Accessibility links

Breaking News

បទវិចារណកថា៖ អង្គការ​អូតង់​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ក្នុង​អំឡុង​ពេល​បើក​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ ២០២៤ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ក្នុង​អំឡុង​ពេល​បើក​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ ២០២៤ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

មេដឹកនាំ​មកពី​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​អូតង់​ចំនួន​៣២​ប្រទេស និង​អ្នកតំណាង​មកពី​ប្រទេស​ជា​ដៃគូ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ខួប​ទី៧៥​នៃ​ការ​បង្កើត​សម្ពន្ធភាព​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​ថា៖ «‍នៅ​ទីនេះ ពួកគេ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ទី​ក្រុង​វ៉ាស៊ីនតោន ហើយ​បាន​បង្កើត​អង្គការ​សន្ធិ​សញ្ញា​អាត្លង់ទិក​ខាងជើង (អង្គការ​អូតង់) ដែល​ជា​សម្ពន្ធភាព​ការពារ​ដ៏​ធំ​បំផុត និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក»។

លោក​ប្រធានាធិបតី Biden បាន​និយាយ​ថា នៅ​ថ្ងៃនេះ អង្គការ​អូតង់ មាន​ថាមពល​ខ្លាំង និង​មាន​ធនធាន​ល្អ​ជាង​អ្វី​ដែល​ខ្លួន​ធ្លាប់​មាន។

លោក​ប្រធានាធិបតី Biden បាន​និយាយ​ទៀត​ថា៖ «‍វា​ជា​រឿង​ល្អ​ដែល​យើង​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់ ពីព្រោះ​ពេលវេលា​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទាមទារ​ឱ្យ​យើង​ពង្រឹង​កម្លាំង​រួមគ្នា។ មេដឹកនាំ​កាន់​អំណាច​ផ្តាច់ការ ចង់​ផ្តួល​រំលំ​សណ្តាប់​ធ្នាប់​ជា​សាកល ដែល​ត្រូវ​រក្សា​បាន​អស់រយៈពេល​ជិត​៨០ឆ្នាំ​មក​នេះ និង​បន្ត​ទៅ​មុខ​ទៀត។ ក្រុម​ភេរវជន​នៅតែ​បន្ត​រៀបចំ​ផែនការ​អាក្រក់ ដើម្បី​បង្ក​ភាព​អន្តរាយ ចលាចល និង​ការឈឺចាប់។ នៅ​អឺរ៉ុប សង្រ្គាម​ឈ្លានពាន​របស់​លោក Putin ប្រឆាំង​នឹង​អ៊ុយក្រែន នៅតែ​បន្ត។ ហើយ​លោក Putin ចង់បាន​ការ​ត្រួតត្រា​ទាំង​ស្រុងលើ​ប្រទេស​អ៊ុយក្រែន ហើយ​យើង​ដឹង​ថា​ លោក Putin នឹង​មិន​ឈប់​ត្រឹម​អ៊ុយក្រែន​ទេ។ ក៏ប៉ុន្តែ សូម​ដឹង​ឱ្យ​ច្បាស់​ថា អ៊ុយក្រែន​អាច ហើយ​នឹង​បញ្ឈប់​លោក Putin បាន ជាពិសេស​តាមរយៈ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ជា​រួម​របស់​យើង ហើយ​ពួកគេ​នឹង​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​យើង»។

លោក​ប្រធានាធិបតី Biden បាន​កត់សម្គាល់​ថា ដៃគូ​សម្ពន្ធមិត្តប្រមាណ២០ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​ជាមួយ​ប្រទេស​អ៊ុយក្រែន ដោយ​មាន​ប្រទេស​ជាច្រើន​ទៀត​ដែល​នឹង​ចុះ​ហត្ថលេខា​ដែរ។ លោក​បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ហូឡង់ រូម៉ានី និង​អ៊ីតាលី នឹង​ផ្តល់​សម្ភារៈ​ដល់​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​សម្រាប់​ផ្នែក​យុទ្ធសាស្ត្រចំនួន​ប្រាំ​បន្ថែម​ទៀត។ លោក Biden បាន​និយាយ​ទៀត​ថា «ហើយ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ សហរដ្ឋ​អាមេរិក និង​ដៃគូ​របស់​យើង​មាន​បំណង​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​សម្រាប់​ផ្នែក​យុទ្ធសាស្ត្រ​រាប់​សិប‍​បន្ថែម​ទៀត»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ទៀត​ថា៖ «‍សូម​ដឹង​ឱ្យ​ច្បាស់​ថា រុស្ស៊ី​កំពុងបរាជ័យ​ក្នុង​សង្គ្រាម​នេះ»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​បន្ត​ទៀត​ថា៖ «‍ជាង​ពីរ​ឆ្នាំ​នៅ​ក្នុង​សង្គ្រាម​ដែល​ជា​ជម្រើស​របស់​លោក Putin យើង​ឃើញ​ថា ការ​ខាតបង់​របស់​លោក​គឺ​មាន​ច្រើន​ដូចជា ទាហាន​រុស្ស៊ី​ជាង ៣៥០.០០០ នាក់​បាន​ស្លាប់​ ឬ​រង​របួស។ ប្រជាពលរដ្ឋ​រុស្ស៊ី​ជិត​១ លាន​នាក់ ដែល​ភាគច្រើន​ជា​យុវជន បាន​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ដោយសារតែ​ពួកគេ​មើល​មិន​ឃើញ​អនាគត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ... ហើយ​ចំណែក​ឯ​ទីក្រុង​កៀវ... នៅតែ​ឈរ​បាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​មក​នេះ ហើយ​ទីក្រុង​នេះ​នឹង​បន្ត​ឈរ​ទៅ​មុខ​ទៀត»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​បន្ថែម​ថា៖ «‍អង្គការ​អូតង់ នៅតែ​ជា​ជញ្ជាំង​ការពារ​សន្តិសុខ​ពិភពលោក»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​បន្ថែម​ថា៖ «‍ម្តង​ហើយ​ម្តង​ទៀត នៅ​គ្រា​ដ៏​សំខាន់ យើង​បាន​ជ្រើសរើស​ការរួបរួម​ជាជាង​ការមិន​ចុះ​សម្រុង​នឹង​គ្នា វឌ្ឍនភាព​ជាជាង​ការរាថយ សេរីភាព​ជាជាង​របប​ផ្តាច់ការ និង​ក្តី​សង្ឃឹម​ជាជាង​ការភ័យខ្លាច។ ម្តង​ហើយ​ម្តង​ទៀត យើង​បាន​គាំទ្រ​ចក្ខុវិស័យ​រួមគ្នា​ចំពោះ​សហគមន៍​ឆ្លងកាត់​មហា​សមុទ្រ​អាត្លង់ទិក​មួយ​ដែល​ប្រកប​ទៅ​ដោយ​សន្តិភាព និង​វិបុលភាព»។

លោក​ប្រធានាធិបតី Biden បាន​ប្រកាស​ថា៖ «‍នៅ​ទីនេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ យើង​ប្រមូល​ផ្តុំគ្នា​ដើម្បី​ប្រកាស​ថា អង្គការ​អូតង់​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ហើយ​អាច​ធានា​ចក្ខុវិស័យ​នោះ​នៅ​ថ្ងៃនេះ និង​ពេល​អនាគត»៕

XS
SM
MD
LG