Accessibility links

Breaking News

បទវិចារណកថា៖ ទិវា Martin Luther King ឆ្នាំ​២០២២


រូបឯកសារ៖ មនុស្ស​ម្នាក់​ដើរ​កាត់​រូប​គំនូរ​​លោក Martin Luther King Jr. ក្នុង​អំឡុងពេល​ប្រារព្ធ​ទិវា Martin Luther King Jr. ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ (REUTERS/Brandon Bell)

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ និង​ស្ថាប័ន​អាមេរិកាំង

ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃចន្ទ សប្តាហ៍​ទី៣ នៃខែ​មករា សហរដ្ឋ​អាមេរិក រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​បណ្ឌិត Martin Luther King Jr. ដ៏​ជា​ទី​គោរព។ លោក​បណ្ឌិត King ជា​អ្នកផ្សព្វផ្សាយ​គ្រិស្តសាសនា​និកាយ Baptist ក្នុង​រដ្ឋ Alabama នា​ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក និង​ជា​អ្នកដឹកនាំ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​ខាង​ពូជសាសន៍​នៅ​សហរដ្ឋ​អាមេរិក។ បើសិនជា លោក​នៅ​មាន​ជីវិត​នោះ លោកបាន​ឈាន​ចូល​វ័យ​៩៣​ឆ្នាំ នៅ​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២២។

នៅ​អំឡុង​ពេល​មួយ​ដែល​មាន​អំពើ​ហិង្សា​យ៉ាងខ្លាំងក្លាកើត​ឡើង​ប្រឆាំងនឹង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្រ្វិក​ដែល​ព្យាយាម​ផ្លាស់ប្តូរ​ប្រព័ន្ធ​នៃ​ការរើសអើង​ពូជសាសន៍​ពណ៌សម្បុរ​នៅក្នុង​តំបន់​មួយចំនួន​នៃ​សហរដ្ឋ​អាមេរិក​នោះ លោក​បណ្ឌិត King បាន​ដឹកនាំ​ចលនា​សិទ្ធិ​ពលរដ្ឋ​ដែល​ផ្តោត​លើ​ការតវ៉ា​ដោយ​អហិង្សា។ ដោយ​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​លោក ​មហាត្មៈ គន្ធី លោក​បណ្ឌិត King បាន​បង្កើត​នូវ​គោលការណ៍​ចំនួន​ប្រាំមួយ ក្នុងការ​ដឹកនាំ​សកម្មភាព​របស់​អ្នកតវ៉ាទាមទារ​សិទ្ធិ​ពលរដ្ឋ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ពហិការ​ទ្រង់ទ្រាយ​ធំ ធ្វើ​បាតុកម្ម​អង្គុយ​នៅ​មួយ​កន្លែង ការដើរ​ហែក្បួន​ដោយ​សន្តិវិធី និងការ​តវ៉ាអហិង្សា​ដោយ​មិន​គោរព​តាម​សណ្តាប់ធ្នាប់​ក្នុង​សង្គម​ផ្សេងៗទៀត។ លោក បាន​រៀបរាប់​លម្អិត​នៅក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «ការបោះជំហាន​ឆ្ពោះ​ទៅ​រក​សេរីភាព»។

គោលការណ៍​ទី១ គឺ​អហិង្សា​ជា​របៀប​រស់​នៅមួយ សម្រាប់​មនុស្ស​ក្លាហាន និង​តស៊ូ​នឹង​អំពើ​អាក្រក់។

គោលការណ៍​ទី២ អហិង្សា​នាំ​ទៅ​រក​មិត្តភាព និង​ការយោគយល់ ហើយ​បង្កើត​ការ​ប្រោសប្រណី និង​ការផ្សះផ្សា។

