Accessibility links

Breaking News

បទវិចារណកថា៖ នៅ​ទិវា​ឯករាជ្យ​អ៊ុយក្រែន ការប្រយុទ្ធ​សម្រាប់​អនាគត​របស់​ខ្លួន


រូបឯកសារ៖ កុមារ​អ៊ុយក្រែន​ក្នុង​ថ្ងៃ​ចូលរៀន​ដំបូង​របស់​ពួកគេ​នៅ​សាលារដ្ឋ​ក្នុង​ប្រទេស​អ៊ុយក្រែន។
រូបឯកសារ៖ កុមារ​អ៊ុយក្រែន​ក្នុង​ថ្ងៃ​ចូលរៀន​ដំបូង​របស់​ពួកគេ​នៅ​សាលារដ្ឋ​ក្នុង​ប្រទេស​អ៊ុយក្រែន។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃទី២៥ ខែសីហា​ ឆ្នាំ១៩៩១​ ប្រទេស​អ៊ុយក្រែន​បានប្រកាស​ឯករាជ្យ​ខ្លួនពី​សហភាព​សូវៀត។ អ្នកតំណាងសហរដ្ឋអាមេរិក​នៅអ.ស.ប. លោកស្រី Linda Thomas-Greenfield ​បាន​និយាយថា «នៅក្នុង​សប្តាហ៍​នោះ​ដែរ អ៊ុយក្រែនបាន​ប្រាប់អ.ស.ប.ថា ឯករាជ្យ​របស់ខ្លួន ផ្អែក​លើ​សិទ្ធិ​របស់ប្រជាជាតិ​មួយក្នុងការធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​តាម​ធម្មនុញ្ញ​អ.ស.ប.»។​

៣២ឆ្នាំ​បន្ទាប់មក​ អ៊ុយក្រែន​ប្រយុទ្ធ​នឹង​សហព័ន្ធ​រុស្ស៊ីដែល​កាន់អំណាច​ត​ពី​សហភាព​សូវៀត ដើម្បីរក្សាឯករាជ្យនិង​កេរ្តិ៍​មរតក​វប្បធម៌​របស់ផង​ខ្លួន។ លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield​ បាន​ថ្លែង​ថា «សព្វថ្ងៃនេះ ​ការ​រស់រាន​ឋិត​ថេរ​របស់អ៊ុយក្រែនឋិត​នៅ​ក្រោមការវាយប្រហារ»។​

លោកស្រី Thomas-Greenfield​ បាន​មាន​ប្រសាសន៍​ថា «ជនជាតិ​អ៊ុយក្រែនបាន​ប្រយុទ្ធដោយ​ក្លាហាន​ដើម្បីការពារអធិបតេយ្យភាពរបស់​ប្រទេស​ពួក​គេ។ ដើម្បី​ការពារសេរីភាព​ពួក​គេ។​ ដើម្បី​ការពារ​លទ្ធិ​ប្រជាធិបតេយ្យនិងវប្បធម៌​របស់​ពួក​គេ។​ ហើយ​ជនជាតិ​អ៊ុយក្រែនប្រយុទ្ធ​យ៉ាងក្លាហាន​ដើម្បីការពារនិង​ធ្វើឱ្យមានការវិល​ត្រឡប់មក​វិញនូវ​ក្រុមកុមារ​អ៊ុយក្រែន​ដែល​ត្រូវបាន​ផ្ទេរ​ដោយបង្ខំ​ឬ​ត្រូវបានបញ្ជូន​ទៅកាន់ប្រទេស​រុស្ស៊ី ប្រទេសបេឡារុស ​និង​ដែនដី​កាន់កាប់ដោយ​រុស្ស៊ី»។

កុមារជាអនាគតរបស់ប្រទេស​ ហើយប្រទេស​មួយដែល​បាត់បង់​កុមាររបស់​ពួកគេ​គ្មានអនាគត​ទេ។ តាំង​ពីការលុកលុយនោះ​មក និងតាំង​ពីឆ្នាំ២០១៤ រដ្ឋាភិបាល​អ៊ុយក្រែន​ស្ទង់ប្រមាណ​ថា​ អាជ្ញាធររុស្ស៊ី​បាន​បញ្ជូន​ដោយ​បង្ខិតបង្ខំ​ពី​ផ្ទះសំបែង​ពួក​គេ​នូវ​កុមារ​ជាង១ម៉ឺន ៩ពាន់ ៥រយ​នាក់ «មានរួម​ទារកអាយុត្រឹម​តែ​៤ខែផង​ដែរ» នេះបើ​តាម​ប្រសាសន៍​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield។

