តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បញ្ហាមួយដែលលេចឡើងពីអំពើឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន គឺសំណួរស្តីពីការផ្គត់ផ្គង់ថាមពល។ ប្រទេសរុស្ស៊ី ផ្គត់ផ្គង់ឧស្ម័នធម្មជាតិឱ្យប្រទេសអ៊ុយក្រែន តំបន់កណ្តាល តំបន់ខាងត្បូង និងប៉ែកខាងលិចនៃទ្វីបអឺរ៉ុប តាមរយៈបំពង់បង្ហូរដែលមានមួយចំនួនឆ្លងកាត់ប្រទេសអ៊ុយក្រែន។ នៅពេលដែលមានការបង្កើនខាងយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន និងក្នុងតំបន់ Crimea កាន់កាប់ដោយរុស្ស៊ី និងការត្រួតត្រាផ្នែកខ្លះនៃតំបន់ Donbas ដោយរុស្ស៊ីនៅមានតទៅទៀត រុស្ស៊ី ក៏កំពុងរំខានការប្រគល់ឧស្ម័នដែរ ដែលជាសកម្មភាពបង្ករឿងមួយដែលខ្លួនបានធ្វើកាលពីពាក់កណ្តាលឆ្នាំមុន។
ក្រុមប្រឹក្សាថាមពលសហរដ្ឋអាមេរិក-សហភាពអឺរ៉ុប បាននិយាយនៅក្នុងការប្រជុំរបស់ពួកគេកាលពីថ្ងៃទី៧ ខែកុម្ភៈថា៖ «ជាការមិនអាចទទួលយកបានទេចំពោះការប្រើការផ្គត់ផ្គង់ថាមពលជាអាវុធមួយ ឬជាអានុភាពខាងភូមិសាស្ត្រនយោបាយ»។ ដូច្នេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានយល់ស្របគ្នាម្តងទៀតថា ធ្វើការជាមួយគ្នាដើម្បីដោះស្រាយការគំរាមកំហែងណាមួយដល់ការផ្គត់ផ្គង់ថាមពលក្នុងសហភាពអឺរ៉ុប ឬតំបន់ជិតខាង។
ជាការពិត រុស្ស៊ី បានប្រើការឈប់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិជាការគំរាមកំហែងមួយកាលពីអតីតកាល។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា៖ «នៅពេលដែលរុស្ស៊ីឈប់ផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបដោយសារមានជម្លោះជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០០៩ មានមនុស្សស្លាប់ដោយសារធាតុអាកាសត្រជាក់»។
លោក Blinken បានមានប្រសាសន៍ថា៖ «នៅពេលមានការផ្អាកការផ្គត់ផ្គង់ថាមពល សេដ្ឋកិច្ច នឹងមានឱនភាព។ យើងប្តេជ្ញាបញ្ចៀសមិនឱ្យការណ៍នេះកើតមានទៀត និងសម្រាលផលប៉ះពាល់លើការផ្គត់ផ្គង់ថាមពល និងការបង់ខាត បើរុស្ស៊ីសម្រេចកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅអឺរ៉ុប»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «យើងកំពុងចាត់វិធានការដើម្បីធ្វើឱ្យប្រាកដថា ការផ្គត់ផ្គង់ថាមពលសាកលមិនត្រូវបង្អាក់ ដែលនេះជាការផ្តោតការយកចិត្តទុកដាក់សំខាន់មួយ បើរុស្ស៊ីសម្រេចយកឧស្ម័នធម្មជាតិធ្វើជាអាវុធដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទៅអឺរ៉ុបច្រើនជាងចំនួនដែលខ្លួនបានធ្វើហើយនោះ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «យើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលនិងពួកប្រទេសផលិតឧស្ម័នច្រើននៅទូទាំងពិភពលោកអំពីការបង្កើនការផលិត។ យើងធ្វើការសន្ទនាលម្អិតជាមួយពួកសម្ព័ន្ធមិត្តនិងក្រុមដៃគូយើង អំពីការសម្របសម្រួលការឆ្លើយតបរបស់យើង ដោយមានរួមបញ្ចូលការធ្វើបែបណាឱ្យបានប្រសើរបំផុតអំពីការប្រើថាមពលមានស្តុកទុកនៅពេលនេះរបស់ពួកគេ។ កិច្ចប្រឹងប្រែងទាំងនេះមានគោលដៅសម្រាលការឡើងថ្លៃយ៉ាងគំហុក និងធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប និងនៅទូទាំងពិភពលោកមានថាមពលដែលពួកគេត្រូវការ ទោះជារុស្ស៊ីសម្រេចធ្វើបែបណាក៏ដោយ»។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប គាំទ្រប្រទេសអ៊ុយក្រែនមួយដែលខ្លាំងនិងមិនទ្រុឌទ្រោម ហើយអាមេរិកនិងអឺរ៉ុបដឹងថា សន្តិសុខថាមពលមានសារៈសំខាន់ណាស់សម្រាប់ប្រទេសអ៊ុយក្រែនដែលអធិបតេយ្យ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «សន្តិសុខថាមពលមានជាប់ទាក់ទងដោយផ្ទាល់ជាមួយសន្តិសុខជាតិ សន្តិសុខតំបន់ និងសន្តិសុខសាកល។ អឺរ៉ុប ត្រូវការថាមពលទៀងទាត់ និងមានតម្លៃសមរម្យ ជាពិសេសនៅរដូវធ្លាក់ទឹកកក។ យើងកំពុងធ្វើការជាមួយគ្នា...ដើម្បីការពារការផ្គត់ផ្គង់ថាមពលនៅអឺរ៉ុបប្រឆាំងនឹងភាពច្របូកច្របល់ខាងការផ្គត់ផ្គង់ដោយមានរួមបញ្ចូលផលវិបាកដែលអាចមានពីការឈ្លានពានរបស់រុស្ស៊ីថែមទៀតប្រឆាំងនឹងអ៊ុយក្រែន»៕