តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសថា តាំងពីខែកុម្ភៈមក បណ្ដាប្រទេសនៃក្រុមប្រទេស G-7 បានដឹកនាំសម្ព័ន្ធភាពនៃក្រុមសម្ព័ន្ធមិត្តនិងដៃគូនានានៅក្នុងការផ្ដល់ការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ខណៈពេលដែលអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ដូច្នេះថា៖ «យើងបានដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុនមកនិងដាក់កំហិតលើការនាំចេញ ដែលបានប៉ះពាល់ដោយផ្ទាល់លើសមត្ថភាពរបស់យោធារុស្ស៊ីនៅក្នុងការធ្វើសង្គ្រាម។ កិច្ចប្រឹងប្រែងទាំងនេះ ដែលសម្របសម្រួលភាគច្រើនតាមរយៈក្រុមប្រទេស G-7 បានពង្រឹងសមត្ថភាពរបស់ប្រទេសអ៊ុយក្រែននៅក្នុងការប្រយុទ្ធនៅលើសមរភូមិនិងធ្វើឱ្យសមត្ថភាពរបស់រុស្ស៊ីចុះខ្សោយ។ កិច្ចប្រឹងប្រែងទាំងនេះក៏ជាមូលហេតុចម្បងមួយផងដែរដែលអ៊ុយក្រែនមានសន្ទុះទៅមុខនៅក្នុងសង្គ្រាមនេះ»។
ក្រុមប្រទេស G-7 ក៏កំពុងធ្វើការដើម្បីដាក់ទណ្ឌកម្មលើអ្នកណាដែលគាំទ្រសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នេះផងដែរ ដែលក្នុងនោះរួមមានដូចជាប្រទេសអ៊ីរ៉ង់ជាដើម ដែលដ្រូនប្រយុទ្ធរបស់ប្រទេសនេះកំពុងសម្លាប់ជនស៊ីវិលនិងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Crimea កំពុងជួយរុស្ស៊ីនៅក្នុងការវាយប្រហារដ៏ឃោរឃៅទាំងនេះ។
ក្រុមប្រទេស G-7 កំពុងផ្ដល់ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន ស្របពេលដែលរុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពលសំខាន់របស់អ៊ុយក្រែនប្រហែល ៤០% ដែលក្នុងនោះរួមមានទាំងបណ្ដាញអគ្គិសនីដែលជាផ្នែកសំខាន់បំផុតនៅក្នុងការផ្ដល់កម្ដៅនៅក្នុងរដូវរងាខាងមុខនេះផងដែរ។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ប្រធានាធិបតីរុស្ស៊ីលោក Putin ហាក់ដូចជាបានសម្រេចចិត្តថា ប្រសិនបើលោកមិនអាចដណ្ដើមគ្រប់គ្រងប្រទេសអ៊ុយក្រែនបានតាមរយៈការប្រើកម្លាំង លោកនឹងព្យាយាមធ្វើឱ្យប្រទេសអ៊ុយក្រែនគាំងដំណើររហូតព្រមទទួលយកការគ្រប់គ្រងរបស់រុស្ស៊ី»។
ក្រុមប្រទេស G-7 បានឯកភាពគ្នាបង្កើតក្រុមសម្របសម្រួលថ្មីមួយដើម្បីជួយជួសជុល ស្ដារ និងការពារបណ្ដាញថាមពលរបស់ប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា សមាជិកនីមួយៗនៃក្រុមប្រទេស G-7 កំពុងលះបង់ដើម្បីបន្តនិរន្តរភាពនៃការគាំទ្រដ៏សំខាន់នេះ។ ជាឧទាហរណ៍ សម្រាប់ផ្នែកថាមពល សហរដ្ឋអាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវចំនួន ៦០ ពាន់លានម៉ែត្រគូបទៅកាន់ទ្វីបអឺរ៉ុប។
លោក Blinken បានបញ្ជាក់ថា៖ «បរិមាណនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិកនេះមានចំនួនជិតពីរដងកន្លះនៃបរិមាណដែលសហរដ្ឋអាមេរិកបាននាំចេញកាលពីឆ្នាំ ២០២១ ហើយវានឹងផ្ដល់ជូនប្រទេសមិត្តភក្ដិរបស់សហរដ្ឋអាមេរិកនូវការបម្រុងទុកដ៏សំខាន់នៅពេលរដូវរងាឈានចូលមកដល់»។
បណ្ដាប្រទេសប្រជាធិបតេយ្យនាំមុខនានានៅលើពិភពលោកបន្តធ្វើការរួមគ្នាដើម្បីគាំទ្រនិងការពារប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសនេះប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