លោកស្រី​បានមាន​ប្រសាសន៍ថា «យុទ្ធនាការ​ឃោរឃៅរបស់​រុស្ស៊ីមានតទៅ​ទៀតរហូត​ដល់ថ្ងៃ​នេះ។ រុស្ស៊ី​និងក្រុម​អាយ៉ង​របស់​ខ្លួន​បាន​ឃាត់ខ្លួនកុមារដែលរត់គេចខ្លួនពី​អំពើហិង្សា។ ពួក​គេ​បានបង្ខំកុមារ​ឱ្យចេញ​ពី​សាលារៀន​និង​កន្លែងក្មេងកំព្រា។ ហើយក្រុមអាយ៉ងរុស្ស៊ីក្នុងមូលដ្ឋាន​បាន​បោក​បញ្ឆោត ​ឬបង្ខិតបង្ខំ​ឳពុក​ម្តាយ​ឱ្យ​បញ្ជូនកូនពួក​គេទៅកាន់អ្វី​ដែល​ហៅ​ថា «ជំរំរដូវក្តៅ» ​ហើយ​បានកាត់ផ្តាច់គមនាគមន៍ ​ហើយប្រកែក​មិន​ឱ្យកុមារទាំងនោះត្រឡប់មកផ្ទះ​ពួក​គេវិញ​ទេ»។

​លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield បាន​និយាយ​ថា ​ក្រុមកុមារ​ដែលត្រូវ​ចាប់​ពង្រត់ទាំង​នេះ«បាន​ទទួល​ការឃោសនា ការលាង​ខួរ​ និងការ​ហ្វឹកហ្វឺន​យោធា។ កុមារ​ខ្លះត្រូវបានបង្ខំឱ្យ​ទទួល​យក​សញ្ជាតិ​រុស្ស៊ី​ និងខ្លះទៀតត្រូវបាន​រាយការណ៍​ថា ​ត្រូវ​យក​ធ្វើ​ជា​កូនចិញ្ចឹម​ដោយគ្រួសារ​រុស្ស៊ីផងដែរ»។​

ពួកមន្ត្រី​រុស្ស៊ី​និយាយអះអាង​ថា ពួក​គេបាន​ធ្វើ«ការជម្លៀស​មនុស្សធម៌»។ លោកស្រី Thomas-Greenfield បាន​ពោលថា «តែ​នេះ​ជា​ការកែប្រែ​បំភ្លៃពីការពិត ​និង​ជា​ការប៉ុនប៉ង​ដែលអត់ប្រយោជន៍​ដើម្បី​ធ្វើ​អ្វី​ដែល​មិនត្រឹមត្រូវ​ឱ្យក្លាយ​ទៅ​ជា​ត្រឹមត្រូវ​វិញ»។​

លោកស្រី Thomas-Greenfield បាន​មាន​ប្រសាសន៍​ថា «ហើយចូរ​និយាយ​ឱ្យច្បាស់លាស់​ថា អំពើ​ឃោរឃៅ​ទាំងនេះ​ត្រូវ​បានសម្របសម្រួលដោយ​រដ្ឋាភិបាលរុស្ស៊ី​គ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ក្រោម​ដល់ថ្នាក់​កំពូល។ តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិបានចេញ​ដីកាចាប់ខ្លួនប្រធានាធិបតី Vladimir Putin និងអ្នកស្រី Maria Lvova-Belova ស្នងការ​ប្រធានាធិបតី​រុស្ស៊ី​ខាងសិទ្ធិ​កុមារដោយសារ​បាន​បញ្ជូន និងផ្ទេរ​ក្រុមកុមារពីតំបន់ត្រូវកាន់កាប់​នៃប្រទេសអ៊ុយក្រែន»។​

លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield បាននិយាយថា «យើង​ត្រូវតែ​ឱ្យរុស្ស៊ីទទួល​ខុស​ត្រូវ។ យើង​ត្រូវ​តែលើក​តម្កើងអង្គការ​ដែលធ្វើការងារបានល្អក្នុងការធ្វើឱ្យ​កុមារទាំង​នេះ​វិល​ត្រឡប់​ទៅ​ជួបជុំគ្នា​ជា​មួយគ្រួសារ​ពួក​គេ​ដែរ។ ​ហើយយើងត្រូវតែអំពាវនាវ​ដល់រុស្ស៊ីឱ្យ​បញ្ឈប់​សង្គ្រាម​ឈ្លានពានដ៏​ឃោរឃៅ​របស់​ខ្លួន​ គោរព​តាមកាតព្វកិច្ចខ្លួនតាមរយៈច្បាប់អន្តរជាតិ ហើយបញ្ជូនកុមារ​អ៊ុយក្រែន​ទាំង​អស់ជា​បន្ទាន់​ទៅ​គ្រួសារពួក​គេវិញ»៕

XS
SM
MD
LG