តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងឆ្នាំ២០១៤ រុស្ស៊ីបានចូលកាន់កាប់ឧបទ្វីប Crimea ជាដែនដីប្រទេសអ៊ុយក្រែនដោយឥតអៀនខ្មាស។ «វាជាការរំលោភច្បាប់អន្តរជាតិពេលនោះ ហើយនៅតែបន្តរំលោភបំពានយ៉ាងដូច្នេះរហូតមកទល់បច្ចុប្បន្ន»។ នេះជាការប្រកាសឱ្យដឹងរបស់លោកឯកអគ្គរដ្ឋទូត Jeffrey DeLaurentis ជាភូឈួយស្តីទីអ្នកតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូត DeLaurentis មានប្រសាសន៍ថា រយ:ពេល៩ឆ្នាំបន្ទាប់មក រុស្ស៊ីបានរំកិលកងទ័ពរបស់ខ្លួនចូលលុកលុយដែនដីអ៊ុយក្រែនកាន់តែជ្រៅ។
លោកថា៖ «រុស្ស៊ីកំពុងប្រើវិធីសាស្ត្រដដែលក្នុងប្រទេសអ៊ុយក្រែនដូចជារុស្ស៊ីបានធ្វើក្នុងឆ្នាំ២០១៤។ រុស្ស៊ីធ្វើសកម្មភាពព្យាយាមដដែលៗដើម្បីដណ្តើមកាន់កាប់ដែនដីអ៊ុយក្រែនច្រើនថែមទៀតតាមរយៈប្រជាមតិក្លែងក្លាយ។ រុស្ស៊ីព្យាយាមត្រួតត្រាពលរដ្ឋដែលរស់នៅតំបន់ទាំងនោះបន្តទៀតតាមរយៈការចូលសញ្ជាតិដោយផ្តល់លិខិតឆ្លងដែន ការបង្កើតក្រុមអាជ្ញាធរក្នុងតំបន់ដែលរុស្ស៊ីលើកបន្តុបដើម្បីកាន់កាប់ដែនដីឈ្លានពាន ការកេណ្ឌពលរដ្ឋអ៊ុយក្រែនចូលបម្រើកងទ័ពរុស្ស៉ី និង តាមរយៈវិធីខុសច្បាប់ផ្សេងៗទៀត»។
ចាប់តាំងពីខែកុម្ភៈឆ្នាំមុន រុស្ស៊ីបានសម្លាប់ពលរដ្ឋអ៊ុយក្រែន ជាបុរស ស្ត្រី និងកូនក្មេង រាប់ម៉ឺននាក់។ រុស្ស៊ីបានធ្វើឲ្យមនុស្សរាប់លាននាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែង និងបំផ្លាញប្រភពថាមពលរបស់ប្រទេសជាងពាក់កណ្តាល។
នៅក្នុងតំបន់ក្រោមការត្រួតត្រារបស់រុស្ស៊ី កងទ័ពរុស្ស៉ី បានចាប់ឃុំខ្លួនពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់ ដែលមនុស្សជាច្រើនបានក្លាយជាជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ ឬរងទារុណកម្ម និងឃុំដាច់ពីគេឯង។ ជាការពិត ឧត្តមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ថ្មីៗនេះ បានបង្ហាញការរកឃើញចុងក្រោយរបស់លោក។
លោកឯកអគ្គរដ្ឋទូត DeLaurentis មានប្រសាសន៍ថា៖ «លោក [ឧត្តមស្នងការ] បានហៅអំពើទាំងនោះថា ជារឿងរន្ធត់»។ ហើយថា៖ «ក្នុងចំណោម ការរកឃើញដ៏គួរឲ្យស្អប់ខ្ពើមជាច្រើនទាំងនោះ» មានករណីដែលគេបានកត់ត្រាទុកមួយចំនួន ដែលរកឃើញថា កងទ័ពរុស្ស៉ី បានប្រើការឃុំឃាំងពលរដ្ឋស៊ីវិលជាខែលមនុស្ស។
លោកឯកអគ្គរដ្ឋទូត DeLaurentis បានធ្វើការកត់សម្គាល់ថា៖ «ការចូលឈ្លានពានរបស់រុស្ស៊ីនៅផ្នែកជាច្រើននៃដែនដីអ៊ុយក្រែន បាននាំឱ្យមានគ្រោះថ្នាក់ផងដែរចំពោះរោងចក្រនុយក្លេអ៊ែរ និង ហេដ្ឋារចនាសម្ពន្ធសំខាន់ៗផ្សេងទៀតដែលនៅតំបន់ជិតៗនោះ»។
លោកបន្តថា៖ «និយាយដោយត្រង់ៗថា ការដាក់កងទ័ពរុស្ស៊ីនៅឯរោងចក្រអគ្គិសនីដើរដោយឋាមពលនុយក្លេអ៊ែរ Zaporizhzhya រួមនឹងវត្តមានកងទ័ពរុស្ស៊ីនៅលើអគារដែលមានម៉ាស៊ីនរ៉េអាក់ទ័រ ធ្វើឲ្យមានហានិភ័យដល់សន្តិសុខនិង សុវត្ថិភាពនុយក្លេអ៊ែរពិភពលោក។
លោកឯកអគ្គរដ្ឋទូត DeLaurentis បានបញ្ជាក់ថា៖ «ផលប៉ះពាល់នៃសង្គ្រាមនេះ បានធ្វើឲ្យមានមហន្តរាយ មិនគ្រាន់តែសម្រាប់ពលរដ្ឋអ៊ុយក្រែនប៉ុណ្ណោះទេ តែថែមទាំងពលរដ្ឋនៅលើពិភពលោកផងដែរ ខណ:ដែលតម្លៃឋាមពលនិងស្បៀងអាហារ បន្តកើនឡើង»។
លោកបានបន្តថា៖ «ការផ្អាកមិនចូលរួមរបស់រុស្ស៊ីក្នុងគំនិតផ្ទួចផ្តើមដឹកជញ្ជូនស្បៀងអាហារតាមសមុទ្រខ្មៅ (Black Sea Grain Initiative) គឺជារឿងអាត្មានិយមចំពោះជនងាយរងគ្រោះស្ទើរតែទាំងអស់ក្នុងពិភពលោក។ យើងទទូចដល់រដ្ឋជាសមាជិកទាំងអស់ឲ្យជំរុញដល់រុស្ស៊ីឲ្យធ្វើការសម្រេចចិត្តឡើងវិញ បន្តកិច្ចចរចា និងបន្តអនុវត្តគំនិតផ្តួចផ្តើមនេះឲ្យបានពេញលេញតទៅមុខទៀត»។
លោកឯកអគ្គរដ្ឋទូត DeLaurentis ថា៖ «សង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនគឺជាការរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងច្បាស់។ ជាថ្មីម្តងទៀត យើងអំពាវនាវដល់រុស្ស៊ីឲ្យដកកងទ័ពរបស់ខ្លួនចេញពីដែនដីអធិបតេយ្យអ៊ុយក្រែន ហើយបញ្ចប់សង្គ្រាមនេះ»៕