តទៅនេះជាបទវិចារណកថាដែលឆ្លុះបញ្ចាំងឱ្យឃើញទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅពេលដែលលោកបន្តសង្គ្រាមខុសច្បាប់និងព្រៃផ្សៃរបស់លោកប្រឆាំងនឹងប្រទេសអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានដៅការវាយប្រហារមិនរើស មុខលើជនស៊ីវិលអ៊ុយក្រែន ជាពិសេសលើកុមារ។
ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតមួយដែលប្រព្រឹត្តដោយរុស្ស៊ីប្រឆាំងនឹងពលរដ្ឋអ៊ុយក្រែនគឺការចាប់ពង្រត់និងការដឹកជញ្ជូនកុមាររាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដែនដីដែលរុស្ស៊ីត្រួតត្រានិងប្រទេសបេឡារុស ដោយគ្មានការយល់ព្រមពីក្រុមគ្រួសារ។
ពួកគេជាកុមារដែលឪពុកម្តាយរបស់ពួកគេត្រូវបានសម្លាប់នៅក្នុងការឈ្លានពានឬត្រូវបានចាប់ខ្លួនដោយពួកអាជ្ញាធរនៅក្នុងដែនដីដែលត្រួតត្រាដោយរុស្ស៊ី ជាកុមារដែលត្រូវបានបំបែកពីឪពុកម្តាយរបស់ពួកគេនៅក្នុងតំបន់ដែលកំពុងមានសង្គ្រាម។ កុមារខ្លះបានត្រូវគេចាប់ពង្រត់ពីគ្រឹះស្ថានអប់រំរដ្ឋអ៊ុយក្រែននៅក្នុងតំបន់នានាដែលរុស្ស៊ីត្រួតត្រា។កុមារផ្សេងទៀតត្រូវបានឪពុកម្តាយបញ្ជូនទៅជំរំរបស់កុមារសម្រាប់រដូវក្តៅដែលពួកគេជឿថាជាតំបន់មានសុវត្ថិភាព ក៏ប៉ុន្តែ មិនដែលបានឃើញកូនរបស់ពួកគេម្តងទៀតទេ។
កុមារដែលត្រូវចាប់ពង្រត់បានត្រូវគេប្រើឱ្យធ្វើការឃោសនា លាងខួរក្បាលហើយថែមទាំងត្រូវបានឱ្យហ្វឹកហាត់យោធាទៀតផង។ ពួកគេត្រូវបានគេបញ្ចូលមនោគម វិជ្ជានូវជំនឿដែលគាំទ្ររុស្ស៊ីនៅពេលដែលពួកគេអាចជាឧបករណ៍ពង្រីកព័ត៌មានក្លែងក្លាយដ៏ខ្លាំងមួយដើម្បីលប់បំបាត់ប្រវត្តិសាស្ត្រ វប្បធម៌និងភាសារបស់អ៊ុយក្រែន។
កាលពីខែមីនា ឆ្នាំ២០២៣ មានការសន្និដ្ឋានថាការចាប់ពង្រត់កុមារអ៊ុយក្រែនជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងអ្នកស្រី Maria Lvova-Belovaស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ី។
កាលពីរដូវក្តៅឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មអង្គភាពរុស្ស៊ីចំនួន២និងបុគ្គលចំនួន១១នាក់ចំពោះការផ្ទេរនិងនិរទេសកុមាររបស់អ៊ុយក្រែនទៅកាន់ជំរំបញ្ចូលមនោគមវិជ្ជា។
ហើយកាលពីថ្ងៃទី២៤ ខែសីហាឆ្នាំនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គការ«Movement of the First»ជាអង្គការយុវជនដែលដឹកនាំដោយរដ្ឋរុស្ស៊ី ហើយនិងមេដឹកនាំ៣រូបរបស់អង្គការនេះចំពោះការទាក់ទិននៅក្នុងការប៉ុនប៉ងការអប់រំជាថ្មីដោយការបង្ខំដល់កុមារអ៊ុយក្រែន។
អង្គការ“Movement of the First” ត្រូវបានបង្កើតដោយលោកVladimir Putin នៅខែធ្នូ ឆ្នាំ២០២២។
តាមរយៈតាមកម្មវិធីនានារបស់ខ្លួនដែលរួមមានការធ្វើឱ្យដូចសមយុទ្ធសង្គ្រាមដែលត្រូវបានរៀបចំឡើងនិងធ្វើឱ្យដូចជាសមរភូមិនិងការសិក្សាដើម្បីប្រុងប្រៀបរៀបចំឧបករណ៍សម្រាប់សមរភូមិ អង្គការនេះកំពុងអប់រំកែប្រែខ្លួនកុមារអ៊ុយក្រែនឡើងវិញរួមមានអ្នកដែលត្រូវបាននិរទេសទៅកាន់រុស្ស៊ីខុសច្បាប់ផងដែរ។
កុមារជាអនាគត ហើយប្រទេសមួយដែលបាត់បង់កុមាររបស់ខ្លួនមិនមានអនាគតទេ។ ប្រធានាធិបតីVladimir Putin ដឹងអំពីរឿងនេះ។ ដោយការលប់បំបាត់វប្បធម៌និងចំណេះដឹងប្រវត្តិសាស្ត្រពីគំនិតរបស់កុមារអ៊ុយក្រែន លោក Putinសង្ឃឹមនឹងធ្វើការកែប្រែអនាគតរបស់ពួកគេដើម្បីស្របទៅនឹងគំនិតដ៏លាមកនិងការមួលបង្កាច់របស់លោក។
លោកមិនអាចត្រូវបានគេអនុញ្ញាតឱ្យធ្វើដូច្នេះទេ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តគាំទ្រអ៊ុយក្រែននៅពេលដែល អ៊ុយក្រែនការពារឯករាជ្យភាពរបស់ខ្លួននិងកុមាររបស់ខ្លួនពីការឈ្លានពានរបស់រុស្ស៊ីនេះ៕