តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
នៅថ្ងៃចន្ទនៃសប្តាហ៍ទី២ ក្នុងខែតុលា មនុស្សជាច្រើននៅសហរដ្ឋអាមេរិក រំឭកដល់ដំណើរតាមសមុទ្ររបស់ជនជាតិអឺរ៉ុបនៅទ្វីបអាមេរិក និងរំឭកដល់បុរសដែលបានដឹកនាំដំណើរនេះគឺលោក Christopher Columbus។ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៤៩២ សំពៅ ៣ គ្រឿង នៅក្រោមការដឹកនាំរបស់លោក បានធ្វើដំណើរទៅដល់កោះមួយ ដែលប្រហែលជាស្ថិតនៅក្នុងប្រទេសដីកោះបាហាម៉ានៅពេលសព្វថ្ងៃនេះ ហើយបានទាមទារកម្មសិទ្ធិដែនដីនេះឱ្យប្រទេសអេស្ប៉ាញ។
គោលបំណងនៃដំណើរតាមសមុទ្រនេះ គឺដើម្បីស្វែងរកផ្លូវកាត់ទៅកាន់តំបន់ចុងបូព៌ា ដែលនេះនឹងបំបាត់ការត្រូវធ្វើដំណើរយ៉ាងឆ្ងាយវៀងជុំវិញទ្វីបអាហ្វ្រិក។ ផ្លូវកាត់បែបនេះនឹងមានតម្លៃខាងសេដ្ឋកិច្ចយ៉ាងខ្លាំងសម្រាប់ព្រះមហាក្សត្រអេស្ប៉ាញ ដែលបានចេញសោហ៊ុយនៃដំណើរស្វែងរកតាមសមុទ្រទាំងនេះ ដែលមានភាពប្រថុយប្រថាន និងសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ។
ថ្វីបើលោកធ្វើដំណើរតាមសមុទ្រនេះក្នុងនាមព្រះមហាក្សត្រអេស្ប៉ាញ លោក Columbus ខ្លួនលោកជាអ្នកនាវាចរណ៍ជាតិអ៊ីតាលីមកពីទីក្រុង Genoa ហើយមូលហេតុនេះហើយទើបទិវា Columbus បានក្លាយជាពិធីអបអរដល់ជននានាដែលមានដើមកំណើតអ៊ីតាលី និងសមិទ្ធផលទាំងឡាយរបស់ពួកគេ។
ប៉ុន្តែមិនមែនគ្រប់គ្នារីករាយនឹងការអបអរលោក Columbus និងដំណើរស្វែងរកតាមសមុទ្ររបស់លោកនោះទេ ដោយសារភ្លាមៗក្រោយការរកឃើញទ្វីបអាមេរិក មានការហូរចូលយ៉ាងច្រើននូវជនជាតិអឺរ៉ុបដែលជាអ្នកមកដណ្តើមកាន់កាប់និងអ្នកធ្វើអាណានិគម ដែលបានបង្កឱ្យមានមហន្តរាយដល់ជនជាតិដើមអាមេរិក។ លោក Columbus ក្រុមបុរសរបស់លោក និងមនុស្សចំណូលថ្មីជាច្រើនដែលបានធ្វើដំណើរតាមក្រោយៗមក សុទ្ធតែឃោរឃៅចំពោះជនជាតិដើម ដោយយកពួកគេជាទាសករ និងកេងប្រវ័ញ្ចលើជនជាតិដើម។ លើសពីនេះពួកគេដោយមិនបានដឹងខ្លួន បាននាំជំងឺពីអឺរ៉ុបមកចម្លងដល់ជនជាតិដើមអាមេរិកដែលមិនមានភាពស៊ាំនឹងជំងឺទាំងនោះទេ។ លំនាំដូចគ្នានេះដែរ ក៏បានកើតមាននៅតំបន់ផ្សេងទៀតនៃទ្វីបអាមេរិក ដែលមានជនជាតិអឺរ៉ុបមកតាំងទីលំនៅ។
ដូច្នេះ បច្ចុប្បន្ននេះ ខណៈដែលមនុស្សជាច្រើន ជាពិសេសអ្នកមានដើមកំណើតអ៊ីតាលី ប្រារព្ធទិវា Columbus នៅថ្ងៃចន្ទនៃសប្តាហ៍ទី២ ក្នុងខែតុលា រដ្ឋចំនួន២៦របស់សហរដ្ឋអាមេរិក ក៏ដូចជាទីក្រុងនិងអង្គការជាច្រើននៅទូទាំងប្រទេស ប្រារព្ធពិធីប្រឆាំងមួយវិញ គឺទិវាជនជាតិដើម ឬ Indigenous Peoples’ Day។
ភាពផ្ទុយគ្នានេះមានរហូតដល់ស្ថាប័នសេតវិមាន។ កាលពីឆ្នាំមុន លោកប្រធានាធិបតី Joe Biden បានចេញសេចក្តីប្រកាសថ្ងៃបុណ្យឈប់សម្រាកពីរផ្សេងគ្នា។ សេចក្តីប្រកាសទី១ គឺសម្រាប់ទិវា Columbus ដោយលោកកត់សម្គាល់ថា៖ «ដំណើរ [របស់លោក Columbus] បានជំរុញឱ្យមនុស្សផ្សេងទៀតជាច្រើនធ្វើតាម និងនៅទីបំផុតរួមចំណែកដល់ការបង្កើតសហរដ្ឋអាមេរិក ដែលបានក្លាយជាទីដៅសម្រាប់ជនអន្តោប្រវេសន៍ពីជុំវិញពិភពលោក»។
សេចក្តីប្រកាសទី២ បានបញ្ជាក់ថា «ក្នុងទិវាជនជាតិដើម យើងសម្តែងគារវកិច្ចដល់អធិបតេយ្យភាព ភាពរឹងប៉ឹង និងការរួមចំណែកដ៏ធំធេងរបស់ជនជាតិដើមអាមេរិក ចំពោះពិភពលោក»។
ក្នុងទិវាជនជាតិដើមនេះ យើងទទួលស្គាល់ថា អ្នកខ្លះដែលហៅខ្លួនថា ជាជនជាតិអាមេរិក មានបុព្វការីជនដែលបានរស់នៅលើទ្វីបនេះអស់រាប់ពាន់ឆ្នាំមកហើយ។ អ្នកខ្លះទៀតដែលបានមកទីនេះ ឬមានដូនតាដែលបានមកទីនេះពីវប្បធម៌ផ្សេងៗជាច្រើនពីជុំវិញពិភពលោក ដើម្បីមករកជីវិតប្រសើរជាងមុន។ ពួកគេទាំងអស់សុទ្ធតែបានរួមចំណែកអ្វីដែលបានក្លាយជាសហរដ្ឋអាមេរិកសព្វថ្ងៃនេះ៕