តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី៨ ខែមីនានេះ សហគមន៍អន្តរជាតិនាំគ្នាប្រារព្ធទិវាអន្តរជាតិនារី។ វាជាឱកាសមួយដើម្បីប្រារព្ធសមិទ្ធផលរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រនិងទូទាំងប្រទេសជាតិ ហើយដើម្បីឆ្លុះបញ្ចាំងនូវបញ្ហានានាដែលបន្តបង្អាក់ដល់ការរីកចម្រើនរបស់ស្ត្រី ដូចជាការរើសអើងខាងយេនឌ័រ វិសមភាពយេនឌ័រ ការរឹតត្បិតលើសិទ្ធិបន្តពូជ អំពើហិង្សាផ្អែកលើយេនឌ័រ និងឧបសគ្គដល់ការចូលរួមពេញលេញរបស់ស្ត្រីនៅក្នុងសង្គមជាដើម។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា៖ «ថ្វីបើមានការជឿនលឿនរាប់ទសវត្សរ៍មកហើយក៏ដោយ ក៏នៅតាមទីកន្លែងដាច់ស្រយាលជាច្រើននៅទូទាំងពិភពលោក សិទ្ធិរបស់ស្ត្រីនិងក្មេងស្រីនៅតែរងការវាយប្រហារនិងបង្អាក់ដល់ការរីកចម្រើននៃសហគមន៍ទាំងមូល»។
លោកប្រធានាធិបតីបានថ្លែងបន្តទៀតថា៖ «យើងឃើញបញ្ហានេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនៅទីនោះពួកតាលីបង់រារាំងស្ត្រីនិងក្មេងស្រីមិនឱ្យចូលសាលារៀននិងរកការងារធ្វើនោះឡើយ។ យើងឃើញបញ្ហានេះនៅក្នុងប្រទេសអ៊ីរ៉ង់ដែលនៅទីនោះរបបនេះកំពុងបង្ក្រាបយ៉ាងព្រៃផ្សៃលើសំឡេងរបស់ស្ត្រីដែលកំពុងក្រោកឈរយ៉ាងអង់អាចក្លាហានដើម្បីសេរីភាពរបស់ពួកគេ។ ហើយនៅក្នុងការប្រឈមនឹងការឈ្លានពានដ៏អាក្រក់និងអយុត្តិធម៌នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការប្រើការចាប់រំលោភជាអាវុធនៃសង្គ្រាម យើងឃើញស្ត្រីអង់អាចក្លាហានរាប់មិនអស់កំពុងប្រយុទ្ធដើម្បីសិទ្ធិមនុស្សនិងសេរីភាពដ៏សំខាន់សម្រាប់ពលរដ្ឋអ៊ុយក្រែនទាំងអស់»។
ស្ត្រីបានរួបរួមគ្នាយ៉ាងខ្លាំងនៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ការណ៍នេះរួមទាំងការជឿនលឿនលើសមភាពយេនឌ័រ តំណាងខាងនយោបាយ អត្រាមរណភាពមាតានៅពេលសម្រាលកូននិងកំណែទម្រង់ច្បាប់ដើម្បីបញ្ចប់ហិង្សាប្រឆាំងនឹងស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងប្រទេសជាច្រើន ស្ត្រីនៅតែប្រឈមឧបសគ្គជាច្រើនដើម្បីទទួលបានសេវាហិរញ្ញវត្ថុ រួមមានកិច្ចការធនាគារនិងប្រាក់កម្ចី ការទទួលបានកម្មសិទ្ធិ ការចាប់ផ្តើមអាជីវកម្ម ការទទួលបានការអប់រំខ្ពស់ឬការងារនៅខាងក្រៅផ្ទះជាដើម។ ជារឿយៗ ពួកគេត្រូវបានគេរារាំងមិនឱ្យធ្វើការសម្រេចលើបញ្ហានានាដែលដែលមានផលប៉ះពាល់លើពួកគេ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ទៀតថា៖ «ត្រូវលើកតម្កើងឱកាសនេះឱ្យកាន់តែប្រសើរឡើងសម្រាប់ស្ត្រីនិងក្មេងស្រីដើម្បីពង្រឹងសន្តិសុខ ស្ថិរភាពនិងវិបុលភាពសម្រាប់ស្ត្រីគ្រប់រូប។ យើងដឹងថា យើងមិនអាចដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់សកលលោកបានទេ ប្រសិនបើពលរដ្ឋចំនួនពាក់កណ្តាលមិនត្រូវបានគេអើពើនោះ។ ដូច្នេះ សព្វថ្ងៃនេះ នៅពេលដែលយើងប្រារព្ធសមិទ្ធផលនិងការរួមវិភាគទានរបស់ស្ត្រីនិងក្មេងស្រីនៅទូទាំងពិភពលោក យើងក៏បញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់យើងដើម្បីធ្វើឱ្យប្រាកដថា មនុស្សទាំងអស់អាចប្រើនូវសក្ដានុពលពេញលេញរបស់ខ្លួនបាន»។
ស្ត្រីជាធនធានមិនទាន់កែច្នៃដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសមួយ។ សង្គមណាក៏ដោយដែលរីកចម្រើនត្រូវតែចាប់ផ្តើមដោយការផ្តល់អំណាចដល់ស្ត្រីនិងការលើកតម្កើងពួកគេឱ្យមានសិទ្ធិដូចនឹងបុរសដែរ។
នៅទិវាអន្តរជាតិនារីនេះ យើងទទួលស្គាល់ថាសិទ្ធិស្ត្រីគឺជាសិទ្ធិមនុស្ស។ យើងប្រារព្ធទិវានារី ហើយយើងនឹងបន្តការតាំងចិត្តរបស់យើងដើម្បីធ្វើឱ្យពិភពលោកជាកន្លែងមួយដែលស្ត្រីមិនត្រូវបានគេផាត់ចេញឬចាត់ទុកជាធនធានបន្ទាប់បន្សំនោះទេ ប៉ុន្តែ យើងត្រូវផ្តល់កិត្តិយស គោរពនិងធ្វើឱ្យពួកគេទទួលបាននូវសក្តានុពលពេញលេញ៕