គោលការណ៍​ទី៣ អហិង្សា​នាំទៅ​ការកម្ចាត់​ភាព​អយុត្តិធម៌ មិនមែន​កម្ចាត់​មនុស្ស​ទេ ពីព្រោះ​វា​គឺ​ជា​ការ​ទទួលស្គាល់​ថា អ្នកប្រព្រឹត្ត​អាក្រក់ មិនមែន​អ្នក​ជា​មនុស្ស​អាក្រក់​ទេ ហើយ​អ្នក​ក៏​ជា​ជន​រងគ្រោះ​ផងដែរ។

គោលការណ៍​ទី៤ គឺ​ទុក្ខសោក អាច​អប់រំ និង​កែប្រែ និង​ការទទួល​យក​ទុក្ខ​ដោយ​មិន​សងសឹក។ នៅ​ពេល ដែល​អ្នក​លែង​ទទួល​រងទុក្ខ​សោក ការរងទុក្ខ​សោក​[ពី​មុន​]​នោះ អាច​នាំ​ឲ្យ​មាន​ការអប់រំ និង​ការផ្លាស់ប្តូរ។

គោលការណ៍​ទី៥ អហិង្សា​ជ្រើសរើស​យក​សេចក្តី​ស្រឡាញ់ ជាជាង​ការ​ស្អប់។

គោលការណ៍​ទី៦ គឺ​អហិង្សា ចែង​ថា សកលលោក​ស្ថិត​នៅ​ខាង​យុត្តិធម៌។ តិច​ជាង​មួយ​សប្តាហ៍ មុនពេល​មរណភាព​របស់​លោក លោក King បាន​ប្រកាស​ថា «យើង នឹង​យក​ឈ្នះ​បាន ពីព្រោះ​មាគ៌ា​នៃ​សីលធម៌​សាកលលោក​មាន​ប្រវែង​វែង​ឆ្ងាយ ប៉ុន្តែ​វា​ងាក​ទៅ​រក​ភាពយុត្តិធម៌»។

សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​របស់​ចលនា​សិទ្ធិ​ពលរដ្ឋ និង​របស់​លោក​បណ្ឌិត King បាន​កើតឡើង​នៅ​ឆ្នាំ១៩៦៤ នោះ​គឺ​ការអនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ពលរដ្ឋ ដែល​បាន​ហាមឃាត់​ការបែងចែក​តាម​ទីសាធារណៈ ក៏ដូចជា​ការរើសអើង​ក្នុង​វិស័យ​ការងារ​ដោយ​ផ្អែក​លើ​ជាតិ​សាសន៍ ពណ៌សម្បុរ សាសនា ភេទ ឬ​ដើមកំណើត។

លោក​បណ្ឌិត King មាន​អាយុ​៣៩ឆ្នាំ នៅ​ពេល​ដែល​លោក​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​ឃាតករ​នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៦៨។ ប៉ុន្តែ កេរដំណែល​របស់​លោក នៅតែ​បន្ត។ នៅក្នុង​អំឡុង​ពេល​មួយ​ទសវត្សរ៍ ច្បាប់​បែងចែក​ពូជសាសន៍​ពណ៌សម្បុរ ត្រូវ​បាន​លុបចោល ហើយ​សព្វថ្ងៃនេះ ការរើសអើង គឺជា​បទល្មើស​ដែល​ប្រមាថ និង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់។

ជីវិត​របស់​លោក​បណ្ឌិត Martin Luther King អាច​ត្រូវបាន​វាយតម្លៃ​តាមរយៈ​សេចក្តី​ប្រកាស​ផ្ទាល់ខ្លួន​របស់​លោក​ដែល​ថា៖ «ការវាយតម្លៃសមត្ថភាព​របស់មនុស្ស មិនមែន​នៅ​ពេល​ដែល​គេ​ស្ថិតនៅ​ក្នុង​គ្រា​សុខ និង​ក្នុង​ភាពងាយស្រួល​នោះ​ទេ ប៉ុន្តែ គឺ​នៅពេល​ដែល​គេ​ជួប​ឧបសគ្គ និង​ជម្លោះ»។

ពិត​ណាស់​លោក King បាន​រស់នៅប្រកប​ដោយ​សមត្ថភាព​ខ្ពស់៕

XS
SM
MD
LG