាប់​ក្នុង​សង្រ្គាម។

ទំនៀម​ទម្លាប់​នេះ ​បាន​ចាប់​ផ្តើម​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១​ ដោយ​មាន​កំណាព្យ​មួយ​ដែល​សរសេរ​ដោយ​ទាហាន​ម្នាក់​ រំឭក​ដល់​មិត្ត​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ឯ​សមរភូមិ Ypres ​ក្នុង​ប្រទេស​បារាំង​នៅដើម​ខែ​ឧសភា​ ឆ្នាំ​១៩១៥​ នៅ​ពេល​ដែល​ផ្កា poppy ​ពណ៌​ក្រហម​ កំពុងតែ​ចាប់ផ្តើម​រីក​នៅ​តាម​វាលស្រែ ​វាលស្មៅ​ និង​នៅ​តាមផ្នូរ​ខ្មោច។

ដូច្នេះ​នៅ​រាល់​ទិវា​ចងចាំ​អនុស្សាវរីយ៍​ ​ទង់ជាតិ​តូចៗ​ និង​ភួងផ្កា​ចម្រុះ​ពណ៌​ ត្រូវបានគេ​ដាក់​លើផ្ទាំងថ្ម​នៃ​ផ្នូ​នៅ​កន្លែង​បញ្ចុះសព​ពាសពេញ​ប្រទេស​ដោយ​មានការ​តុបតែង​ផ្នូរ​របស់​វីរបុរស​យោធា។ ហើយ​ផ្កា​ពណ៌​ក្រហម​តូចៗ ​ដែល​ស៊ក​ជាប់​នឹង​អាវ​ គឺ​តំណាង​ឱ្យ​ទាហាន​ដែល​បាន​ស្លាប់​ដើម្បី​ការពារ​ប្រទេស​របស់ពួក​គេ​ ហើយនឹង​តំណាង​ឱ្យ​អ្វីៗផ្សេង​ទៀត។​ ពួកគេបាន​ស្លាប់​ដោយ​ការពារជីវិត​ហើយ​គុណតម្លៃ​នៃ​ជំនឿ​របស់​ពួកគេ​ ហើយ​នឹង​កិត្តិយស​ដែល​ពួកគេ​ទទួល​បាន​ដោយ​ពលីកម្ម​របស់​ពួកគេ។ ​កិត្តិយស​ទាំង​នេះ​ នៅជាប់​នឹង​ពួក​គេ​ជា​រៀង​រហូត៕

XS
SM
MD
LG