តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
វិបត្តិបង្កើតឡើងដោយប្រទេសរុស្ស៊ីនៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន បានធ្វើឱ្យឃើញច្បាស់អំពីការណ៍មួយ។ នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងកាលពីពេលថ្មីៗនេះ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសស.រ.អ. លោក Antony Blinken បានមានប្រសាសន៍ថា «នេះ គឺជាការច្រានចោលដោយរុស្ស៊ីនូវទ្វីបអឺរ៉ុបមួយក្រោយសង្គ្រាមត្រជាក់ដែលរួបរួមគ្នាដោយសេរី និងមានសន្តិភាព»។
រុស្ស៊ី ម្តងហើយម្តងទៀត បានរំលោភលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាដែលជាគោលការណ៍នាំឱ្យមានសន្តិភាពច្រើនទសវត្សរ៍មកហើយ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «គោលការណ៍ទាំងនោះ ច្រានចោលសិទ្ធិរបស់ប្រទេសមួយក្នុងការកែប្រែព្រំដែនប្រទេសមួយទៀតដោយប្រើកម្លាំង បញ្ជាប្រទេសមួយទៀតឱ្យធ្វើតាមគោលនយោបាយរបស់ខ្លួន ឬឱ្យធ្វើតាមការជ្រើសរើសដែលខ្លួនបានធ្វើ ដោយមានរួមបញ្ចូលជាមួយប្រទេសណាដែលត្រូវចូលរួមជាមួយ ឬបង្កើតឱ្យមានតំបន់ឥទ្ធិពលដែលដាក់ប្រទេសជិតខាងជាប្រទេសអធិបតេយ្យឱ្យឋិតនៅក្រោមអំណាចខ្លួន។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ ការអនុញ្ញាតឱ្យប្រទេសរុស្ស៊ីរំលោភលើគោលការណ៍ទាំងនោះដោយគ្មានទោសពៃរ៍ អាចទាញយើងទាំងអស់គ្នាឱ្យវិលត្រឡប់ទៅកាន់ពេលវេលាមួយប្រកបដោយគ្រោះថ្នាក់ និងគ្មានស្ថិរភាព ដែលទ្វីបនេះ និងទីក្រុងនេះ ត្រូវបែងចែកជាពីរដោយមានតំបន់គ្មានមនុស្សរស់នៅ មានទាហានយាមល្បាត ដែលនាំឲ្យមនុស្សគ្រប់រូបបារម្ភអំពីការគំរាមកំហែងនៃការផ្ទុះសង្គ្រាម»។
រុស្ស៊ី បានចុះហេត្ថលេខាលើសន្ធិសញ្ញាចុងក្រោយនៅក្រុង Helsinki ឆ្នាំ១៩៧៥ ហៅថា 1975 Helsinki Final Act ដែលបានកំណត់គោលការណ៍ណែនាំ ១០ សម្រាប់ធ្វើឱ្យប្រាកដប្រជាអំពីអធិបតេយ្យភាពនៃពពួករដ្ឋឯករាជ្យ។ រុស្ស៊ី បានរំលោភលើគោលការណ៍ទាំងនោះ។
រុស្ស៊ីនៅតែមានកាតព្វកិច្ចធ្វើតាមឯកសារក្រុងវីយែន ដែលជាកិច្ចព្រមព្រៀងនយោបាយមួយសម្រាប់បង្កើនតម្លាភាព និងការដឹងជាមុនអំពីសកម្មភាពយោធា រួមបញ្ចូលទាំងសមយុទ្ធយោធាផងដែរ។ រុស្ស៊ី បានធ្វើតាមខនៃកិច្ចព្រមព្រៀងនោះដោយចោះៗ។
ដោយបានចុះហត្ថលេខាលើអនុស្សារណៈក្រុង Budapest ប្រទេសរុស្ស៊ី ស.រ.អ. និងចក្រភពអង់គ្លេស បានប្តេជ្ញា«គោរពឯករាជ្យភាព និងអធិបតេយ្យភាពព្រមទាំងព្រំដែននៃប្រទេសអ៊ុយក្រែន និងទប់ចិត្តកុំគំរាមកំហែង ឬប្រើកម្លាំងប្រឆាំង»នឹងប្រទេសនេះ។ ជាការច្បាស់លាស់ រុស្ស៊ីមិនបានអើពើនឹងកិច្ចព្រមព្រៀងនេះទេ។
លោក Blinken បានសួរថា «បើប្រទេសរុស្ស៊ីលុកលុយ និងកាន់កាប់ប្រទេសអ៊ុយក្រែន តើនឹងមានអ្វីទៀតបន្ទាប់ពីនេះ?»
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «កិច្ចប្រឹងប្រែងរបស់រុស្ស៊ីដើម្បីធ្វើប្រទេសជិតខាងខ្លួនឱ្យទៅជារដ្ឋអាយ៉ង ដើម្បីត្រួតត្រាសកម្មភាពប្រទេសទាំងនេះ ដើម្បីបង្ក្រាបការបញ្ចេញមតិប្រជាធិបតេយ្យនឹងមានច្រើនជាងមុន។ នៅពេលណាដែលលែងមានគោលការណ៍នៃអធិបតេយ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងហើយ លោកអ្នកនឹងមានពិភពលោកមួយដែលនៅក្នុងនោះបទបញ្ញត្តិដែលយើងបានបានរៀបចំឱ្យមានជាមួយគ្នារាប់ទសវត្សរ៍មក ហើយនឹងរេចរិលហើយរលាយបាត់បង់»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «ប្រទេសមួយមិនបានធ្វើតាមការសន្យារបស់ខ្លួន ហើយមិនអើពើដល់បទបញ្ញត្តិដែលខ្លួនបានយល់ព្រមជាមួយ ទោះជាប្រទេសឯទៀតៗ បានប្រឹងប្រែងទាញប្រទេសនេះឱ្យមកគោរពតាមកិច្ចព្រមព្រៀងនានាក៏ដោយ។ ប្រទេសនោះ គឺប្រទេសរុស្ស៊ី»។ លោកបាននិយាយបន្ថែមទៀតថា «ការណ៍នេះ ធំជាងជម្លោះរវាងប្រទេសពីរ។ វាធំជាងបញ្ហារវាងប្រទេសរុស្ស៊ី និងអង្គការអូតង់។ វាជាវិបត្តិមួយមានផលវិបាកទូទាំងពិភពលោក ហើយវាតម្រូវឱ្យមានការយកចិត្តទុកដាក់ និងឱ្យមានចំណាត់ការរបស់ពិភពលោកផងដែរ»៕