តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមានប្រសាសន៍ថា ក្នុងចំណុចដ៏សំខាន់ច្បាស់លាស់មួយ កើតចេញពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអង្គការអូតង់ថ្មីៗនេះក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្សិកនោះ គឺថា ការគាំទ្រនិងការតាំងចិត្តរបស់សម្ពន្ធមិត្តចំពោះប្រទេសអ៊ុយក្រែន គឺឥតងាករេ។
លោកថ្លែងដូចនេះថា «មនុស្សជាច្រើនបានចោទសួរថា តើសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអង្គការអូតង់គួបន្តឈរជាមួយអ៊ុយក្រែនតទៅទៀតឬយ៉ាងណា ខណៈពេលដែលយើងបានចូលដល់រដូវរងាទី២ នៃការប្រព្រឹត្តិអំពើឃោរឃៅរបស់ប្រធានាធិបតី ពូទីននៃប្រទេសរុស្ស៊ីនោះ។ ប៉ុន្តែចំឡើយនៅអង្គការអូតង់នៅពេលនេះគឺច្បាស់លាស់ហើយ គឺមិនងាករេនោះទេ គឺថាយើងត្រូវបន្តគាំទ្រអ៊ុយក្រែនតទៅមុខទៀត។ ការធានាថា ការបរាជ័យផ្នែកយុទ្ធសាស្ត្រមួយនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី គឺជាចំណុចស្នូលសំខាន់នាពេលបច្ចុប្បន្ន ដូចកាលរុស្ស៊ីបានបង្កើតសង្គ្រាមនេះអស់ពេលជិត២ឆ្នាំមកហើយ»។
លោកបន្ថែមទៀតថា «ផ្ទុយទៅវិញ ខ្ញុំមិនបានឮពីការនឿយណាយ ឬចង់ដកខ្លួននោះឡើយ គឺមានតែការប្តេជ្ញាចិត្តបន្តដាក់សម្ពាធទៅមុខទៀត ហើយជាហេតុផលសមរម្យនៃរឿងនេះ។ ខ្ញុំគិតថាគ្រប់សម្ពន្ធមិត្តទទួលស្គាល់ថា នេះជាបញ្ហាសំខាន់ ដែលមិនគ្រាន់តែថាយើងធ្វើវាត្រូវនោះទេប៉ុន្តែវាជារឿងដែលផ្តល់ប្រយោជន៍ដល់ខ្លួនយើងផងដែរ ដែលរួមមានសហរដ្ឋអាមេរិកជាដើម»។
លោកថ្លែងបន្តដូចនេះថា «ប្រសិនបើយើងអនុញ្ញាតឱ្យប្រទេសដូចជារុស្ស៊ី ធ្វើសកម្មភាព ដោយគ្មាន ទោសពៃរ៍ ក្នុងការឈ្លានពានព្រំដែនប្រទេសមួយជាថ្មីដោយប្រើកម្លាំង និងប៉ុនប៉ងកំណត់ពីអនាគតនិងត្រួតត្រាប្រទេសមួយ ហើយបើកើតឡើងជាមួយនឹងនិទណ្ឌភាពនោះ នេះជាការបើកចំហមួយ និងអនុញ្ញាតឱ្យអ្នកឈ្លានពាននៅកន្លែងដទៃទៀត យកគំរូរៀនសូត្រតាមផងដែរ។ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់សម្រាប់យើង ក៏ដូចជាគ្រប់ប្រទេសទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងការឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែននិងគាំទ្រប្រទេសនេះ»។
ប្រទេសប្រមាណជាង៥០ ដែលរួមមានភាគច្រើនជាសមាជិកអង្គការអូតង់ផងដែរនោះ បានតាំងចិត្តដើម្បីធានាថា អ៊ុយក្រែនទទួលបាននូវអ្វីដែលខ្លួនត្រូវការ មិនគ្រាន់តែដើម្បីធ្វើការការពារខ្លួនប្រឆាំងនឹងការបន្តឈ្លានពានរបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បី ជួយអ៊ុយក្រែនក្នុងការដណ្តើមយកមកវិញនូវទឹកដីមួយចំនួនដែលរុស្ស៊ីដើណ្តើមយកពីខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken។
លោក Blinken បន្តដូចនេះទៀតថា «វាក៏មានការតាំងចិត្តមួយដែលខ្ញុំគិតថាសំខាន់ផងដែរ នៅក្នុងចំណោមប្រទេសជាច្រើន ក្នុងការជួយកសាងកម្លាំងក្នុងពេលអនាគតរបស់ប្រទេសអ៊ុយក្រែន ដើម្បីធានាពីការអាចតស៊ូទប់ទល់ ក៏ដូចជាការការពារប្រឆាំងនឹងការឈ្លានពានផ្សេងៗក្នុងពេលខាងមុខផងដែរ។
លោករដ្ឋមន្ត្រី Blinken បន្ថែមដូចនេះទៀតថា ក្នុងហេតុផលណាមួយនោះ មេដឹកនាំរុស្ស៊ី លោកVladmir Putin ជឿជាក់ថា លោកអាចមានប្រៀបខ្លាំងជាងអ៊ុយក្រែន ជាងប្រជាជនអ៊ុយក្រែន និងជាងអ្នកគាំទ្ររបស់ប្រទេសនេះ។ «ការប្រឹងប្រែងរបស់សម្ពន្ធមិត្តអង្គការអូតង់ សាមីប្រទេសនិមួយៗ ដែលជាផ្នែកមួយនៃសម្ពន្ធភាពនេះ ក៏ដូចជាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក ត្រូវគាំទ្រអ៊ុយក្រែន ត្រូវជួយប្រទេសនេះការពារខ្លួនឯង និងជួយកសាងអនាគតអ៊ុយក្រែន នោះ គឺជាវិធានការដែលមានប្រសិទ្ធភាពតែមួយគត់ ក្នុងការធ្វើឱ្យលោក Putin ដឹងពីកំហុសរបស់ខ្លួន»៕